ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បង្ហាញ​គន្លឹះ ៧ ​យ៉ាង ដើម្បី​ការពារ​សុវត្ថិភាព​កុំព្យូទ័រ បង្ការ​កុំឱ្យ​មាន​ក្រុមចោរ (Hackers) លួច​ចូលទៅ​គ្រប់គ្រង​ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ផ្សេងៗ​នៅលើ​កុំព្យូទ័រ​របស់លោក​អ្នក​ដូចជា ការ​ជំរិត​ទារប្រាក់ ឬ​ការបញ្ជាទិញ​ទំនិញ​ខុសច្បាប់​ជាដើម​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹងថា ខណៈពេលដែល​កុំព្យូទ័រ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួល​ការងារ​ទូទៅ​រាប់បញ្ចូល​ទាំង​ការសិក្សា​ស្រាវជ្រាវ កុំព្យូទ័រ​ក៏​អាច​បំផ្លាញ​យើង​បាន​ផងដែរ ព្រោះ​កុំព្យូទ័រ​ដែល​តភ្ជាប់​ជាមួយ​អ៊ីនធឺណិត​អាច​នឹង​ងាយ​ត្រូវគេ​លួច​ (Hack) ចូលទៅ​គ្រប់គ្រង​ប្រសិនបើ​ពុំ​យល់ដឹង​អំពី​វិធីសាស្ត្រ​ការពារ​វា​។

នាយកដ្ឋាន​នេះ​បញ្ជាក់ថា នៅ​ជុំវិញ​ពិភពលោក​មាន​កុំព្យូទ័រ​ជាច្រើន​ដែល​ត្រូវបាន​ក្រុមចោរ (Hackers) លួច​ចូលទៅ​គ្រប់គ្រង ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ផ្សេងៗ ដូចជា ការ​ជំរិត​ទារប្រាក់ និង​ការបញ្ជាទិញ​ទំនិញ​ខុសច្បាប់​។ ដើម្បី​ការពារ​បញ្ហា​ចោរលួច​តាមរយៈ​បច្ចេកវិទ្យា​នេះ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​ចែករំលែក​នូវ​គន្លឹះ​សំខាន់ៗ ៧ ​យ៉ាង សម្រាប់​ការពារ​សុវត្ថិភាព​កុំព្យូទ័រ ដែល​គន្លឹះ​ទាំងនោះ​មាន​ដូចខាងក្រោម​៖

១- ប្រើប្រាស់ Firewall៖ Firewall គឺជា​រនាំង​ការពារ​រវាង​កុំព្យូទ័រ នឹង​អ៊ីនធឺណិត​។ គ្រប់យ៉ាង​ដែល ចេញ-ចូល កុំព្យូទ័រ​របស់​អ្នក​ត្រូវ​ឆ្លងកាត់ Firewall​។ ប្រសិនបើ​មាន Files មេរោគ​ណាមួយ​ដែល​ព្យាយាម​ចូលមកក្នុង​កុំព្យូទ័រ​របស់​អ្នកនោះ firewall នឹងត្រូវ​បាន​ធ្វើការ​រារាំង​ភ្លាមៗ​មិន​អនុញ្ញាត​ឱ្យ​ចូលក្នុង​កុំព្យូទ័រ​បានទេ​។

២- Update System and Software៖ ផ្នែក​ទន់ និង​ប្រព័ន្ធ​ខាងក្នុង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​នីមួយៗ​តែងតែ​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​កម្មវិធីរ​បស់​ពួកគេ​ជាប្រចាំ ដើម្បី​ការពារ​សុវត្ថិភាព ដូច្នេះ​លោកអ្នក​គួរ​ធ្វើ​បច្ចុប្បន្នភាព (update operating system and software) ​ឱ្យបាន​ទៀងទាត់ រៀងរាល់​ពេលដែល​ក្រុមហ៊ុន​ធ្វើការ update new versions​។

