ភ្នំពេញៈ អ្នកជំងឺ​ដែល​រកឃើញ​មាន​ឆ្លង​វីរុស​កូវីដ​ ១៩​ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង មិន​តម្រូវ​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៀតឡើយ ដោយ​អនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​នេះ​នៅ​គេហដ្ឋាន ឬ​ទីតាំង​ណាមួយ​ដែល​អ្នកជំងឺ​ជ្រើសរើស ក្រោយពី​ការតាមដាន​មួយរយៈ​ពី​ការវិវឌ្ឍ​នៃ​មេរោគ​នេះ​ឃើញថា ទោះ​វា​មានការ​ចម្លង​លឿន ប៉ុន្តែ​មិនមែន​ជា​ប្រភេទ​ជំងឺ​ដ៏គ្រោះថ្នាក់​។

សម្រាប់​អ្នកជំងឺ​ទាំងអស់​ដែល​អនុញ្ញាតឱ្យ​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​ហើយ មិន​មែន​មាន​សិទ្ធិ​ក្នុងការ​ដើរលេង​ ឬ​ចេញ​ក្រៅ​ផ្ទះ​តាមចិត្ត​នោះឡើយ​។ នេះ​ជា​សេចក្តីសម្រេច និង​បទបញ្ជា​តាមរយៈ​សារ​សំឡេង​ពិសេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​យប់​ថ្ងៃទី ​២១ ខែមករា​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​សម្រាប់​បងប្អូន​ខ្មែរ​យើង ទាំង​ខ្មែរ​មកពី​បរទេស និង​ខ្មែរ​នៅក្នុង​ស្រុក នៅពេល​ដែល​រកឃើញថា ឆ្លង​វីរុស​កូវីដ​ ១៩​ ជា​ប្រភេទ​អូមី​ក្រុង យើង​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​ដូចនឹង​ជំងឺ​កូវីដ-១៩​ប្រភេទ​ដែលតា​ និង​អាលហ្វា ដោយ​អនុវត្តតាម​បែបបទ នីតិវិធី​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​»​។

សម្រាប់​ជនបរទេស​ទាំងអស់​ដែល​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ហើយ​រកឃើញ​មាន​វិជ្ជមាន​កូវីដ​ ១៩ ទោះបីជា​ប្រភេទ​អូមីក្រុង​ ឬ​មិនមែន​ក៏ដោយ​អាច​អនុញ្ញាតឱ្យ​សម្រាក​ព្យាបាល​នៅតាម​សណ្ឋាគារ តាម​ស្ថានទូត ឬ​កន្លែង​ដែល​ពួកគាត់​ជ្រើសរើស​បាន​។ ដូច្នេះ​មិនមាន​ការចាំបាច់​យក​ជនបរទេស​ចូលទៅក្នុង​មន្ទីរពេទ្យ​ទេ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការជ្រើសរើស​របស់​ពួកគាត់​ផងដែរ​។

ក្នុងអំឡុង​ពេលដែល​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង​ដំបូង លោក​ ហ៊ុន សែន បាន​បញ្ជា​ដាច់ខាត​ដោយ​មិនឱ្យ​អ្នកជំងឺ​ប្រភេទ​អូមីក្រុង​សម្រាក​ព្យាបាល​នៅផ្ទះ​ ឬ​ទីតាំង​ផ្សេង ក្រៅពី​មន្ទីរពេទ្យ​ឡើយ​។ ប៉ុន្តែ​បន្ទាប់ពី​សង្កេត និង​តាមដាន​ឃើញថា ជំងឺ​នេះ​មិនមាន​សភាព​ធ្ងន់ធ្ងរ ទើប​លោក​បានសម្រេច​ជាថ្មី​ឱ្យ​អ្នកជំងឺ​ទាំងនេះ​អាច​សម្រាក​ព្យាបាល​ក្រៅ​មន្ទីរពេទ្យ​បាន​។

លោក​ ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​ក្នុងករណី​ដែល​មិនមាន​កន្លែង ឬ​ផ្ទះ​មិនអាច​សម្រាក​ព្យាបាល​បាន ពួកគេ​អាចមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​បាន​។ ជារួម​គឺ​អ្នកជំងឺ​កូវីដ​ប្រភេទ​អូមីក្រុង​នេះ មិន​តម្រូវឱ្យមាន​ការចូល​មន្ទីរពេទ្យ ត្រូវតែ​នៅ​មន្ទីរពេទ្យ​ដូចពេលមុន សម្រាប់​ជំងឺ​អូមីក្រុង​នេះ​ទេ​»​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានលើកឡើង តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា សម្រាប់​អ្នកដំណើរ​ចូល​បាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ ​១៩ អវិជ្ជមាន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើដំណើ​រ​ធម្មតា​។

លោក​បញ្ជាក់ថា សម្រាប់​អ្នកដំណើរ​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ពេញលេញ ត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​សុខភាព​។ មិនតែប៉ុណ្ណោះ​ក្នុង​ករណី​ទទួលបាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ​វិជ្ជមាន​ត្រូវយក​សំណាក​ធ្វើតេស្ត​ជាមួយ​ម៉ាស៊ីន​ធំ (PCR) បញ្ជាក់ និង​ការរក​ប្រភេទ​វីរុស ព្រមទាំង​ត្រូវ​ស្នាក់នៅ​ដាច់ដោយឡែក​ផងដែរ​។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់​​ថា​៖ «​អ្នកជំងឺ​ជា​ជនជាតិ​បរទេស និង​ជនជាតិខ្មែរ ដែល​អនុញ្ញាតឱ្យ​ព្យាបាល​នៅ​គេហដ្ឋាន ឬ​សណ្ឋាគារ ឬ​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​ទីកន្លែង ដែល​ពួកគាត់​ជ្រើសរើស ដូច​ករណី​អ្នកជំងឺ​កូវីដ​ ១៩ ប្រភេទ​អាលហ្វា ឬ​ដែលតា ត្រូវគោរព​តាម​នីតិវិធី ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​នៅតាម​ផ្ទះ​»​។

លោក​រដ្ឋមន្ត្រី​បន្តថា ប្រសិនបើ​មាន​កត្តា​ហានិភ័យ​សុខភាព អ្នកជំងឺ​អាចធ្វើ​ការជ្រើសរើស​ការព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋ ឬ​ឯកជន ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ ក្រសួង​សុខាភិបាល​បាន​ដាក់ឱ្យអនុវត្ត​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា សម្រាប់​គ្រប់គ្រង ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩ ​នៅតាម​ផ្ទះ​។ អ្នកជំងឺ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ផ្តោតលើ​ការធ្វើ​អនាម័យ ការទុកដាក់​សំណល់​ប្រើប្រាស់​របស់​អ្នក​ជំងឺ និង​កិច្ចសន្យា​យល់ព្រម​ធ្វើការ​ថែទាំ និង​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​នៅផ្ទះ​៕