ភ្នំពេញៈ ក្រសួង​សុខា​ភិបាល ក្រើន​រំលឹក​ឱ្យ​ប្រជា​ពលរដ្ឋ​ មាន​ការការពារ​ខ្លួន ពីការ​ចម្លង​ជំងឺកូវីដ​១៩ ជំងឺ​ផ្តា​សាយ​បក្សី និង​ការ​បង្ការ​ការពុល​ចំណី​អាហារ ឬ ពុល​ស្រា ក្នុង​ឱកាស​រៀប​ចំសែន​ដូន​តា ពេល​​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នា​ពេល​ខាង​មុខ​។

សេច​ក្តី​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ចុះថ្ងៃទី​ ២៤ មករា បាន​ឱ្យដឹង​ថា ជារៀង​រាល់​ឆ្នាំ ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​ប្រារព្ធ​ពិធី​សែន​ដូន​តាផ្សេ​ងៗ ដែល​មាន​ការ​ទិញ​ទំនិញ និង​ចរាចរ​នូវ​បសុបក្សី​ច្រើន ដែល​អាច​មាន​ហានិ​ភ័យ​នៃការ​ចម្លង​នូវវីរុស​ផ្ដាសា​យបក្សី ​ដែល​មាន នៅ​លើ​សត្វ និង​នៅក្នុង​បរិស្ថាន មក​មនុស្ស​បាន​គ្រប់​ពេល​វេលា ប្រសិន​បើមិ​ន​មាន​ការ​ង្ការ​បាន​ត្រឹម​ត្រូវ​ទេ​នោះ​។

ម្យ៉ាង​វិញ​ទៀត ក្រសួង បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ជំងឺ​ដង្កាត់​ផ្សេងៗ និង​ការពុល​ចំណី​អាហា​រ​ ឬ ពុល​ស្រា ស ក៏​តែង​តែ​សង្កេត​ឃើញ​កើត​មាន​ឡើង នៅ​តាម តំបន់ ឬ​ទីតាំង​មួយ​ចំនួន​ នៅក្នុង​ប្រទេស​ ដែល​យើង​ទាំង​អស់​គ្នាត្រូ​វ​បង្កើន​​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​បុគ្គល​ម្នាក់ៗ ត្រូវ​ខិតខំ​ថែរក្សា​ការពារ​សុខ​ភាព​ឱ្យ​បាន​ល្អប្រសើរ​នៅគ្រប់​កាលៈ​ទេសៈ​។

បន្ថែម​ពី​នេះ ក្រសួង​នៅតែ​បារម្ភ​ចំពោះ​ស្ថាន​ភាព​នៃការ​ចម្លង​វីរុស​កូវីដ​១៩ ជាពិសេស​ពពួក​អូមីក្រុង ដែល​កំពុង​តែច​រាចរ​យ៉ាង​សកម្ម​ នៅ​តាម​បណ្ដា​ប្រទេស​នានា​លើស​កលលោក​ ហើយ​កម្ពុជា បានរក​ឃើញ​​​ជា​បន្តបន្ទាប់​នូវ​ករណ៍​វិជ្ជ​មាន​វីរុស​កូវីដ​១៩ ​ជា​ពិ​សេស អូមី​ក្រុង ។ ដូច្នេះ ក្រសួង តម្រូវ​ឱ្យ​ ប្រជា​ពលរដ្ឋ​ទាំង​អស់​ បន្តការ​យក​ចិត្ត​ទុក​ដាក់​ការពារ​ខ្លួន​ឱ្យ​បា​នហ្មត់​ចត់​ជាប់​ជានិច្ច បើទោះ​កម្ពុជា បាន​គ្រប់​គ្រង​​ទប់ស្កាត់​ស្ថាន​ភាព​ឆ្លង​រាល​ដាល​បាន​ល្អប្រ​សើរ​ក៏ដោយ។

ក្រសួង​បាន​បញ្ជាក់​ថា៖​«ក្រសួង​សុខា​ភិបាល សូម​លើក​ទឹក​ចិត្ត​​ឱ្យប្រជាជន​ទូទៅ​ អនុវត្ត​តាម​ដំបូន្មាន​សាមញ្ញ ដើ​ម្បី​ការ​ពា​រខ្លួន និង​ក្រុម​គ្រួសារ និង​សូម​ជូន​ពរ​ឱ្យ​បុគ្គល​គ្រប់​រូបទាំង​អស់​គ្នាជួប​នូវ​សុខ​ភាព​ល្អ និង​ចៀស​ផុត​នូវជំ​ងឺ​កូវីដ​​១៩ និង​ជំងឺ ដង្កាត់​ផ្សេង​ៗ​»។

គិត​ត្រឹម​ថ្ងៃទី ២៣ មករា កម្ពុជា មាន​ឆ្លង​ជំងឺ​កូវីដ ១៩ ជាង ១២ ម៉ឺន​ករណី ក្នុង​នោះ​ករណីឆ្ល​ង​វីរុស​ប្រភេទ​អូមី​ក្រុង សរុបចំនួន​ ១៨៩ ករណី ខណៈ​ជំងឺ​កូវី​ដ​ ១៩ បា​ន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជាង​ ៣ ០០០ នាក់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​ នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ប្រភេទ​ថ្មី អូមី​ក្រុង​នៅ​ឡើយ​ទេ៕