៣- Avoid “Free” Security Scans៖ លោកអ្នក​ពុំគួរ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ដាក់ឱ្យ download free នៅលើ​គេហទំព័រ (Website) ណាមួយ​ឡើយ ពីព្រោះ​គេហទំព័រ​នោះ​អាចដាក់​បង្កប់​នូវ link ដែលមាន​មេរោគ​។

៤- Download Carefully៖ លោកអ្នក​ពុំគួរ​ធ្វើការ​ទាញយក​កម្មវិធី​កុំព្យូទ័រ (download programs) ​ពី​គេហទំព័រ​ (Website) ណាមួយ ដែល​លោកអ្នក​ពុំ​ស្គាល់​ច្បាស់​នោះទេ​។ ម្យ៉ាងទៀត ពុំគួរ​ទាញយក (download) នូវ ឯកសារ​វីដេអូ (files videos) ឬ​បទចម្រៀង ដែល​ជនអនាមិក​ផ្ញើ​មកឱ្យ​អ្នក​នោះទេ ព្រោះថា ក្នុង files នោះ អាច​បង្កប់​នូវ​មេរោគ​។

៥- Install Reputable Security Software៖ គួរប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ (Anti-Virus និង anti-spyware software) ដើម្បី​កម្ចាត់ និង​ទប់ស្កាត់ មេរោគ​ដែល​បង្កប់​នៅក្នុង​ឯកសារ​សារ​អេឡិចត្រូនិក (Email ឬ attachments to emails) និង​ស្ថិតនៅក្នុង​កម្មវិធី​ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ ឬ​នៅលើ​គេហទំព័រ (Website)​។ ប្រសិនបើ​កុំព្យូទ័រ​លោកអ្នក​បាន​ដំឡើង (install) កម្មវិធី​កម្ចាត់​មេរោគ (anti-virus & anti-spyware software) រួចរាល់​ហើយ នោះ​មេរោគ​ដែល​បង្កប់ខ្លួន​ដូច​បាន​រៀបរាប់​ខាងលើ​នឹង​មិនអាច​ជ្រៀត​ចូលមកក្នុង​កុំព្យូទ័រ​របស់លោក​អ្នក​បានឡើយ​។

៦- Backup Important Data៖ លោកអ្នក​គួរប្រើ​ប្រាស់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចល័ត (external hard drive) ​ដើម្បី​ថតចម្លង (copy) ឯកសារ ទិន្នន័យ​សំខាន់ៗ​នៅលើ​កុំព្យូទ័រ​របស់លោក​អ្នក​រក្សាទុក ដើម្បី​ការពារ​ពី​ការលួច​របស់ hackers​។ ពីព្រោះ​ទោះបីជា​យ៉ាងណា​ប្រព័ន្ធ​ការពារ​ទាំងអស់​នៅតែ​មិនអាច​ធានាបាន​សុវត្ថិភាព ១០០ ​ភាគរយ​នោះទេ​។

៧- Use a pop-up Blockers៖ លោកអ្នក​ពុំគួរ​ចុច​តំណភ្ជាប់ (link) ឬ​បើក​ឯកសារ​ភ្ជាប់​មកជា​មួយ​សារ​អេឡិចត្រូនិក (attachment in emails) ដែល​ពុំ​ស្គាល់​ច្បាស់លាស់​នោះទេ ទោះបីជា​សារ​អេឡិចត្រូនិក​នោះ​ផ្ញើ​មកពី​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​លោកអ្នក​ក៏ដោយ ពីព្រោះ link & file ក្នុង email ដែល​លោកអ្នក​មិន​ស្គាល់​នោះ​អាចជា​មេរោគ​ដែល hackers បាន​លួច​ដាក់​បង្កប់​មក​ជាមួយ​ក្នុងករណី​ដែល​ពួកវា​បាន​លួច​ចូល​គ្រប់គ្រង​គណនី​សារ​អេឡិចត្រូនិក (email account) របស់​ពួកគាត់​ (​អ្នក​ផ្ញើ Sender)​។

