សៀមរាបៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ស្នើឱ្យ​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ រួមគ្នា​លើកកម្ពស់ និង​សហការគ្នា​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​វត្ថុ​បុរាណ​ដែលជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។

ការជំរុញ​នេះ​ធ្វើឡើង​នៅក្នុង​​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី វិធានការ​នៃ​ការការពារ​សកម្មភាព​ទន្ទ្រាន​ទីទួល​បុរាណ ការបំផ្លិចបំផ្លាញ ការ​លួច​ជីក​កកាយ ការទប់ស្កាត់​អំពើចោរកម្ម និង​ការជួញដូរ​សម្បត្តិ​វប្បធម៌​ដោយ​ខុសច្បាប់ រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពីថ្ងៃ​ទី ​២៤-២៦ ខែមករា ឆ្នាំ ២០២២​។ សិក្ខាសាលា​នេះ​ត្រូវបាន​ប្រព្រឹត្តឡើង​នៅ​ខេត្តសៀមរាប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​ការជួយឧបត្ថម្ភ​ថវិកា​ពី​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​ឆ្នាំ ២០២០ ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​តាម​ទន្លេ​-​មេគង្គ រួមមាន​ថៃ ឡាវ វៀតណាម ចិន មីយ៉ាន់ម៉ា និង​តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា​ផងដែរ​។

នៅក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បាន​ថ្លែងថា ជាការ​ពិតណាស់ មាន​វត្ថុ​បុរាណ​ជាច្រើន​រាប់មិនអស់​ត្រូវបាន​លក់ ហើយ​នៅតែ​ត្រូវបាន​លក់​ដោយ​ខុសច្បាប់​លើ​ទីផ្សារ​សិល្បៈ​-​អន្តរជាតិ រួមទាំង​វត្ថុ​បុរាណ​ខ្មែរ​រាប់រយ វត្ថុ​រូបចម្លាក់​ធាតុ​ផ្សំ​នៃ​ស្ថាបត្យកម្ម វត្ថុ​បុរាណ​ដែល​ផលិត​ពី​ដី​ដុត និង​សំរិទ្ធ​ជាដើម​។ លោកស្រី​បន្តថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ប្រទេស​កម្ពុជា បាននិង​កំពុង​អនុវត្ត​ជំហាន​សំខាន់ៗ​ដើម្បី​ការពារ​បេតិកភណ្ឌ​របស់ខ្លួន ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​អាស៊ី​ដំបូង​គេ​ដែល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​យូណេស្កូ ឆ្នាំ​ ១៩៧០ ស្តីពី​មធ្យោបាយ​ហាមឃាត់​ការ​នាំចូល​នាំចេញ និង​ផ្ទេរកម្មសិទ្ធិ​លើ​សម្បត្តិ​វប្បធម៌​។

លោកស្រី​បន្តទៀតថា ជា​អកុសល ទោះបី​ជាមាន​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​សេនាធិការ ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​យើង​ក៏ដោយ ក៏​ការលួច និង​ការបំផ្លិចបំផ្លាញ​ទីតាំង​បុរាណវិទ្យា​នៅតែ​បន្ត​។ លោកស្រី​ថា​៖ «​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​ដោយ​ខុសច្បាប់ វត្ថុ​បុរាណ​ដែលជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ឱ្យមាន​ប្រសិទ្ធភាព យើង​ត្រូវ​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង និង​លើកកម្ពស់​ការសហការ​គ្នា​រវាង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ និង​ប្រទេស​នៅក្នុង​តំបន់​ក៏ដូចជា​លើ​ឆាក​អន្តរជាតិ​»​។

វត្ថុ​បុរាណ​ខ្មែរ​ដែល​នឹងត្រូវ​សហរដ្ឋអាមេរិក ប្រគល់ឱ្យ​កម្ពុជា​វិញ​ផងដែរ​។ រូបថត សហការី

លោកស្រី គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅតែ​ជា​កត្តា​ដ៏មាន​សារៈសំខាន់​បំផុត ដើម្បី​ទប់ស្កាត់​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សម្បត្តិ​វប្បធម៌​។ ដោយឡែក កម្ពុជា​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់ខ្លួន តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ សហរដ្ឋអាមេរិក ក៏ដូចជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​។ លោកស្រី​ថា​៖ «​ការធ្វើ​រួមគ្នា គឺជា​គន្លឹះ​ក្នុងការ​ថែរក្សា​បេតិកភណ្ឌ​សហគមន៍ និង​សម្រាប់​មនុស្សជាតិ​ទាំងមូល​»​។

