កំពង់ស្ពឺ/តាកែវៈ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចាប់ខ្លួន​បុរស​​ម្នាក់ បន្ទាប់ពី​បាន​ចាក់​ប្រពន្ធ​​ខ្លួនឯង​ស្លាប់ ដោយសារ​ការប្រចណ្ឌ​គ្នា​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃស្លឹក​ សង្កាត់-​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​កាលពី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​ ២៤ ​មករា រីឯ​បុរស​ចំណាស់​​ម្នាក់ទៀត​ត្រូវបាន​តុលាការ​ខេត្តតាកែវ ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ពីថ្ងៃ​ទី​ ២២ មករា ពាក់ព័ន្ធ​ករណី​កាប់​ប្រពន្ធ​ស្លាប់ ដោយសារ​ប្រចណ្ឌ​ដូចគ្នា កាលពី​ថ្ងៃទី​ ២០ មករា នៅ​ភូមិ​តាស៊ូ ឃុំ​ត្រពាំងសាប ស្រុក​បាទី​។

លោក សម សាក់ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ មករា​ថា ជនសង្ស័យ​​ឈ្មោះ ប៉ោង ធឿន អាយុ​ ២៨ ​ឆ្នាំ​​រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្តក្រចេះ​។ ​ចំណែក​​ស្ត្រី​រងគ្រោះ​ឈ្មោះ ទឹម ស្រីនី អាយុ​​ ២២ ​ឆ្នាំ មាន​របរជា​ចុង​ភៅ​បម្រើការ​នៅក្នុង​ភោជនីយដ្ឋាន​យីហោ ​(​អាណាចក្រ​ម្ហូប​- ខ្មែរ​) ​ក្រុង​ច្បារមន និង​រស់នៅ​ភូមិ​រន្ទះ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ខេត្តតាកែវ​។

លោក​បន្តថា​៖ «​ភ្លាមៗ​ក្រោយ​​ធ្វើ​សកម្មភាព ជនសង្ស័យ​ព្យា​យាម​គេចខ្លួន ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​រាយការណ៍​បន្ទាន់​ហើយ​ម្យ៉ាង​សមត្ថកិច្ច​យើង​ចុះ​អន្តរាគមន៍​បន្ទាន់​ដែរ ទើប​ជនសង្ស័យ​​គ្មាន​ឱកាស​រត់​រួច​។ នគរបាល​ក្រុង​ច្បារមន កំពុង​សួរ​គាត់​នៅ​​ថ្ងៃនេះ ​(​ថ្ងៃទី​ ២៤ មករា​)»​។

លោក ជា សុគុណ អធិការរង​នគរបាល​ក្រុង​ច្បារមន​ឱ្យ​​ដឹង​នៅ​ថ្ងៃទី​ ២៤ មករា​ថា ជនសង្ស័យ​កំពុង​ត្រូវ​សមត្ថកិច្ច​របស់​​លោក​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន មុន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​។

លោក​ថ្លែងថា​៖ «​ករណីនេះ សមត្ថកិច្ច​របស់​យើង​កំពុង​ធ្វើការ​បន្ត​ទៀត​។ ​នៅពេល​យើង​ធ្វើការ​ចប់​យើង​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​ខេត្ត ដើម្បី​ចាត់ការ​បន្តទៀត​តាមផ្លូវ​ច្បាប់​»​។

លោក សុគុណ ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា នៅវេលា​ម៉ោង​ជិត​ ៥ ​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី ​២៤ មករា ឆ្នាំ ២០២២ ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​ធ្វើ​ម្ហូប​នៅក្នុង​ភោជនីយដ្ឋាន​យីហោ ​(​អាណាចក្រ​ម្ហូប​ខ្មែរ​)​។

នៅពេល​នោះគេ​បានឮ​សំឡេង​ស្ត្រី​រងគ្រោះ​ឈ្លោះ​គ្នា​ជាមួយ​​ជនសង្ស័យ ដោយ​ស្ត្រី​រងគ្រោះ​និយាយថា ប្តី​គាត់​មាន​ស្រី​ហើយ​​ភ្លាមនោះ​ជនសង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ស្ត្រី​រងគ្រោះ​​បណ្តាលឱ្យ​ដួល​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង​។

លោក​បន្តថា ពេលនោះ​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​សង្កាត់​ច្បារមន ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​រាយការណ៍​ ​និង​សុំ​គោលការណ៍​ពី​លោក អ៊ូច ហៀង អធិការនគរបាល​ក្រុង​ច្បារមន និង​លោក សម សាក់ ស្នងការរង​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក ភោក សម្បត្តិ នាយ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​នៅ​ថ្ងៃទី ​២៤ មករា ថា លោក​​បាន​ចុះ​ដល់​ទីតាំង​កើតហេតុ​ពិនិត្យឃើញថា សាកសព​មាន​ស្នាម​ចាក់​ត្រូវ​ដោះ​ខាងឆ្វេង​ ២ ​កាំបិត​ និង​ចុងដង្ហើម​ ១​ កាំបិត​។

ករណី​ដោយឡែក​មួយទៀត​បុរស​ចំណាស់​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តតាកែវ​ចេញ​ដិកា​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ២២ មករា ឆ្នាំ​ ២០២២ ​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ប្រពន្ធ​ខ្លួនឯង​ស្លាប់​ក្នុង​រឿង​ប្រចណ្ឌ នៅ​ភូមិ​តាស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ខេត្តតាកែវ កាលពី​​ថ្ងៃទី​ ២០ មករា ឆ្នាំ​ ២០២២​។

លោក សែម សុជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ ខេត្ត​តាកែវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ មករា ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ប៉ា ត្រិន អាយុ​ ៧៧ ​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពីថ្ងៃ​ទី ​២២ មករា បន្ទាប់ពី​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​។

លោក ឃុត ឡូ អធិការរង​ស្រុក​បាទី​ឱ្យដឹង​នៅ​ថ្ងៃទី ​២៤ មករា​ថា ស្ត្រី​រងគ្រោះ ឈ្មោះ ឡេ ថុន អាយុ​ ៨០ ​ឆ្នាំ​ត្រូវ​បុរស​ជា​ប្តី​កាប់​នឹង​ពូថៅ​ចំ​កញ្ចឹងក ពីក្រោយ​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​ ២០ មករា ។

លោក​ថា​៖ «​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​គាត់​សម្លាប់​ប្រពន្ធ ព្រោះ​ប្រចណ្ឌ​ដោយសារ​គាត់​សុំ​ដេក​ជាមួយ​តែ​ប្រពន្ធ​គាត់​បដិសេធ​»៕