ភ្នំពេញៈ ក្រសួង​ចំនួន​ ៣ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ និង​ក្រសួង​មុខងារសាធារណៈ ប្រកាស​ជ្រើសរើស និង​កំណត់​តួនាទី​ភារកិច្ច​របស់​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​សង្កាត់ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​រដ្ឋបាល​ឃុំ​សង្កាត់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​ប្រកាស​អន្តរក្រសួង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៤ ខែមករា​។

សេចក្តី​ប្រកាស​របស់​អន្តរក្រសួង​បានឱ្យដឹងថា ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ សំដៅ​ដល់​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ ដែល​ត្រូវបាន​ជ្រើសរើស អនុលោម​តាម​មាត្រា​ ២៩ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ប្រកាស​អន្តរក្រសួង​បានឱ្យដឹង​ទៀតថា រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ ត្រូវមាន​ជំនួយការ​ហិរញ្ញវត្ថុ ចំនួន ១ ​រូប ដែល​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​យ៉ាងតិច​ ១៨ (​ដប់​ប្រាំបី​) ឆ្នាំ កម្រិតសិក្សា​ចាប់ពី​បញ្ចប់​ថ្នាក់​ទី ​១២ និង​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ និង​គណនេយ្យ​ជាដើម​។

ប្រកាស​អន្តរក្រសួង​សរសេរថា​៖ «​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​កុំព្យូទ័រ បេក្ខជន​ដែលមាន​ទីលំនៅ​នៅក្នុង​ឃុំ សង្កាត់​សាមី ឬ​នៅ​ឃុំ សង្កាត់​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា ត្រូវ​បានផ្តល់​អាទិភាព មាន​បទពិសោធ​ការងារ​ក្នុង​វិស័យ​សាធារណៈ ឬ​ឯកជន​លើ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​បានផ្តល់​អាទិភាព​មាន​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវ​បានផ្តល់​អាទិភាព បេក្ខជន​ជា​ស្ត្រី ជនពិការ និង​ជនជាតិដើម​ភាគតិច​ត្រូវ​បានផ្តល់​អាទិភាព​»​។

ប្រកាស​ដដែល​បានឱ្យដឹង​ទៀតថា ចំពោះ​ដំណើរការ​នៃ​ការជ្រើស​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​រៀបចំ​តាម​ការប្រឡងប្រជែង ដែល​កិច្ចដំណើរការ​មានដូចជា ការរៀបចំ​គណៈកម្មការ​ប្រឡង​ជ្រើសរើស ការកំណត់​កិច្ចដំណើរការ និង​នីតិវិធី​លម្អិត​នៃ​ការជ្រើសរើស ការពិនិត្យ​ផ្ទៀងផ្ទាត់​លើ​លក្ខខណ្ឌ​នានា​ចំពោះ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ដោយ​ប្រធាន​មន្ទីរ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការតែងតាំង​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​ដែល​បាន​ជាប់​ជា​ស្ថាពរ ដោយ​ដីកា​តែងតាំង​។

អន្តរក្រសួង​សរសេរថា​៖ «​ការរៀបចំ​គណៈកម្មការ​ប្រឡង គោលការណ៍ និង​នីតិវិធី​លម្អិត​នៃ​ការជ្រើសរើស​ជំនួយការ​ហិរញ្ញវត្ថុ រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​លេខ ០៥៥ សណន ចុះ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២០ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​នីតិវិធី​នៃ​ការជ្រើសរើស​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​របស់​រដ្ឋបាល​ឃុំ សង្កាត់​»​។

បើតាម​ប្រកាស​អន្តរក្រសួង​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​មាន​តួនាទី និង​ភារកិច្ច ជា​រជ្ជទេយ្យករ​បុរេប្រទាន​ជា​រជ្ជទេយ្យ​ករ​ចំណូល​ជា​ភ្នាក់ងារ​បើក​ផ្តល់ និង​ជា​ជំនួយ​ការឱ្យ​មេឃុំ ចៅសង្កាត់​ក្នុង​ការរៀបចំ​ផែនការ និង​គម្រោង​ថវិកា​ប្រចាំឆ្នាំ គ្រប់គ្រង ពិនិត្យ និង​តាមដាន​ការអនុវត្ត​ថវិកា រៀបចំ​របាយការណ៍ និង​ប្រព័ន្ធ​របាយការណ៍​ផ្ទៃក្នុង​ដើម្បី​ពិនិត្យ​តាមដាន​ការអនុវត្ត​ថវិកា រៀបចំ​របាយការណ៍​ស្តីពី​ការអនុវត្ត​ថវិកា​តាម​ទម្រង់​របាយការណ៍​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុវត្ត​កិច្ចប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​គោរព​តាម​វិធាន និង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ធរមាន ព្រមទាំង​បំពេញ​ការងារ​ពាក់ព័ន្ធ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​មេឃុំ ចៅសង្កាត់​។

ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ក្នុង ១ នាក់​ចំនួន ១ ០០០ ០០០ (​មួយ​លាន​) រៀល និង​លាភការ​ផ្សេងៗ​ដែល​ធានា​ដោយ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ឃុំ សង្កាត់​។ ប្រាក់ឧបត្ថម្ភ​ខាងលើនេះ អាច​នឹង​ត្រូវបាន​ដំឡើង​ទៅតាម​លទ្ធភាព​ថវិកា​របស់​រដ្ឋបាល​ឃុំ សង្កាត់ និង​តាមរយៈ​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ និង​ក្រសួង​មុខងារសាធារណៈ​។ ចំណែក​ការឈប់​សម្រាក​ផ្សេងៗ គឺ​ដូច​មន្ត្រីរាជការ​ស៊ីវិល ដោយ​អនុលោម​តាម​ប្រកាស​ដដែល​បានឱ្យដឹងថា ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ មាន សិទ្ធិ​បញ្ចប់​កិច្ចសន្យា ដោយ​ត្រូវធ្វើ​ការជូនដំណឹង​ទៅ មេឃុំ ចៅសង្កាត់​ជាមុន និង​ត្រូវដាក់​ពាក្យស្នើសុំ​លាឈប់​ជា​លាយលក្ខណ៍​អក្សរ​ជូន​មេឃុំ ចៅ​សង្កាត់​ឱ្យបាន​មុន​ ៣០ (​សាមសិប​) ​ថ្ងៃ​គិតពី​ថ្ងៃ​សុំ​ឈប់​។ ប្រសិនបើ​ពាក្យស្នើសុំ​ឈប់​​មិនបាន​ដាក់ឱ្យ​បាន​មុន ​៣០ (​សាមសិប​) ​ថ្ងៃ គិតពី​ថ្ងៃ​សុំ​ឈប់​ទេ ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចុងក្រោយ​នឹងមិន​ត្រូវ​បើក​ផ្តល់ជូន​ឡើយ​។

លោក ប៉ិច ពិសី នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​នៅ​ទី​ ២៤ ខែមករា ដោយបាន​សម្តែង​ការគាំទ្រ​ចំពោះ​អន្តរក្រសួង​ដែល​បាន​បង្កើតឱ្យមាន​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​សង្កាត់ លោក​ថា នេះ​ជា​ចំណុច​វិជ្ជមាន និង​ជា​ដំណើរ​មួយ​ល្អ ព្រោះ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មានលទ្ធភាព និង​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ខ្វះខាត​នៅឡើយ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​យើង​ចង់​លើកទឹកចិត្ត​បន្ថែម​នោះ​គឺ​ថ្នាក់ក្រោម​ជាតិ​ក៏មាន​មន្ត្រី​ស្រាប់​ដែរ អ៊ីចឹង​បើសិនជា​អាច​គួរតែមាន​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​មន្ត្រី​តាម​ជំនាញ​ដែលមាន​ស្រាប់​នៅ​ថ្នាក់ក្រោម​ជាតិ​ហ្នឹង ជាពិសេស​ស្មៀនឃុំ​»​។

លោកនាយក​អង្គការ​តម្លាភាព​កម្ពុជា​បន្ថែម​ទៀតថា នៅ​ថ្នាក់ក្រោម​ជាតិ​ក៏មាន​គណៈកម្មការ​តាម​ជំនាញ​ផ្សេងៗ ហេតុនេះ​បើសិនជា​អាច​ចាប់យក​មន្ត្រី​ទាំងនោះ​ឱ្យ​រៀន​ជំនាញ​ចាំបាច់​នេះ​គឺ​មិន​ចាំបាច់​រើស​មន្ត្រី​ថ្មី ឬ​បញ្ជូន​មន្ត្រី​ថ្មី​ពី​ក្រសួង​ទៅ​ទាំងស្រុង​នោះទេ​។

លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី ២៤ ខែមករា​ថា នៅពេល​កំណត់​បានច្បាស់លាស់​ពី​តួនាទី​ និង​ភារកិច្ច​របស់​អ្នកធ្វើការងារ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​រដ្ឋបាល​ឃុំ​សង្កាត់ គឺជា​រឿង​ល្អ​។ ការងារ​នេះ​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ការគ្រប់គ្រង​ការងារ​ទាក់ទង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ធ្វើឱ្យមាន​តម្លាភាព មាន​គណនេយ្យភាព​មួយកម្រិត​ទៀត ព្រមទាំង​ធ្វើឱ្យ​ដំណើរការ​នៃ​អភិបាលកិច្ច​នៅ​កម្រិត​រដ្ឋបាល​ឃុំ​សង្កាត់​មាន​ភាពល្អប្រសើរ​មួយចំណែក​ថែមទៀត​ផងដែរ​៕