តាកែវៈ មន្ត្រីនគរបាល​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយថា ភ្លើង​ឆេះ​ផលិតផល​ និង​វត្ថុធាតុដើម​រាប់សិប​តោន នៅក្នុង​ឃ្លាំង​ដ៏ធំ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប​របស់​ចិន​មួយ​ឈ្មោះ ​Outdoor Gear (Cambodia) Co.; Ltd ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ខាងកើត​ផ្លូវជាតិ​លេខ​ ៣​ ក្នុងភូមិ​ស្រងែ ឃុំ​ឧត្តមសូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ ប៉ុន្តែ​​គ្មាន​មនុស្ស​រងរបួស និង​ស្លាប់​នោះទេ​។

លោក សៅ សារុន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ករណី​គ្រោះ​អគ្គិភ័យ​នោះ​បាន​កើតឡើង​នៅវេលា ម៉ោង​ ១១: ៤៥ ​នាទី​ព្រឹក ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២២ ក្នុង​គ្រា​ដែល​បុគ្គលិក​កម្មករ​កំពុង​នាំគ្នា​ឈប់សម្រាក​ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការបំភ្លឺ​ពី​បុគ្គលិក​រដ្ឋបាល​រោងចក្រ គ្រោះ​អគ្គិភ័យ​នេះ អាច​បណ្ដាលមកពី​ករណី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​។ ទោះយ៉ាងណា គ្មាន​បុគ្គលិក កម្មករ​ណា​ម្នាក់​រងរបួស​ ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះឡើយ ព្រោះ​វា​បាន​កើតឡើង​ក្នុងអំឡុងពេល​បុគ្គលិក​កម្មករ ឈប់សម្រាក​ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​»​។

បើតាម​លោក​ សារុន នេះ​ជា​ករណី​គ្រោះ​អគ្គិភ័យ​ដំបូង​ដែល​បាន​កើតឡើង​សម្រាប់​ដើមឆ្នាំ​ ២០២២ នេះ​។

យ៉ាងណា​ក៏ដោយ លោក សេង ស៊ុនថន អធិការរង​ស្រុក​ត្រាំកក់​ទទួលបន្ទុក​ផ្នែក​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រោះអគ្គិភ័យ​នេះ​បាន​បង្ក​ការខូចខាត​ទាំងស្រុង​នូវ​សំណង់​អគារ​ឃ្លាំង​ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី​ទំហំ​ ៣៥ ​ម៉ែត្រ x ៤០ ​ម៉ែត្រ និង​ឆេះ​ខូចខាត​ផលិតផល និង​វត្ថុ​ធាតុដើម​នៅក្នុង​ឃ្លាំង​រួមមាន អាវ​ពោង​សម្រាប់​ហែល​ទឹក ​(drysuits) និង អាវ​សម្រាប់​មុជ​ក្នុង​ទឹក​(wetsuits) សរុប ២០០០ ​កាតុង​ស្នោ​អេប៉ុង ៥០ ​តោន សម្បក​កាតុង ១០ ​តោន ព្រមទាំង​ខូចខាត​មធ្យោបាយ​ដឹកជញ្ជូន និង​គ្រឿងចក្រ​មួយចំនួនទៀត រួម​មាន ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ងត៍ ១ ​គ្រឿង​រថយន្ត​កុងតឺន័រ​ ១​ គ្រឿង​ និង ម៉ូតូ ៤ ​គ្រឿង​។

ទិដ្ឋភាព​សមត្ថកិច្ច​ជួយ​ពន្លត់ភ្លើង​។ រូបថត នគរបាល

លោក​បាន​ថ្លែងថា​៖ «​មុនពេល​កម្លាំង​កង​ពន្លត់​អគ្គិភ័យ​ទៅដល់​បុគ្គលិក​កម្មករ​នៅក្នុង​រោងចក្រ​នេះ​បាន​ព្យាយាម​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ផលិតផល និង​វត្ថុធាតុ​ដើម​នៅក្នុង​ឃ្លាំង​សុទ្ធតែជា​របស់​ដែល​ងាយ​ឆេះ ទើប​ពួកគេ​មិនអាច​ពន្លត់​វា​បាន​។ យ៉ាងណា​សកម្មភាព​របស់​បុគ្គលិក កម្មករ​នៃ​រោងចក្រ​នេះ​បានបង្ហាញ​ពី​ការចូលរួម​យ៉ាង​ធំធេង​ក្នុង​ការទប់ស្កាត់​ការឆេះ​រាលដាល​នៃ​អគ្គិភ័យ​»​។

បើតាម​លោក ស៊ុនថន កម្លាំង​សមត្ថកិច្ច​កងពន្លត់​អគ្គិភ័យ​ទៅដល់​រោងចក្រ​នោះ ក្រោយ​ហេតុការណ៍​ភ្លើង​ឆេះ​ប្រមាណ​ ៣០ ​នាទី ដោយសារ​ស្ថានភាព​ផ្លូវ​។ ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​ ១៩ ​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​ ៥០០​ ម៉ែត្រគុប និង​ប្រើប្រាស់​ពេល​ប្រមាណ​ ៥ ​ម៉ោង​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​តាមរយៈ​ការសាកសួរ បុគ្គលិក​កម្មករ​នៅ​ទីនោះ សមត្ថកិច្ច​នគរបាល​ជំនាញ​យើង សន្និដ្ឋានថា គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាលមកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​»​។

ជុំវិញ​សេចក្ដី​សន្និដ្ឋាន​នេះ លោក អ៊ុង គួងហេង (Ong KoungHeng) ប្រធាន​រដ្ឋបាល​រោងចក្រ Outdoor Gear (Cambodia) Co.; Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​ជំហាន​បឋម លោក​ទទួលយក​នូវ​សេចក្ដីសន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ ប៉ុន្តែ​លោក​បានស្នើសុំ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​បន្ថែមទៀត​លើ​ករណីនេះ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អគ្គិភ័យ​នេះ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​យើងខ្ញុំ​ច្រើនណាស់​។ គ្រប់គ្នា​សុទ្ធតែ​មិនដឹង​ច្បាស់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ​។ យើង​មិន​ជំទាស់​ចំពោះ​សេចក្ដី​សន្និដ្ឋាន​របស់​មន្ត្រីនគរបាល​ជំនាញ​ទេ តែ​យើង​ចង់ឱ្យមាន​ការស្រាវជ្រាវ​បន្ថែមទៀត​លើ​ករណីនេះ​»​។

បើតាម​លោក​ គួងហេង រោងចក្រ Outdoor Gear (Cambodia) Co.; Ltd មកទល់ពេលនេះ រោងចក្រ​នៅ​មិនទាន់​មានការ​បូកសរុប​ទឹកប្រាក់​ដែល​ត្រូវ​ខាតបង់​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​។ រោងចក្រ​នេះ​មាន​កម្មករ កម្មការិនី​សរុប​ចំនួន ១ ៣៩៦ នាក់​៕

វីដេអូ៖