កណ្តាល/ព្រៃវែងៈ ដំណើរការ​នៃ​ការចុះ​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​នាវា ដែល​លិច​ក្នុង​ទន្លេមេគង្គ​ចំនួន​ ៤ ​ទីតាំង​ទៀត​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ស្រុក​ពាមជរ ស្រុក​ពាមរក៍ ខេត្តព្រៃវែង នៅ​មិនទាន់​បន្តសកម្មភាព​នៅ​ឡើយ​ទេ ដោយសារតែ​កម្ពស់​ទឹក​នៅមានកម្រិត​ខ្ពស់ និង​ខ្វះខាត​បច្ចេកទេស​មួយចំនួន ដោយ​មន្ត្រី​ស្នើឱ្យ​មានការ​ស្វែងរក​ប​ច្ចេកទេស​ទំនើប​ជាង​បច្ចុប្បន្ន​ដើម្បី​ធ្វើការ​ឆាប់​ចប់​។

លោក ​ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ (NPMEC) ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ មករា​ថា រហូតមកទល់​ពេលនេះ ក្រុម​ប្រតិបត្តិករ​រុករក​គ្រាប់​បាតទន្លេ​មេគង្គ មិនទាន់​បន្តសកម្មភាព​របស់ខ្លួន​នៅឡើយ​ទេ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​។ លោក​ថា ក្រៅពី​កម្ពស់​ទឹក​នៅមានកម្រិត​ខ្ពស់ ក្រុមការងារ​ប្រតិបត្តិករ​ទាមទារ​ឱ្យមាន​ការស្វែងរក​បច្ចេកទេស​ទំនើបៗ​ជាង​បច្ចុប្បន្ន​ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បញ្ចប់​ទៅតាម​ផែនការ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​អត់​ទាន់​បាន​បន្ត​ការងារ​នេះ​ទេ​។ ចាំមើល បើសិនជា​បន្តទៀត ខ្ញុំ​នឹង​ជម្រាប​ជូនដំណឹង​»​។

ដោយឡែក លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​កម្ពុជា​ (​ស៊ីម៉ាក់​) ដែលមាន​មន្ត្រី​ស៊ីម៉ាក់​ចូលរួម​ប្រតិបត្តិការ​រុករក​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​បាតទន្លេ​មេគង្គ​នេះដែរ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ មករា ថា ប្រតិបត្តិការ​នៃ​ការរុករក​យក​គ្រាប់​ចេញពី​បាតទន្លេ មិនត្រូវ​បាន​ផ្អាក​នោះទេ​។ តាម​ផែនការ​ក្នុង​រដូវ​ទឹក​ស្រក​មកដល់​ខាងមុខនេះ ក្រុម​ប្រតិបត្តិករ​នឹង​បន្ត​ដំណើរការ​សកម្មភាព​របស់ខ្លួន​ឡើងវិញ ខណៈ​បច្ចុប្បន្ន​កម្ពស់​ទឹកទន្លេ​នៅមានកម្រិត​ខ្ពស់​នៅឡើយ​ទេ​។

លោក​បន្តថា ដោយសារតែ​កម្ពស់​ទឹកបាន​ឡើង​ខ្ពស់​បាន​ធ្វើឱ្យ​ក្រុម​ប្រតិបត្តិករ​មិន​អាចធ្វើ​សកម្មភាព​ចុះទៅ​រុករក​យក​គ្រាប់​ចេញពី​បាតទន្លេ​បានទេ​។ ដូច្នេះហើយ​បាន​បង្ខំ​ឱ្យមាន​ការផ្អាក​មួយរយៈ​កន្លងមកនេះ ប៉ុន្តែ​ប្រហែល​អំឡុង​ខែកុម្ភៈ ឬ​ខែមីនា ឬ​ខែមេសា​ខាងមុខនេះ​ក្រុម​ប្រតិបត្តិករ​នឹង​បន្ត​អនុវត្ត​វិញ​ហើយ ព្រោះ​អំឡុង​ពេលនេះ​គឺជា​ពេលវេលា​ល្អ​បំផុត​។

លោក​ថ្លែងថា​៖ «​សម្រាប់​មន្ត្រី​ប្រតិបត្តិការ​របស់​អង្គភាព​ស៊ីម៉ាក់​មិន​ធ្វើ​តែ​ ១​ កន្លែង ឬ​ ២ ​កន្លែង​នោះទេ ឱ្យតែ​កន្លែង​មាន​គ្រាប់ គឺ​យើង​នឹង​ចុះទៅ​ធ្វើ​សកម្មភាព​ទាំងអស់​។ ដោយឡែក សម្រាប់​សម្ភារ​បច្ចេកទេស ដូចជា​គ្មានអ្វី​ខ្វះ​ទេ​សម្រាប់​អង្គភាព​ខ្ញុំ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ឧបសគ្គ​ទឹក​វា​ឡើង​ខ្ដស់​តែ​ប៉ុណ្ណឹង​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២១ បានសម្រេច​ឱ្យ​បន្ត​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ-​មេគង្គ​ចំនួន​ ៤​ ទីតាំង​ផ្សេងទៀត​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ស្រុក​ពាមជរ ស្រុក​ពាមរក៍ ខេត្តព្រៃវែង​។ នាវា​ទាំងនោះ​បាន​លិច​ក្នុងសម័យ​សង្គ្រាមស៊ីវិល​ចន្លោះ​ឆ្នាំ​ ១៩៧០ ដល់ ១៩៧៥ ក្នុង​គោលបំណង​ដើម្បីឱ្យ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព និង​សុវត្ថិភាព គ្រប់​ទីកន្លែង​។

របាយការណ៍​ចុះ​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​របស់​កម្លាំង​ជំនាញ​បង្ហាញថា វត្តមាន​នាវាចម្បាំង និង​ការគំរាមកំហែង ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក ដែល​ត្រូវបាន​លិច​ស្ថិតនៅ​ដង​ទន្លេមេគង្គ មាន​ចំនួន​ ៥​ ទីតាំង​។ ក្នុងនោះ​ការដ្ឋាន​ទី​ ១ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម បាន​បិទបញ្ចប់ និង​ស្រង់​នាវាចម្បាំង​រួចរាល់ និង​ប្រមូលបាន​គ្រាប់​ជាង ១៦ ​តោន​ចេញពី​នាវា​នេះ​។

ចំណែក​ការដ្ឋាន​ទី​ ២ ស្ថិតនៅ​ឃុំ​បឹងគ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល បានចាប់ផ្តើម​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​រក​គ្រាប់​នៅក្នុង​នាវាចម្បាំង​ដែល​ត្រូវ​លិច និង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក​កាលពី​ថ្ងៃទី​ ១៥ ខែមីនា​។ ក្រុមការងារ​នៅ​សល់ ៣ ​ទីតាំង​ទៀត ដែល​គ្រោង​នឹង​បើក​ប្រតិបត្តិការ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​កម្ពស់​ទឹក​ស្ថិតក្នុង​កម្រិត​ខ្ពស់​៕