ភ្នំពេញៈ ស្ត្រី​កងទ័ព​មួក​ខៀវ​កម្ពុជា​វ័យក្មេង​ចំនួន​ ២១ ​នាក់​បានទទួល​សញ្ញាបត្រ​ភាសា​បារាំង​ បន្ទាប់ពី​សិក្សា​រយៈពេល​ ២ ​ឆ្នាំ​។ ​ពួកគេ​នឹង​ចាកចេញ​ទៅ​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅតាម​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​។

ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) នា​ថ្ងៃទី​ ២០ ខែមករា​។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២១ ខែមករា​ថា​៖ «​ស្ត្រី​យោធា​កម្ពុជា​ចំនួន ​២១ ​នាក់​បានទទួល​សញ្ញាបត្រ​ដែល​ប្រគល់ជូន​ដោយ​ឯកឧត្តម ហ្សាក់ ប៉ឺឡែ ​(Jacques Pellet) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល NPMEC បន្ទាប់ពី​វគ្គ​សិក្សា​រយៈពេល ​២ ​ឆ្នាំ​»​។

ស្ថានទូត​បារាំង​នៅ​កម្ពុជា​បញ្ជាក់ថា​ស្ត្រី​យោធា​ចំនួន​ ២១ ​នាក់​នេះ​នឹង​ចាកចេញ​ទៅ​បំពេញការងារ​ជាមួយ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញ​ការងារ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅតាម​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​ដូចជា​ម៉ាលី អាហ្វ្រិក និង​លីបង់​។​ល​។

ស្ថានទូត​បារាំង​បញ្ជាក់ថា​៖ «​សូម​អបអរសាទរ​ដល់​ស្ត្រី​យោធា​វ័យក្មេង​ដែល​បានទទួល​សញ្ញាបត្រ​!»​។

លោក ​សែម សុវណ្ណនី មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​នា​ថ្ងៃទី​ ២៣ ខែមករា​។

NPMEC ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២០ ខែមករា ថា​លោក​ Jacques Pellet បាន​វាយតម្លៃ​ខ្ពស់​សម្រាប់​កម្ពុជា​ក្នុងការ​បញ្ជូន​កម្លាំង​នារី​ចូលរួម​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ដែលមាន​កម្រិត​ចំនួន​លើសពី​ការស្នើសុំ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។

NPMEC​ បញ្ជាក់ថា​៖ «​ការវាយតម្លៃ​ខ្ពស់​ប្រកបដោយ​ក្តីមោទនភាព​ចំពោះ​ឆន្ទៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ច​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ពិសេស​ការលើកកម្ពស់​នារី​ក្នុង​តំបន់​បេសកកម្ម​ដែល​កម្ពុជា​បាន​ធ្វើឡើង​កន្លងទៅនេះ​ត្រូវបាន​លើកឡើង​ដោយ​លោក ​Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​អញ្ជើញ​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​ភាសា​បារាំង​នា​ថ្ងៃទី​ ២០​ មករា​ ២០២២​ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​»​។

ក្នុង​ពិធី​ត្រួតពិនិត្យ​សំណង់​អគារ​កម្ពស់​ ១៨ ​ជាន់​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​សំណេះសំណាល​ជាមួយ​ទ័ព​មួក​ខៀវ​ត្រៀម​បញ្ជូន​បំពេញបេសកកម្ម​នៅ​ប្រទេស​លីបង់​ និង​អាហ្វ្រិក​កណ្តាល​កាលពី​ថ្ងៃទី ​៦ ខែមករា លោក​ សែម សុវណ្ណនី បាន​ថ្លែងថា​ក្នុង​រយៈពេល​​ ១៦ ​ឆ្នាំនេះ​គិត​ចាប់ពី​ឆ្នាំ​ ២០០៦​ រហូតមកដល់​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន​ជិត ៧ ៩០០ ​នាក់​ក្នុងនោះ​មាន​នារី​ចំនួន​ជាង​ ៥០០​ នាក់​ទៅកាន់​បេសកកម្ម​ចំនួន​ ១១ ​ក្នុងប្រទេស​ចំនួន​ ៩ ​រួមមាន​ស៊ូដង់ ឆាដ ស៊ូដង់​ខាងត្បូង លីបង់ ស៊ីប ស៊ីរី ម៉ាលី អាហ្វ្រិក​កណ្តាល និង យេម៉ែន​។

លោក​បាន​ថ្លែងថា នៅក្នុង​ឆ្នាំ ​២០២១ និង​ឆ្នាំ​ ២០២២ ​នេះ​កម្ពុ​ជាមាន​កងទ័ព​មួក​ខៀវ​ចំនួន​ជិត​ ៨០០ ​នាក់​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​ចំនួន​ ៤ ​រួមមាន​ប្រទេស​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ចំនួន​នេះ​បានធ្វើឱ្យ​កម្ពុជា​ទទួលបាន​លំដាប់​លេខ​ទី​ ១៣ ​លើ​ ១២២ ​ប្រទេស​បរិច្ចាគ​កម្លាំង​ និង​លេខ​ ២​ ក្នុង​អាស៊ាន ​ខណៈ​ការបញ្ជូន​កម្លាំង​មួក​ខៀវ​នារី​កម្ពុជា​នា​ឆ្នាំ​ ២០២១ ​នេះ​ជា​កម្លាំង​អាវុធហត្ថ​ទៅកាន់​បេសកកម្ម​ស៊ូដង់​ខាងត្បូង​មាន​ ៤៦​ ភាគរយ​ការបញ្ជូន​កម្លាំង​មួកខៀវ​នារី​កម្ពុជា​ជា​វិស្វកម្ម​ទៅកាន់​បេសកកម្ម​លីបង់​មាន​ ១៦ ​ភាគរយ​ហើយ​ការចូលរួម​របស់​នារី​មួក​ខៀវ​ជា​នាយទាហាន​សេនាធិការ​ និង​សង្កេតការណ៍​មាន​ ២១ ​ភាគរយ​លើសពី​ផែនការ​កំណត់​របស់​អង្គការ​សហប្រជាជាតិ​ដែល​បានកំណត់​ត្រឹម​ ១៥​ ភាគរយ​»៕