ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ក្នុង​គោលបំណង​ជំរុញ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ជាមួយ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) ដែល​ត្រូវបាន​បង្កើតឡើង ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) និង​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) ក្រោម​គម្រោង «​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដោយ​ជំរុញ​ការវិនិយោគ​លើ​ជីវឧស្ម័ន​ខ្នាត​ធំ​»​។

តាមរយៈ​អនុស្សរណៈ​នេះ​ភាគី​ទាំង ​២ បាន​ឯកភាព​លើ​​គោលបំណង​រួមគ្នា ដើម្បី​កំណត់​កាលានុវត្តភាព​សម្រាប់​សកម្មភាព​សហការ និង​កម្មវិធី​នានា ដើម្បី​ជួយ​លើកកម្ពស់​បច្ចេកវិទ្យា​ជីវឧស្ម័ន​ និង​ជំរុញ​ការវិនិយោគ​តាមរយៈ​យន្ត​ការចែក​រំលែក​ហានិភ័យ ដែល​សមស្រប និង​ដើម្បី​ទាញ​ផលប្រយោជន៍​ពី​ការសហការ ដែល​បានកំណត់​នេះ ដើម្បី​ផ្សារភ្ជាប់​គម្លាត​ចំណេះដឹង​នៃ​ខ្សែចង្វាក់​តម្លៃ​ជីវឧស្ម័ន​ក្នុងចំណោម​ដៃគូ​សហការ និង​ភាគី​ពាក់ព័ន្ធ​។

គំនិត​ផ្តួចផ្តើម​នេះ​នឹង​គាំទ្រ​ក៏ដូចជា​បង្កើន​លទ្ធភាព​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​របស់​វិនិយោគិន ឬ​អ្នកអនុវត្ត​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

តំណាង CGCC លោក Wong Keet Loong ថ្លែងថា ការចុះ​អនុស្សរណៈ​ជាមួយ BTIC គឺជា​ជំហាន​ឆ្ពោះទៅរក​យុទ្ធសាស្ត្រ​ផ្នែក​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ (ESG) របស់ CGCC ដើម្បី​គាំទ្រ​ដល់​កំណើន​នៃ​វិស័យ​កសិកម្ម ដែលជា​វិស័យ​អាទិភាព​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា វិស័យនេះ​គឺជា​ប្រភព​ចម្បង​នៃ​ការងារ និង​ប្រាក់ចំណូល​ក្នុងស្រុក​នៅតាម​តំបន់​ជនបទ​។ ដោយសារ​វិស័យ​កសិកម្ម​គឺជា​ប្រភព​ដ៏ធំ​បំផុត​ទី​ ២ ​នៃ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (GHG) ​វា​នឹង​បណ្តាលឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ដូចជា​ភ្លៀង​មូសុង​បន្តបន្ទាប់ និង​សីតុណ្ហភាព​កាន់តែ​ខ្ពស់ ដែល​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​វិស័យនេះ​។ ដូច្នេះហើយ​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​និរន្តរភាព​នៃ​ឧស្សាហកម្ម​កែច្នៃ​កសិផល និង​វិស័យ​ចិញ្ចឹម​សត្វ​។

លោក​ជឿជាក់ថា​៖ «​ភាពជា​ដៃគូ​នេះ​នឹង​ជំរុញ​កំណើន​រយៈពេល​វែង​ក្នុង​វិស័យ​ផលិតកម្ម​សត្វ និង​ការកែច្នៃ​កសិផល​តាមរយៈ​នៃ​ការលើកកម្ពស់​ថាមពល​កកើត​ឡើងវិញ និង​ការគ្រប់គ្រង​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ ក៏ដូចជា​រួមចំណែក​ដល់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​»​។

លោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ UNIDO ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​៖ «​ខ្ញុំ​រីករាយ​ដែល CGCC កំពុង​បង្ហាញថា​វិស័យ​ហិរញ្ញវត្ថុ​របស់​យើង​មាន​ឆន្ទៈ​ក្នុង​ការសិក្សា​សម្រប​ខ្លួន និង​មាន​ភាព​បត់បែន​ជាង​មុន​។ ភាព​ច្នៃប្រឌិត​ក្នុងការ​បង្កើត​យន្តការ​ហិរញ្ញប្បទាន​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគាំទ្រ​ការងារ​អភិវឌ្ឍន៍​ជាច្រើន​»​។

លោក​បាន​លើកឡើងថា​ភាព​ច្នៃប្រឌិត​នៃ​យន្តការ​ហិរញ្ញប្បទាន​នេះ​នឹង​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែមទៀត​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​ក្នុង​កសិធុរកិច្ច​ដែលជា​របកគំហើញ​ដ៏សំខាន់​សម្រាប់​អ្នកវិនិយោគ​ក្នុងការ​ទទួលយក និង​អនុវត្ត​នូវ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​ទៅក្នុង​ការអនុវត្ត​អាជីវកម្ម​របស់​ពួកគេ​។

បើតាម​លោក ណារិន ការវិនិយោគ​ទៅលើ​ថាមពល​ស្អាត​ប្រភេទ​នេះ​នឹង​បង្កើតបាន​នូវ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​ជាច្រើន​ដល់​អ្នកប្រើប្រាស់ ម្ចាស់​កសិដ្ឋាន អ្នកវិនិយោគ និង​សង្គមជាតិ​ទាំងមូល​។

លោក​បាន​បញ្ជាក់ថា អនុស្សរណៈ​យោគយល់​នេះ​គឺ​ស្របគ្នា​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​គោលនយោបាយ​ជីវឧស្ម័ន​សម្រាប់​ឆ្នាំ​ ២០២១-២០៣០ ក៏ដូចជា​គោលបំណង​ជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​បានកំណត់​នៅក្នុង​កម្មវិធី​ដើម្បី​ភាពជា​ដៃគូ​ប្រទេស (PCP) របស់​អង្គការ UNIDO ក្នុងការ​លើកកម្ពស់​វិស័យ​ថាមពល​ប្រកបដោយ​និរន្តរភាព​ និង​សេដ្ឋកិច្ច​៕