ស្វាយរៀងៈ ស្វាយរៀង​ក្លាយជា​ខេត្ត​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ដំបូង​គេ​នៅ​កម្ពុជា ដោយសារ​ការប្ដេជ្ញា​របស់​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ដែល​ជោគជ័យ​នេះ​មានការ​ឧបត្ថម្ភ​ពី​អង្គការ​ដៃគូ​ផងដែរ​។ នេះ​បើតាម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​។

លោក​ សំ នីតូ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តស្វាយរៀង​ថ្លែង​នៅ​ថ្ងៃទី​ ២០ មករា​ថា ខេត្ត​ស្វាយរៀង​បានទទួល​ជោគជ័យ​ជា​ខេត្ត​ដំបូង​គេ​បង្អស់​ដែល​បញ្ឈប់​ការបន្ទោរបង់​ពាសវាល​ពាសកាល​។ ជោគជ័យ​នេះ​កើតឡើង​ដោយសារ ការប្តេជ្ញា​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​អង្គការ​ដៃគូ​ចូលរួម​គាំទ្រ​ផងដែរ ពិសេស​គឺ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​សំខាន់​យើង​ចុះ​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់​ពី​អនាម័យ​ជនបទ ជាពិសេស​ការសង់​បង្គន់​ឱ្យ​គាត់​ផ្លាស់ប្តូរ​ទម្លាប់​ការកាន់​ចប​ចូលក្នុង​ព្រៃ បត់​ដៃ​បត់ជើង ផ្តេសផ្តាស មក​យល់ដឹង​ពី​សុខភាព អនាម័យ​។ អ៊ីចឹង​ពលរដ្ឋ​យល់ដឹង​ច្រើន ហើយ​ភាគច្រើន​គឺ​គាត់​សង់​បង្គន់​ខ្លួនឯង​»​។ លោក​ប្រាប់ថា ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានផ្តល់​ជំនួយ​តាមរយៈ​អង្គការ IDE ដែល​ផ្តល់​ការឧបត្ថម្ភ​ធនធាន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ការធ្វើ​បង្គន់​អនាម័យ​។ អាជ្ញាធរ​បាន​ចុះ​ពន្យល់ ប្រជាជន​ឱ្យ​ផ្លាស់ប្តូរ​ទម្លាប់​បន្ទោបង់​ពាសវាល​ពាសកាល​។

លោក​ថ្លែងថា​៖ «IDE គាត់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ប្រភេទ​ក្រ​ ១ ១០ ម៉ឺន​រៀល​ក្នុង​ ១ ​គ្រួសារ និង​គ្រួសារ​ក្រ​ ២ ​ចំនួន​ ៨ ​ម៉ឺន​រៀល​ក្នុង​ ១ ​គ្រួសារ សម្រាប់ធ្វើ​បង្គន់​អនាម័យ​»​។

លោក​ សំ នីតូ ប្រាប់ថា មិនមែន​តែ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID ទេ​ដែល​ជួយ​ដល់​ខេត្តស្វាយរៀង គឺមាន​ប្រភព​ជំនួយ​ផ្សេងៗ​ជាច្រើន ទៀត​ដែល​ធ្វើឱ្យ​ការងារ​នេះ​ជោគជ័យ​។ ក្នុងនោះ​មាន​ UNICEF, WATERAID, Plan International CAMBODIA, ICC, IDE, CLEAR CAMBODIA, សន្តិសេនា​ (SSO), CHILD FUND CAMBODIA, ជនពិការ​កម្ពុជា​, ទឹកស្អាត​ 1001 និង​អង្គការ​មេគង្គ​ផ្លាស​កម្ពុជា​។

លោក​ប្រធាន​មន្ទីរ​ឱ្យដឹងថា តាម​ផែនការ​ថ្នាក់ជាតិ នៅ​ឆ្នាំ​ ២០២៥ ត្រូវ​សម្រេច​ឱ្យបាន​ជោគជ័យ​ក្នុង​កិច្ចការងារ​នេះ​។

លោក​ថា​៖ «​កូវីដ​ ១៩ ​មិនមែនជា​ការរាំងស្ទះ​នូវ​បញ្ហា​អនាម័យ​ជនបទ​ហ្នឹង​ទេ​។ វា​ទៅជា​ឱកាស​ដែល​វា​ជំរុញ​យើង​ឱ្យ​ធ្វើបាន​កាន់តែ​ខ្លាំងក្លា ជាពិសេស​អនាម័យ​លាងសម្អាត​ដៃ និង​ការចុះ​ណែនាំ​ឱ្យ​ពលរដ្ឋ​បាន​យល់​ពី​ប្រយោជន៍​នៃ​ការប្រើប្រាស់​បង្គន់​អនាម័យ​»​។

ក្រុមការងារ​ថ្នាក់ជាតិ មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ និង​អង្គការ​ដៃគូ​បាន​បង្កើត​គណៈកម្មការ​មួយ​ចុះមក​ផ្ទៀងផ្ទាត់​ខេត្តស្វាយរៀង បន្ទាប់ពី​ខេត្ត​នេះ​អះអាងថា ជា​ខេត្ត​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​បាន​ ១០០ ​ភាគរយ​នៅ​ថ្ងៃទី​ ៣០ ​តុលា ឆ្នាំ​ ២០២១​។ នេះ​បើតាម​លោក​ សំ នីតូ​។

