ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​សន្យាថា​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​ប្រសើរឡើង​ ជាពិសេស​​កិច្ចសហការ​លើ​វិស័យ​សិទ្ធិមនុស្ស ខណៈ​ភាគី​ទាំង​​ ២ ​យល់ស្រប​ថា បញ្ហា​នេះ​ទាមទារ​ឱ្យ​​មានការ​យកចិត្តទុកដាក់​ខ្ពស់​។

បញ្ហា​សិទ្ធិមនុស្ស​នេះ​ត្រូវ​បានលើកឡើង​នៅក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ទទួល​ជួប​សន្ទនា​លើកដំបូង​ជាមួយ​លោក ហ្សាក់ ប៉ឺឡែ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា លោកស្រី ម៉ិញ ឌីតាំង ប្រធាន​ផ្នែក​អាស៊ីអាគ្នេយ៍​នៃ​ក្រសួងការបរទេស​បារាំង និង​លោក ហ៊ូហ្គូ វ៉ាវរីន លេខា​ទី​ ១ ​ស្ថានទូត​បារាំង​ពីថ្ងៃ​​ទី​ ២១ ខែមករា ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ស្តីពី​ជំនួប​នោះបាន​ឱ្យ​​ដឹងថា ភាគី​ទាំង​ ២ បាន​ជជែក​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​​ចំនួន​ ៣ ​រួមមាន ១- ​បញ្ហា​ទាក់ទង​​នឹង​សិទ្ធិមនុស្ស ២- ​បេសកកម្ម​ការងារ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ និង​ប្រធានបទ​ទី​ ៣- ​អំពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (ECCC)​។

នាឱកាស​នោះ លោក កែវ រ៉េមី បាន​ជម្រាបជូន​ពី​វឌ្ឍនភាព​ដ៏ប្រសើរ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩​។ ​លោក​បាន​ជម្រាប​ផងដែរ​​នូវ​បេសកកម្ម​ការងារ និង​ស្នាដៃ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក្នុង​ការងារ​សរសេរ​របាយការណ៍​ជាតិ​សិទ្ធិមនុស្ស ការងារ​ស៊ើបអង្កេត យន្តការ​ទទួល​ និង​ដោះស្រាយ​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​ការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដោយ​មិន​គិតថ្លៃ​។

បន្ថែម​ពីនេះ​លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់លោក​ដែរ​ថា​៖ «​អគ្គរដ្ឋទូត​បារាំង​មាន​ជំនាញ​យ៉ាងច្បាស់​លាស់​ក្នុង​វិស័យ​សិទ្ធិមនុស្ស និយាយ​មក​យល់​គ្នា​ភ្លាម​ថា ការងារ​សិទ្ធិមនុស្ស​មិនមែនជា​ការងាយស្រួល​នោះទេ ប្រទេស​ណា​ក៏​​មាន​បញ្ហា​សិទ្ធិមនុស្ស​ដែរ​»​។

ដោយឡែក​ពាក់ព័ន្ធ​សាលាក្តី​ខ្មែរក្រហម​វិញ​លោក កែវ រ៉េមី បាន​ជម្រាបជូន​នូវ​សមិទ្ធផល និង​ជោគជ័យ​ធំៗ​ចំនួន​ ៥ ​គួរឱ្យ​កត់សម្គាល់​របស់​សាលាក្តី​កូនកាត់​មួយ​នេះ ទី​ ១- ​បាន​ក្លាយជា​តុលាការ​អន្តរជាតិ​គំរូ​ដែល​ប្រទេស​មួយចំនួន​កំពុង​រៀនសូត្រ​តាម​រួមមាន បង់ក្លាដែស កេនយ៉ា សេណេហ្គាល់ ស្រីលង្កា និង​អាហ្វ្រិក​កណ្ដាល​។

២- ​ជា​តុលាការអន្តរជាតិ​ដែល​ប្រើប្រាស់​ថវិកា​តិចជាងគេ​ (​ជាង​ ២០​ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​បើ​ធៀប​ទៅ​តុលាការ​អន្តរជាតិ​ផ្សេងទៀត​បាន​ប្រើប្រាស់​ថវិកា​ ១០០ ​លាន​ដុល្លា​ក្នុង​ ១ ​ឆ្នាំ​។

៣- ​ជា​តុលា​ការដែល​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ស្ដាប់​សវនាការ​ពី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​ចំនួន​ច្រើនជាងគេ​។ ​៤- ​បាន​បន្សល់​នូវ​កេរដំណែល​សម្រាប់​ការបង្កើត​នូវ​រដ្ឋបាល​តុលាការ​​នៃ​ប្រព័ន្ធតុលាការ​គ្រប់​ជាន់ថ្នាក់​នៅ​កម្ពុជា និង​ទី​ ៥- ​ដំណើរការ​តុលាការ​នេះ​បានបង្ហាញ​នូវ​ភាពម្ចាស់ការ​ និង​ការដឹកនាំ​របស់​កម្ពុជា​ដែល​នាំមក​នូវ​ការបង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ និង​អធិបតេយ្យ​ជាតិ​។

នៅក្នុង​ជំនួប​នោះដែរ លោក ហ្សាក់ ប៉ឺឡែ ឯកអគ្គរដ្ឋទូត​បារាំង​​ប្រចាំ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​បេសកកម្ម​ការងារ​របស់​​ខ្លួន​នាពេល​កន្លងមក ដោយ​ទទួលបាន​សមិទ្ធផល​ជាច្រើន​។ ​នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក​បាន​លើកឡើងថា ការងារ​សិទ្ធិមនុស្ស​គឺជា​ការងារ​មួយ​ដែលមាន​ការពាក់ព័ន្ធ​ជា​អន្តរវិស័យ​ និង​មិនមាន​ភាព​ងាយស្រួល​នោះទេ ដែល​ទាមទារ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​។

ជាមួយ​នេះដែរ លោក ហ្សាក់ ប៉ឺឡែ រំពឹងថា នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​ប្រសើរឡើង​ថែមទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​បារាំង​ក្នុង​វិស័យ​សិទ្ធិមនុស្ស​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែងថា​នេះ​ជា​ជំហាន​ល្អ​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​ និង​ស្ថានទូត​បារាំង​បើក​កិច្ចសហការ​ ដើម្បី​កែលម្អ​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​ថា​៖ «​យើង​ឃើញថា​ប្រទេស​បារាំង​ក៏មាន​ការយកចិត្ត​ទុកដាក់​ និង​តាមដាន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហើយ​កន្លងមក​ក៏មាន​ការរិះគន់​ច្រើន​ដែរ​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​​ដែលមាន​ការធ្លាក់ចុះ​យ៉ាង​គំហុក​រហូតមកទល់​ពេលនេះ​មិន​ទាន់​មាន​ការវិវត្ត​មករក​ភាពល្អប្រសើរ​នៅឡើយ​»​។

លោក​បាន​បញ្ជាក់ថា បញ្ហា​សិទ្ធិមនុស្ស​គឺ​រឿង​ស្មុគស្មាញ​មួយ​សម្រាប់​កម្ពុជា​ដែល​ទាមទារ​ឱ្យមាន​ការស្ដារ​ និង​លើកកម្ពស់​ឡើងវិញ ព្រោះ​បញ្ហា​ស្តារ​សិទ្ធិមនុស្ស ក៏ដូចជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ដែរ​ដែល​បញ្ហា​ ២ ​នេះ​ប្រទាក់ក្រឡា​គ្នា​៕