តាមរយៈ​សិក្ខាសាលា​នេះ​លោកស្រី ភឿង សកុណា សង្ឃឹមថា សមាជិក​ទាំង​អស់នៃ​អង្គសិក្ខាសាលា​នឹង​ប្រើប្រាស់​ពេលវេលា​ដ៏មាន​សារៈសំខាន់​នេះ ចូលរួម​ពិភាក្សា និង​ផ្លាស់ប្តូរ ចំណេះដឹង បទពិសោធ ដើម្បី​ជំរុញ​ដល់​ដំណើរការ​សិក្ខាសាលា​ថ្នាក់​តំបន់ តាមរយៈ​ការដាក់ចេញ​នូវ​អនុសាសន៍​រួម​សម្រាប់​ជា​ត្រីវិស័យ​មួយ​យកទៅ​អនុវត្ត​ឱ្យទទួល​បាន​ផ្លែផ្កា​បន្ថែមទៀត​នាពេល​អនាគត​។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ជុច ភឿន បាន​ថ្លែងថា សិក្ខាសាលា​ថ្ងៃនេះ​នឹង​លើកឡើង​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​វត្ថុ​បុរាណ ក៏ដូចជា​ទីទួល​បុរាណ និង​ស្ថានីយ​បុរាណ ដែលជា​កេរដំណែល​បន្សល់ទុក​ដោយ​បុព្វបុរស ហើយ​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដ៏មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​កំពុង​ប្រឈម​នឹង​ការបាត់បង់​ជា​បន្តបន្ទាប់​ដោយសារ​កត្តា​ធម្មជាតិ ពិសេស​កត្តា​មនុស្ស តាមរយៈ​សកម្មភាព​មួយចំនួន​ដូចជា​ការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ ឈូសឆាយ និង​ការជីក រុករក​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់​។​ល​។

លោក​បន្តថា ជា​លទ្ធផល ពិតមែនតែ​យើង​មាន​កិច្ចសហការ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​យ៉ាងណា​ក្តី ក៏​កិច្ចការពារ ការ​ទប់ស្កាត់ ការបំផ្លិចបំផ្លាញ​សម្បត្តិ​វប្បធម៌​នៅតែ​កើតមាន ពិបាក​នឹង​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​។ លោក​ថា​៖ «​ដូច្នេះ យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​រួមគ្នា​សម្រេច​ឱ្យបាន រួមគ្នា​ថែរក្សា ការពារ​មរតក​វប្បធម៌​មនុស្ស​ជាតិ ដោយ​ភ្ជាប់​ទំនាក់ទំនង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ពី​សហគមន៍​ ១​ ទៅ​សហគមន៍​ ១ ពី​ប្រទេស​ ១​ ទៅ​ប្រទេស​ ១ ជាពិសេស​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។

លោក​ថា នេះ​ជា​កត្តា​ដ៏ចាំបាច់​បំផុត​ក្នុង​ការនាំមក​នូវ​សាមគ្គីភាព សន្តិភាព សុខដុមភាព​ដែលជា​កម្លាំង​គ្រឹះ និង​ជា​ប្រភព​មិនចេះ​រីងស្ងួត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកប​ដោយ​ចីរភាព ដែលជា​កិច្ចការ​ដ៏ចាំបាច់​ចំពោះមុខ​សម្រាប់​ទាំងអស់គ្នា​។

អគ្គនាយករង​បេតិកភណ្ឌ លោក ហេង កំសាន្ត បានឱ្យដឹងថា គោលបំណង​ធំ​នៃ​សិក្ខាសាលា គឺ​រួមគ្នា​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​នៅតាម​ដង​ទន្លេ​មេគង្គ​ដូចជា ចិន ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ពាក់ព័ន្ធ​ការការពារ​សម្បត្តិ​វប្បធម៌​។ លោក​ថា នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មានតែ​កម្ពុជា​ទេ​ផ្តល់​សច្ចាប័ន ដោយឡែក​ប្រទេស​ផ្សេងទៀត ដែល​បាន​រៀបរាប់​ខាងលើ​មិនទាន់​ផ្តល់​សច្ចាប័ន​នោះទេ​។

លោក​ថា​៖ «​ពេល​ប្រទេស​ទាំងនេះ ផ្តល់​សច្ចាប័ន​ងាយស្រួល​ធ្វើការ ហើយ​យើង​មាន​ក្តី​សង្ឃឹមថា ប្រទេស​ទាំងនេះ​នឹង​ចូលរួម​ផ្តល់​សច្ចាប័ន​ដោយសារ​អ្នកជំនាញ​ការចូលរួម​ក្នុង​សិក្ខាសាលា​នេះ សុទ្ធតែ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​វប្បធម៌ ប៉ុន្តែ​រដ្ឋាភិបាល​គាត់​ជំរុញ​ក្នុង​កម្រិតណា​យើង​មិនដឹង​ទេ​»​។

គួររំឭក​ផងដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២៧ ​រូប ដែលមាន​រូបបដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា សម័យអង្គរ​សំខាន់ៗ ត្រូវបាន​សហរដ្ឋអាមេរិក​ប្រគល់ឱ្យ​កម្ពុជា​វិញ ហើយ​ក្នុងអំឡុង​ខែវិច្ឆិកា សហរដ្ឋ​អាមេរិក​ក៏បាន​ប្រគល់​វត្ថុបុរាណ​ខ្មែរ​ចំនួន​ ៤ មក​កម្ពុជា​វិញ បន្ទាប់ពី​រឹបអូស​បាន​ពី​សារមន្ទីរ​សិល្បៈ Denver នៅ​សហរដ្ឋអាមេរិក និង​មាន​វត្ថុបុរាណ​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បញ្ជូនមក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​៕

វីដេអូ៖