លោក​ថា ក្រោយ​គណៈកម្មការ​ធ្វើការ​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃទី​ ១៤​ មករា ឆ្នាំ​ ២០២២ គណៈកម្មការ​បាន​ប្រកាស​ទទួលស្គាល់​ខេត្តស្វាយរៀង​ពិតជា​ស័ក្តិសម​ទទួលជោគជ័យ​ជា​ខេត្ត​ដំបូង​គេ ដែល​បញ្ឈប់​ការបន្ទោបង់​ពាសវាល​ពាសកាល​។

លោកស្រី ងួន សាត មេឃុំ​កណ្តៀង​រាយ​ថ្លែង​នា​ថ្ងៃទី​ ២០ មករា ថា តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញ​ពលរដ្ឋ​មាន​ចំនួន​តិចតួច​បន្ទោបង់​រួមគ្នា​។ ក្រោយមក ដោយសារ​មានការ​ផ្សព្វផ្សាយ​បន្តបន្ទាប់ ពលរដ្ឋ​មួយចំនួន​បាននិងកំពុង​ដំណើរការ​សាងសង់​បង្គន់​អនាម័យ​រៀងៗ​ខ្លួន​។ ចំពោះ​ការបន្ទោបង់​ក្រៅ​បង្គន់ គឺ​លែងមាន​ទៀតហើយ​។

លោកស្រី​ថ្លែងថា​៖ «​ឥឡូវ​ដើរ​តាមផ្លូវ ដើរ​តាម​ភូមិ​អី​ឯណា​ហ្នឹង​អត់​មាន​ធំក្លិន​អី​ទេ ឥឡូវ​សូម្បីតែ​កុមារ​អាយុ​ ២ ​ឆ្នាំ ក៏​មិន​បន្ទោបង់​ក្រៅ​បង្គន់​ដែរ​»​។

រីឯ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល​ក៏​សម្រេចបាន​ការបញ្ឈប់​ការបន្ទោរបង់​ពាសវាល​ពាសកាល ១០០ ​ភាគរយ​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​សុខភាព និង​អនាម័យ​ខ្ពស់ ហើយ​ងាក​មកប្រើប្រាស់​បង្គន់​អនាម័យ​វិញ​។ ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ផ្ទាល់ រួម​នឹង​ការវាយតម្លៃ​ស្ដីពី​ការបញ្ឈប់​ការបន្ទោបង់​ពាសវាល​ពាសកាល​ថ្នាក់ស្រុក ក្នុងស្រុក​ខ្សាច់កណ្ដាល នា​ថ្ងៃទី​ ២១ ​មករា លោក​ នុត ពុធតារា អភិបាលរង​ខេត្តកណ្តាល​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ក្នុងស្រុក​ខ្សាច់កណ្ដាល មាន​ការយល់ដឹង​ពី​សុខភាព​អនាម័យ​ខ្ពស់ និង​បាន​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ឬ​តាម​ទីសាធារណៈ​ផ្សេងៗ​ងាក​មក​ការប្រើប្រាស់​បង្គន់​អនាម័យ​បាន​ ១០០ ​ភាគរយ​»​។

លោក​ជំរុញ​អាជ្ញាធរ​ឱ្យ​ពិនិត្យ​បន្ថែមទៀត​លើ​បញ្ហា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្ទះ​លើទឹក និង​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព​សាងសង់​បង្គន់​អនាម័យ ដោយ​ត្រូវ​រក​ជំនួយ​ពី​អង្គការ​នានា ដើម្បី​ចូលរួម​កសាង​បង្គន់​ជូន​ពួកគាត់​។

លោក​ ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល​ថ្លែង​ក្នុង​ពិធី​នោះ​ថា ស្រុក​ខ្សាច់កណ្ដាល​ដែល​សម្រេចបាន​នូវ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ ១០០%​ នេះ គឺមាន​ជាង​ ៣​ ម៉ឺន​ខ្នង​ផ្ទះ​។ ក្នុងភូមិ​ចំនួន​ ៩៣ ភូមិ​ដែល​ប្រើប្រាស់​បង្គន់​ផ្ទាល់ខ្លួន​ជិត ​៣ ​ម៉ឺន​បង្គន់ និង បង្គន់​រួមគ្នា​ជាង​ ៦០០ ​បង្គន់​។

លោក​ ឈន ប៉េង ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ថ្លែង​នា​ថ្ងៃទី​ ២៣ មករា ថា ឃុំ​ដែល​លោក​កំពុង​រស់នៅ​មិនមាន​អ្នកណា​បន្ទោបង់​ពាសវាល​ពាសកាល​ទៀត​ទេ ព្រោះ​គ្រប់​ផ្ទះ​មាន​បង្គន់​អនាម័យ​គ្រប់ៗ​គ្នា ប៉ុន្តែ​មួយចំនួន​ដោយសារ​ការជំរុញ​ពី​កូនៗ​ដែល​បាន​ទៅធ្វើ​ការងារ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។

លោក​ថា​៖ «​ក្មេងៗ​ឥឡូវ​គេ​ទៅ​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ ហើយ​គេ​មិន​ធ្លាប់​បន្ទោបង់​តាម​ព្រៃ តាម​វាលស្រែ​ទេ​។ ​អ៊ីចឹង​ពេល​គេ​រកលុយ​បាន​ត្រឡប់មក​ស្រុក​វិញ គេ​តឿន​ឱ្យ​ម៉ែឪ បងប្អូន ធ្វើ​បង្គន់​ប្រើប្រាស់​គ្រប់ៗ​គ្នា​អ៊ីចឹងទៅ ទាំង​កូន​ខ្ញុំ កូន​គេ អីហ្នឹង​។ កាលពីមុន​អត់​ទេ មើល​តែ កន្លែង​ណា​ទំនង មាន​ព្រៃ​បាំង​តិចៗ ទៅ​ជុះ​ហើយ​»៕