កំពង់ស្ពឺៈ កម្លាំង​នគរបាល​ការិយាល័យ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បង្ក្រាប​ចាប់​រថយន្ត ១ ​គ្រឿង​ដែល​បាន​ដឹក​កូន​គ្រែង​ប្រមាណ​ ១២​ តោន​ពី​ខេត្តកោះកុង ក្នុង​គោលដៅ​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ដោយ​គ្មាន​លិខិតអនុញ្ញាត​។

លោក ហេង សម្រេច ប្រធានការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ប្រតិបត្តិ​ការបង្ក្រាប​ចាប់​រថយន្ត​ដឹក​កូន​គ្រែង​អត់​ច្បាប់​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២២ នៅ​ចំណុច​ដងផ្លូវ​ជាតិ​លេខ​ ៤ ក្នុង​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​ ៧១-៧២ ស្ថិត​ក្នុងភូមិ​ក្រាំងភ្នៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន វត្ថុតាង​រថយន្ត​ដឹកទំនិញ ១​ គ្រឿង ម៉ាក Daewoo ពាក់​ស្លាក​លេខ កំពង់ធំ 3A 2312 និង​កូន​គ្រែង​ប្រមាណ​ ១២ ​តោន​ត្រូវបាន​បញ្ជូនទៅឱ្យ​មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​»​។

ជុំវិញ​ករណីនេះ​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា នៅពេលនេះ ក្រុមមន្ត្រី​ជំនាញ​កំពុង​សាកសួរ​បុរស​អ្នកបើកបរ​រថយន្ត​ដឹក​កូនគ្រែង​នោះ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​ទំនិញ ដើម្បីឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រូបនេះ​ថ្លែងថា​៖ «​ប៉ុន្តែ​មកទល់ពេលនេះ អ្នកបើកបរ​​រថយន្ត​ដឹក​កូនគ្រែង​នោះ នៅ​មិនទាន់​អាចទាក់ទង​ម្ចាស់​ទំនិញ​បាន​នៅឡើយ​ទេ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ចង្អៀត មិនអាច​ទាក់ទង​បាន​»​។

លោក តុលា ថ្លែងថា អ្នកបើកបរ​នឹងរង​ពិន័យ​អន្តរការណ៍ ប្រសិនបើ​រក​អត្តសញ្ញាណ​ម្ចាស់​ទំនិញ​ឱ្យ​ចេញមុខ​ទទួលខុសត្រូវ លើ​ករណី​នេះ​មិនបាន​ទេនោះ​។

លោក​បាន​បន្ថែមថា​៖ «​នៅពេលនេះ យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ទំនិញ [​កូន​គ្រែង​] ​ទាំងនេះ ជា​កម្មសិទ្ធិ​របស់​អ្នកបើកបរ​រថយន្ត ឬ​ជា​កម្មសិទ្ធិ​អ្នកផ្សេង​នោះទេ​។ បើសិនជា​ទំនិញ​ទាំងនេះ​ជា​កម្មសិទ្ធិ​របស់​អ្នកបើកបរ​រថយន្ត គឺ​ទំនិញ​នោះ ពិតជា​អត់​ច្បាប់ ប៉ុន្តែ​បើ​វា​ជា​របស់​អ្នកផ្សេង ហើយ​មានច្បាប់​វិញ គឺ​មិន​រង​ការពិន័យ​អ្វី​ទេ សូម​តែ​បង្ហាញ​នូវ​ឯកសារ​ពាក់ព័ន្ធ​មកជា​ការ​ស្រេច ហើយ​យើង​នឹង​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​»​។

លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា ទោះយ៉ាងណា​សមត្ថកិច្ច​ជំនាញ​នឹងមិន​ទទួលខុសត្រូវ​ពី​ការខាតបង់​ក្នុង​ប្រការ​ណាមួយ​ឡើយ ក្នុងករណី​យឺតយ៉ាវ​ក្នុងការ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ព្រោះ​កូន​គ្រែង​ទាំងនេះ វា​អាច​ងាប់​បាន នៅពេល​ច្រក​បាវ​ហប់​យូរថ្ងៃ​ពេក​។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៅពេល​ឃាត់​ត្រួតពិនិត្យ​​រថយន្ត​ដឹក​កូនគ្រែង​នោះ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ឃាង សុខា អាយុ ៤១ ​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំងត្រស់ ឃុំ​សំរោងទង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ មិនបាន​បង្ហាញ​លិខិត​អនុញ្ញាត​ណាមួយ​ដែល​ចេញ​ដោយ​សមត្ថកិច្ច​ជំនាញ​នោះទេ គ្រាន់តែ​ប្រាប់ថា ម្ចាស់​ទំនិញ​បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​គាត់​ទៅ​ប្រមូល​ដឹកជញ្ជូន​កូនគ្រែង​ទាំង​នោះ​ចេញពី​ចំណុច​កំពង់ផែ​កែវផុស ស្រុកស្រែ​អំបិល ខេត្តកោះកុង ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដា ខេត្ត​ត្បូងឃ្មុំ​៕