ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ឱ្យមាន​ការការពារ​ខ្លួន​ពី​ការ​ចម្លង​ជំងឺ​កូវីដ​ ១៩ ជំងឺផ្តាសាយបក្សី និង​ការបង្ការ​ការពុល​ចំណី​​អាហារ ឬ​ពុល​ស្រា ក្នុង​ឱកាស​រៀបចំ​សែនដូនតា និង​នាឱកាស​​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ​។

តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី ២៤ មករា​បាន​ឱ្យដឹងថា ជា​រៀងរាល់​ឆ្នាំ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រារព្ធ​ពិធី​សែនដូនតា​ផ្សេងៗ​ដែលមាន​​ការទិញ​ទំនិញ និង​ចរាចរ​នូវ​​បសុបក្សី​ច្រើន ដែល​អាចមាន​ហានិភ័យ​នៃ​ការចម្លង​នូវ​វីរុស​​ផ្ដាសាយ​បក្សី ដែល​មាន​នៅលើ​សត្វ​ និង​នៅក្នុង​បរិស្ថាន មក​​មនុស្ស​បាន​គ្រប់ពេលវេលា ប្រសិនបើ​មិន​​មានការ​បង្ការ​បាន​ត្រឹមត្រូវ​ទេនោះ​។

ក្រសួង​បាន​លើកឡើង​ទៀត​​ថា ចំពោះ​ជំងឺ​ដង្កាត់​ផ្សេងៗ និង​ការពុល​ចំណីអាហារ​ ឬ​ពុល​ស្រាស​ក៏​តែងតែ​សង្កេតឃើញ​កើតមានឡើង​នៅតាម​តំបន់ ឬ​ទីតាំង​​មួយចំនួន​នៅក្នុង​ប្រទេស​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​បុគ្គល​ម្នាក់ៗ​ត្រូវខិតខំ​ថែរក្សា​ការពារ​សុខភាព​ឱ្យបាន​ល្អ​ប្រសើរ​នៅ​គ្រប់​កាលៈទេសៈ​។

ក្រៅពី​បារម្ភ​នឹង​បាតុភាព​ទាំងនេះ​ក្រសួង​ក៏បាន​លើកឡើង​​ពី​ស្ថានភាព​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩ ជាពិសេស​ប្រភេទ​អូមីក្រុង​ដែល​កំពុងតែ​ចរាចរ​យ៉ាងសកម្ម​នៅតាម​បណ្ដា​ប្រទេស​លើ​សកលលោក ហើយ​កម្ពុជា​បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​​ករណី​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ដែលមាន​ប្រភេទ​អូមីក្រុង​នេះដែរ​។ ក្រសួង​សុខាភិបាល​បាន​លើកឡើងថា ជំងឺ​នេះ គឺ​នៅតែ​តម្រូវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការយកចិត្ត​ទុកដាក់​ការពារ​ខ្លួន​ឱ្យបាន​ហ្មត់ចត់​ជាប់​ជានិច្ច បើ​ទោះ​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានភាព​ឆ្លង​រាលដាល​បានល្អ​ប្រសើរ​ក៏ដោយ​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ក្រសួង​សុខាភិបាល សូម​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ទូទៅ អនុវត្ត​តាម​ដំបូន្មាន​សាមញ្ញ​ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ និង​សូម​ជូនពរ​ឱ្យ​បុគ្គល​គ្រប់រូប​ទាំងអស់គ្នា​ជួប​នូវ​សុខភាព​ល្អ និង​ចៀសផុត​នូវ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ដង្កាត់​ផ្សេងៗ​»​។

ជាមួយ​គ្នា​នោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​អំពាវនាវ និង​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​​ការការពារ​សុខភាព​ពី​ការ​ចម្លងជំងឺ​កូវីដ​ ១៩ ជាពិសេស​ប្រភេទ​អូមីក្រុង ជំងឺផ្តាសាយបក្សី និង​ជំងឺ​ផ្សេងៗ​ទៀត​។ បន្ថែម​ពីនេះ លោក​ថា​ក្នុង​ឱកាស​រៀបចំ​សែនដូនតា និង​នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ជន​គ្រប់រូប​គួរ​រួមគ្នា​បង្ការ​សុខភាព​ដែល​អាច​បណ្តាលមកពី​ការពុល​ចំណីអាហារ​ ឬ​ពុល​ស្រាស នៅក្នុង​ការរស់នៅ​ជាប្រចាំ​ថ្ងៃ​របស់ខ្លួន​ផងដែរ​។

លោក ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ពលរដ្ឋ​ទាំងអស់​ត្រូវ​​អនុវត្ត​វិធានការ​មួយចំនួន​ឱ្យ​​បាន​ខ្ជាប់ខ្ជួន ដូចជា ការពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែល និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ ១ ​ម៉ែត្រ​កន្លះ​ឡើង និង​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា ជាដើម​។

បន្ថែម​ពីនេះ លោក បាន​ណែនាំ​ឱ្យ​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត បន្ទាប់ពី​ការប៉ះពាល់​សត្វ បោច​សម្អាត​បសុបក្សី ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លងរោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ និង​ចំណី​អាហារ​ដែលមាន​សុវត្ថិភាព​ល្អ និង​ចម្អិន​ម្ហូបអាហា​ឱ្យបាន​ឆ្អិន​ល្អ មុន​នឹង​បរិភោគ​។

