ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​សហគមន៍​ឌីជីថល​កម្ពុជា Digital Community of Cambodia (DCC) ដើម្បី​ប្រមូលផ្តុំ​អ្នក​ដែលមាន​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ចុះឈ្មោះ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​ទទួលបាន​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​។

DCC គឺជា​ថ្នាល​បច្ចេកវិទ្យា​ឌីជីថល​ដំបូង​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រមូលផ្តុំ​អ្នក​ដែលមាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។

សេចក្តី​ជូនដំណឹង​ក្រសួង​ប្រៃសណីយ៍​ផ្សព្វផ្សាយ នា​ថ្ងៃទី​ ២៤ មករា បញ្ជាក់ថា​៖ «​ប្រព័ន្ធ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ប្រមូលផ្តុំ​បុគ្គល​ដែលមាន​គុណវុឌ្ឍិ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ចុះឈ្មោះ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ដើម្បី​ទទួលបាន​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន ឱកាស​ការងារ​ល្អ ការចែករំលែក​ចំណេះដឹង និង​បទពិសោធ​ទៅវិញ​ទៅមក​រវាង​អ្នកជំនាញ ព្រមទាំង​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ផងដែរ​»​។

ក្រសួង​អំពាវនាវ​ដល់​មន្ត្រីរាជការ បុគ្គលិក​ឯកជន និស្សិត បញ្ញវន្ត និង​សាធារណជន ដែលមាន​ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល​ទាំងអស់​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។ ក្រសួង​អះអាងថា ការបង្កើត​ប្រព័ន្ធ​ធ្វើឡើង​ស្របតាម​គោលនយោបាយ សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​។

ឯកសារ​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ​ ២០២១-២០៣៥ ដែល​ចេញផ្សាយ​នា​ខែឧសភា ឆ្នាំ​ ២០២១ បាន​បញ្ជាក់ថា ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់រវើក​តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក និង​បរិវត្តកម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ទាំង​ពលរដ្ឋ និង​ទាំង​ធុរជន គឺ​ដើម្បី​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា សម្រាប់​កម្ពុជា ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល គឺជា​ការចាប់យក និង​ការទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​ស៊ីវីល័យ ដែល​ពលរដ្ឋ​ឌីជីថល​អាច​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​ការប្រើប្រាស់​សេវា​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​ជំនឿចិត្ត​ដ៏មុតមាំ​ថា កម្ពុជា​ត្រូវខិតខំ​សម្រេច​បរិវិត្តកម្ម​ឌីជីថល​ឱ្យខាងតែបាន​ទើប​អាច​ប្រែក្លាយ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ទៅកាន់​កម្រិត​អភិវឌ្ឍន៍​មួយ​ខ្ពស់​ឡើងជា​លំដាប់​បាន​»​។