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែមករា​ថា ចំណុច​ខាងលើនេះ​ជា​ចំណុច​សំខាន់​រួចរាល់​ទៅហើយ​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ ដែលជា​របស់​ផ្ទាល់ខ្លួន (personal computer) និង​របស់​ស្ថាប័ន (organizational computer) ប៉ុន្តែ​លោក​នៅមាន​ការណែនាំ​បន្ថែម​ ៣ ​ចំណុច​ផ្សេងទៀត​។

លោក​ប្រាប់ថា ចំណុច​ទី ​១ ​គឺ ត្រូវ​ចាក់សោ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​ពាក្យ​សម្ងាត់​រឹងមាំ​ (strong password)​។ ពាក្យ​សម្ងាត់​មិនត្រូវ​ចែករំលែក​ទៅ​អ្នកផ្សេង និង​មិនត្រូវ​ប្រើពាក្យ​សម្ងាត់​តែមួយ​នោះទេ​ (one password for all)​។ ប្រើប្រាស់ Password Manager ដើម្បី​គ្រប់គ្រង​ពាក្យ​សម្ងាត់​។ ទី​ ២ ​គឺ មិនត្រូវ​ទុក​កុំព្យូទ័រ​ដោយ​មិនបាន​ចាក់សោ​ (lock screen) ឬ​ដើរចោល​កុំព្យូទ័រ​នោះទេ​ (leave computer unattended)​។ លោក​ថ្លែងថា​៖ «​បើក​មុខងារ​ចាក់សោ​ដោយ​ស្វ័យប្រវត្តិ ដោយ​កំណត់​ចំនួន​ថេរវេលា​ណាមួយ​ (auto lock screen)​។ បើ​យើង​ជា​គោលដៅ​នៃ​ការវាយប្រហារ ឧក្រិដ្ឋជន​បាន​សិក្សា​ពី​យើង​ ឬ​ពួកគេ​បាន​ព្យាយាម​ចូល​កុំព្យូទ័រ​របស់​យើង​ពី​ចម្ងាយ តែ​មិនបាន​សម្រេច​។ ដូច្នេះ ការ​លួច​យក​កុំព្យូទ័រ​នៅពេល​យើង​ប្រហែស អាច​កើតមាន​»​។ ចំណុច​ទី​ ៣ គឺ​មិនគួរ​អនុញ្ញាតឱ្យ​មាន​ការដោត USB ដែល​យើង​មិន​ស្គាល់​នោះទេ​ បើទោះបី USB ជា​អង្គចងចាំ ឬ​ខ្សែ USB សម្រាប់​សាកថ្ម​ទូរស័ព្ទ​ក្តី​។ លោក​បញ្ជាក់ថា៖ «​បើ​ឧក្រិដ្ឋជន​មិនអាច​វាយប្រហារ​ពី​ចម្ងាយ​ទេ ឬ​ចូល​ពី​ចម្ងាយ​មកលើ​កុំព្យូទ័រ​យើង​ទេ​ (Remote Access) ពួកគេ​អាច​នឹងធ្វើ​ការវាយប្រហារ​ ឬ​ការព្យាយាម​លួច​ចូល​ដោយផ្ទាល់ (Physical access)​។ ក្នុង​ការចូល​ដោយផ្ទាល់ ឧក្រិដ្ឋជន​អាច​ប្រើប្រាស់​ឧបករណ៍​បន្លំ USB ជា​ខ្សែ​សាកថ្ម​ទូរស័ព្ទ និង​អង្គ​ចងចាំ ដែល​តាមពិត​វា​ជា​ឧបករណ៍​ដែល​លួច​យក​ព័ត៌មាន​ពី​កុំព្យូទ័រ​របស់​យើង ដោយ​យើង​មិន​បានដឹង​បើសិនជា​យើង​បាន​ដោត​វា​ចូល​»៕