លោក​បាន​បញ្ជាក់ថា​៖ «​គួរ​ត្រូវ​ចៀសវាង ការចូល​ទៅ​កន្លែង​ចិញ្ចឹមសត្វ​ ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅតាម​កសិដ្ឋាន ចិញ្ចឹម​​សត្វ និង​ទីផ្សារ​បក្សី​រស់​ ឬ​ចូល​កន្លែង​សត្តឃាត​ ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់​ ឬ​ប្រឡាក់​ដោយ​លាមក​សត្វ​បសុបក្សី​ ឬ​សត្វ​ដទៃទៀត​។ ចៀសវាង​ប្រជ្រៀត​គ្នា​នៅពេល​ទិញ​ម្ហូបអាហារ​ទិញ​សាច់​ ឬ​បក្សី​រស់ ឬ​សម្ភារ​នានា ជាពិសេស​ត្រូវ​ចេះ​ត្រៀមលក្ខណៈ​ទុកជាមុន​ពី​ចម្ងាយ​ចៀសវាង​ការកកស្ទះ ឬ​ការ​កកកុញ មនុស្ស​ច្រើន នៅតាម​ទីផ្សារ ឬ​ហាង ឬ​ក្នុង​ថ្ងៃ​នៃ​ពិធី​នានា​ជាដើម​»​។

ចំពោះ​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ លោក បាន​ណែនាំ​ឱ្យ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​វិធានការ​ការពារ​ខាងលើ ជាពិសេស​នៅតាម​​កសិដ្ឋាន ទីផ្សារ​លក់​សត្វ​បសុបក្សី​រស់​ដោយ​មានការ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ចៀស​ផុតពី​ការផ្ទុះ​ចេញ​នូវ​ជំងឺ​ផ្ដាសាយ​​បក្សី​ក្នុង​សហគមន៍​របស់ខ្លួន​។ ក្នុងនោះ​ក៏ត្រូវ​ត្រួតពិនិត្យ​ចំពោះ​វិធានការ ៣​ការពារ ៣​កុំ និង​វិធានការ​សុវត្ថិភាព​ចំណីអាហារ និង​ការត្រួតពិនិត្យ​ទីតាំង​បិត​ស្រាស ឬ​ផលិត​ស្រាស ហើយ​អ្នករៀបចំ​ ឬ​អ្នក​ផលិត​ស្រាស ត្រូវ​អនុវត្តតាម​ក្បួន​បច្ចេកទេស​ត្រឹមត្រូវ ដោយ​មិន​យកសារធាតុ​មេតាណុល​មក​លាយ​ធ្វើ​​ជា​ស្រាស​នោះឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​សង្ស័យថា មាន​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី ដោយមាន​រោគសញ្ញា​ទូទៅ​រួមមាន គ្រុនក្តៅ​លើសពី​ ៣៨,៥ ​អង្សាសេ ក្អក និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់​សត្វ​បសុបក្សី​ឈឺ ឬ​ស្លាប់​ក្នុងអំឡុងពេល ​១៤ ​ថ្ងៃមុន​ចេញ​រោគសញ្ញា សូម​ទូរស័ព្ទ​មក​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ និង​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​»​។

សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី ២៤ ​មករា កម្ពុជា​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ចំនួន​ជាង​ ១២​ ម៉ឺន​ករណី​ក្នុងនោះ​ករណី​ឆ្លង​វីរុស​ប្រភេទ​អូមីក្រុង​ចូល​សហគមន៍​​សរុប​មាន​ ២១៤ ​ករណី ខណៈ​ជំងឺ​កូវីដ​ ១៩ បានសម្លាប់​ពលរដ្ឋ​កម្ពុជា​ជាង ៣ ០០០​ នាក់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ កម្ពុជា​នៅ​មិនទាន់​រកឃើញ​អ្នកស្លាប់​ដោយសារ​វីរុស​ប្រភេទ​ថ្មី​អូមីក្រុង​នៅឡើយ​ទេ​។

ចំពោះ​កំណើត​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​កម្ពុជា​វិញ គិត​ត្រឹម​ថ្ងៃទី ​២៣ ខែមករា មាន​ប្រជាជន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ចំនួន​ ១០១,៩១% ធៀប​ជាមួយ​​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាន​នាក់ និង​មាន​កុមារ-​យុវវ័យ​អាយុ​ពី​ ១២​ ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ មាន ​៩៩,៤២% ធៀប​នឹង​ប្រជាជន​គោលដៅ​ ១ ៨២៧ ៣៤៨ ​នាក់ ខណៈ​កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ ដល់​ក្រោម​ ១២ ​ឆ្នាំមាន​ ១០៥,៧៨% ​ធៀប​នឹង​ប្រជាជន​គោលដៅ​ ១ ៨៩៧ ៣៨២​ នាក់ ហើយ​កុមារ​អាយុ​ ៥​ ឆ្នាំមាន​ ១០៥,០៥% ធៀប​នឹង​ប្រជាជន​គោលដៅ​ ៣០៤ ៣១៧ ​នាក់​៕