ខេត្តកំពង់ស្ពឺៈ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ពិនិត្យ និង​ប្រមូល​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន ៧ ​គ្រឿង​ដែល​បាន​បំពាក់​ដើម្បី​ថត និង​តាម​ដាន​វត្តមាន​សត្វព្រៃ នៅក្នុង​សហគមន៍​ព្រៃឈើ ​៨ ​មុំ ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រើញ ឃុំ​៨មុំ ស្រុក​ថ្ពង​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​កសិកម្ម​។

ការបំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន ៧ ​គ្រឿង​នោះ គឺ​បានដាក់​ថត​ ដើម្បី​ប្រមូល​ទិន្នន័យ និង​ធាតុ​ចូល​បន្ថែម សម្រាប់​សម្រួល​ដល់​ការចងក្រង​អត្ថបទ​ចុះផ្សាយ ស្តីពី​ការសិក្សា​ស្រាវជ្រាវ​ពី​ជីវចម្រុះ​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ ៨ ​មុំ​។

បើ​យោងតាម​របាយការណ៍​ក្រៅពី​សហគមន៍​នេះ មន្ត្រី​ជំនាញ​ក៏បាន​បំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ចំនួន ​១២ ​គ្រឿង​ផ្សេងទៀត​ផងដែរ ដើម្បី​តាមដាន​វត្តមាន និង​កត្តា​គំរាមកំហែង​ទៅលើ​សត្វព្រៃ ជាពិសេស​ដំរីព្រៃ​នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ​។

លោក កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សហគមន៍​ព្រៃឈើ​ ៨ ​មុំ ជា​សហគមន៍ ​១ ​ក្នុងចំណោម​សហគមន៍​ផ្សេងទៀត ដែល​បាន​ខិតខំ​ការពារ​សហគមន៍​របស់​ខ្លួន​ខ្លាំងណាស់​។

លោក​លើកឡើងថា ដោយ​មើលឃើញ​ពី​ការខិតខំ និង​លះបង់​របស់​សមាជិក​សហគមន៍​បែប​នោះ លោក​ក៏បាន​កំពុងតែ​ជួយ​ដល់​សហគមន៍​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដូច​ជាការ​ជ្រោមជ្រែង​បង្កើតជា​សហគមន៍​នេះ​ឡើង និង​សាងសង់​ស្នាក់ការ​ជាដើម​។

ក្រៅពីនោះ លោក​ក៏បាន​កំពុង​តែ​កៀរគរ​ក្រុមហ៊ុន​ឯកជន​ឱ្យជួយ​ដល់​សហគមន៍​នេះ​បន្ថែមទៀត​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​ប្រជាជន​ហ្នឹង​ល្អ​ណាស់ គាត់​ប្រឹងប្រែង​ខ្លួន​គាត់​។ កាលណា​គាត់​ប្រឹងប្រែង​ខ្លួន​គាត់​អ៊ីចឹង យើង​ជួយ​ទៅហើយ​។ ខ្ញុំ​ចង់​ធ្វើឱ្យ​វា​ដើរ ធ្វើជា​គំរូ​តែម្តង​»​។

សហគមន៍ ​៨ ​មុំ​មាន​ផ្ទៃដី​ទំហំ ៨៦២​ ហិកតា ដែលមាន​សត្វព្រៃ​សំខាន់ៗ​ដូចជា ឈ្លូស ជ្រូកព្រៃ ក្ងោក និង​ទន្សោង ជាដើម​។

លោក លីវ សារ៉ុម បណ្តាញ​សហគមន៍​ ៨​ មុំ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើតាម​ការប៉ាន់ស្មាន សត្វ​ទន្សោង​ដែល​នៅសល់​ក្នុង​សហគមន៍​មាន​ប្រហែល ​១៤០ ក្បាល​នាពេល​បច្ចុប្បន្ននេះ​។ ក្នុងនោះ​កាលពី​ឆ្នាំ ២០២១ កន្លងមក ក៏​ឃើញ​មាន​កើតកូន​ថ្មី​ចន្លោះ​ពី ៥ ទៅ ១០ ​ក្បាល​ផងដែរ​។

លោក​ថា ការ​ប្រមាញ់​សត្វព្រៃ​ដូចជា​ការដាក់​អន្ទាក់ គឺជា​ការប្រឈម​មួយ​ក្នុងការ​គ្រប់គ្រង​សហគមន៍ ដែល​ក្នុង ១ ​ឆ្នាំៗ​អន្ទាក់​រាប់រយ​ត្រូវបាន​ក្រុម​ល្បាតដោះ ដើម្បី​ជួយសង្គ្រោះ​សត្វព្រៃ​។

គិត​ត្រឹម​ឆ្នាំ ​២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានប្រកាស​ទទួលស្គាល់​ព្រៃឈើ​សហគមន៍​សរុប​មាន​ចំនួន ៥៣៦ ​ទីតាំង​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​រហូតដល់​ជាង​ ៤ ​សែន​ហិកតា​៕