រដ្ឋាភិបាល​អះអាងថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ កម្ពុ​ជាមាន​យុវជន​អាយុ​ ១៥-៣៥ ​ឆ្នាំ ប្រមាណ​ជាង​ ៥​ លាន​នាក់ ឬ​ ៣៦ ​ភាគរយ​នៃ​ប្រជាជន​សរុប និង​ ៥៥ ​ភាគរយ នៃ​មនុស្ស​គ្រប់​អាយុ​បំពេញការងារ​ពី​ ១៥-៦៤ ​ឆ្នាំ​។ ភាគលាភ ប្រជាសាស្ត្រ​នេះ គឺជា​កត្តា​ជំរុញ​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ការជំរុញ​បរិវត្តកម្ម​ឌីជីថល​អាច​ជ្រាបចូល​ក្នុងសង្គម​បាន​យ៉ាង​ឆាប់រហ័ស តាមរយៈ​ភាព​ងាយ​ទទួលយក និង​ការចាប់យក​បច្ចេកវិទ្យា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ផង និង​អភិវឌ្ឍ​ខ្លួនឯង​ផង ឱ្យស្រប​តាម​និន្នាការ​ជា​សកល។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី ២៤ ខែ​មករា សហគមន៍​ឌីជីថល​កម្ពុជា​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​បញ្ញវន្ត និង​អ្នក​ជំនាញ​ខាង​ផ្នែក​ឌីជីថល​ទូរគមនាគមន៍ ទាំង​អ្នក​ដែល​មាន​ចំណេះដឹង​ខ្ពស់ មធ្យម និង​ទាប ដែល​អាច​រៀន​សូត្រ និង​ចែក​រំលែក​បទពិសោធន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ អត្ថបទ​ព័ត៌មាន​ថ្មីៗ បច្ចេកវិទ្យា និង​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​គាត់ [អ្នក​ចុះ​ឈ្មោះ​ប្រើប្រព័ន្ធ​នេះ] មាន​ចម្ងល់ គាត់​មាន​បញ្ហា​អី​ដែល​គាត់​មិន​អាច​ដោះស្រាយ​បាន គឺ​នៅ​ក្នុង​សហគមន៍​នេះ​នឹង​ជួយ​រក​ដំណោះស្រាយ គន្លឹះ​ដើម្បី​ជួយ​ទៅ​ដល់​គាត់។ [វាជា] ឱកាស​នៅ​ក្នុង​ការ​អភិវឌ្ឍ​ទាំង​ផ្នែក Professional [ជំនាញ​វិជ្ជាជីវៈ] ទាំង​ផ្នែក​ចំណេះដឹង ទាំង​ផ្នែក​បទ​ពិសោធន៍។ ក្នុង​នោះ​ក៏​ជា​សហគមន៍​មួយ​ដែល​អាច​ធ្វើ​ជា Networking [បណ្តាញ] បាន​ន័យ​ថា ស្គាល់​គ្នា​ដើម្បី​ជំរុញ​វិស័យ​ទូរគមនាគមន៍​ក៏​ដូចជា​វិស័យ​ឌីជីថល​របស់​យើង​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ»។

លោក សូ វិសុទ្ធី បន្ត​ថា ក្រសួង​ប្រៃសណីយ៍​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​ចុះ​ឈ្មោះ ដើម្បី​ចូលរួម​នៅ​ក្នុង​សហគមន៍​ឌីជីថល​កម្ពុជា​នេះ។ អ្នក​ដែល​មាន​ជំនាញ​ថ្មីៗ​អាច​មាន​ឱកាស​ស្វែងរក​នូវ​ឱកាស​ការងារ​នៅ​ក្នុង​វិស័យ​នេះ។ ក្រសួង​នឹង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួតប្រជែង​សមត្ថភាព ផ្តល់​ជា​រង្វាន់ និង​ការ​ទទួល​ស្គាស់​ទេពកោសល្យ​ឌីជីថល​ពី​ក្រសួង។

លោក​បាន​ឱ្យ​ដឹងថា ក្រសួង​ប្រៃសណីយ៍​នឹង​ធ្វើ​ការ​សហការណ៍​ជាមួយ​ក្រុមហ៊ុន និង​បណ្តា​ស្ថាប័ន​នានា ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដែល​មាន​ទេពកោសល្យ​ឌីជីថល​ទទួល​បាន​ការងារ​ល្អ ហើយ​ក្រុមហ៊ុន​អាច​ស្វែងរក​បុគ្គលិក​ជំនាញ​តាម​តម្រូវ​ការ និង​បន្ត​ការ​អភិវឌ្ឍ​មុខងារ​ថ្មីៗ​បន្ថែម​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។

ក្រសួង​ប្រៃសណីយ៍​ក៏​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​ដែល​មាន​មុខ​វិជ្ជា​ព័ត៌មានវិទ្យា​ជា​គោល​ ដើម្បី​ជំរុញ​ឱ្យ​សិស្ស​និស្សិត​សាកលវិទ្យាល័យ​ជំនាញ​ផ្នែក​​ព័ត៌មានវិទ្យា​អាច​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាព និង​អាច​បង្ហាញ​ពី​ប្រវត្តិ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា៕