The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មូលនិធិ​កម្ពុជា​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​បន្ត​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យជួយ​ជនរងគ្រោះ

មូលនិធិ​កម្ពុជា​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​បន្ត​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យជួយ​ជនរងគ្រោះ

Content image - Phnom Penh Post
ស្លាក​សញ្ញា និង​បណ្តាញ​សម្រាប់​បរិច្ចាគ​ថវិកា​ដល់​មូលនិធិ​ប្រឆាំង​កូវីដ​។ រូប ហ្វេសប៊ុក

មូលនិធិ​កម្ពុជា​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​បន្ត​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យជួយ​ជនរងគ្រោះ

ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

ប្រធាន​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ លោក ហោ សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើម្បី​រួមចំណែក​ដល់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ លោក​នៅតែ​បន្ត​អំពាវនាវ​ដល់​សាធារណជន​បន្ត​ចូលរួម​បរិច្ចាគ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន​ជួយ​ដល់​ពលរដ្ឋ​ដែល​ជួប​បញ្ហា​។ លោក​ថា​៖ «​កូវីដ​ ១៩ ​ទោះបី​ការរីក​រាលដាល​មានការ​ថយចុះ ដោយសារ​រដ្ឋាភិបាល​យើង​ជំរុញ​ការចាក់​វ៉ាក់សាំង ប៉ុន្តែ​មូលនិធិ​របស់​យើង​តែ​ស្វាគមន៍​សប្បុរជន​ដែល​បន្ត​ជួយ ហើយ​យើង​ក៏​កំពុង​រៀបចំ​កម្មវិធី​មួយចំនួន​បន្ថែមទៀត​ដូចជា​ការជួយ​ប្រជាពលរដ្ឋ​ដោយ​ផ្តល់​ជា​គ្រឿង​បរិភោគ និង​ការ​ផ្តល់យោបល់​ចំពោះ​គ្រួសារ​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​»​។

លោក​បានឱ្យដឹងថា តាំងពី​បង្កើត​មូលនិធិ​នេះ​អស់​រយៈ​ប្រមាណ ២ ​ឆ្នាំ​មកនេះ គឺ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១២ ០០០ ​គ្រួសារ​ក្នុង​នោះ​ជួយ​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ ៥​ពាន់​គ្រួសារ និង​ជួយ​ជា​កញ្ចប់​ថ្នាំ​សុទ្ធ​ចំនួន ៧ ​ពាន់​គ្រួសារ​។

លោក​ថា​៖ «​យើង​ជួយ​ដល់​គ្រួសារ​ដែល​ប៉ះពាល់​ដោយសារ​ប្រយោល និង​ដោយផ្ទាល់ មានន័យថា ដោយផ្ទាល់​គឺ​គ្រួសារ​គាត់​កើត​កូវីដ ​១៩ ហើយ​ខ្វះ​សម្ភារ និង​អាហារ និង​ដោយ​ប្រយោល​គ្រួសារ​គាត់​បាត់បង់​ចំណូល សេដ្ឋកិច្ច​ធ្លាក់ចុះ​»​។

ក្រៅពីនេះ​ក៏បាន​ជួយ​ដល់​អ្នក​ស្ម័គ្រចិត្ត​ជួរមុខ​ក៏ដូចជា​អាជ្ញាធរ​គ្រប់​ស្ថាប័ន និង​ផ្តល់​អំណោយ​ដល់​កុមារកំព្រា​ដែល​ស្នាក់នៅ​តាម​មណ្ឌល​ផងដែរ​។ លោក​ថា​៖ «​មូលនិធិ​របស់​យើង​ក៏​ជួយ​សម្របសម្រួល​ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ អង្គភាព​ប្រយុទ្ធប្រឆាំង​កូវីដ ​១៩ ជួយ​ជា​របាំង​សុវត្ថិភាព ម៉ាស៊ីន​ធ្វើតេស្ត​រហ័ស ម៉ាស់ អាល់កុល បំពង់​បាញ់​អាល់កុល ម៉ាស៊ីន​វាស់​កម្ដៅ ទឹកបរិសុទ្ធ​ជាដើម​»​។ លោក​បញ្ជាក់ថា ការបង្កើត​មូលនិធិ​នេះ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ឱ្យចំ​គោលដៅ​បន្ថែម​លើ​គោលនយោបាយ​រាជរដ្ឋាភិបាល ដែល​ជួយឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ ក្នុងអំឡុង​កូវីដ​ ១៩​។ លោក​ថា​៖ «​រដ្ឋាភិបាល បាន​ជួយ​ច្រើន​ទៅលើ​ពលរដ្ឋ​រងគ្រោះ ប៉ុន្តែ​ធម្មតា​ក៏មាន​ចន្លោះប្រហោង​ដែល​យើង​បាន​ជួយ​បំពេញ​។​អ៊ីចឹង​បាន​ថា​ការងារ​យើងខ្ញុំ​តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្តោតលើ​ការជួយ​ចំ​គោលដៅ​»​។ បើតាម​លោក សេរីវឌ្ឍន៍ ក្រៅពី​ការ​ផ្តល់ជំនួយ​នេះ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ ក៏មាន​សមាជិក​នៅក្នុង​ក្រុម​តេ​ឡេ​ក្រាម​ជាង ៦ ​ម៉ឺន​នាក់ ដោយ​ក្នុងនោះ មាន​ក្រុមការងារ​ជំនាញ​ចាំ​ជួយផ្តល់​ជា​យោបល់ និង​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​បញ្ហា​កូវីដ ​១៩ ដូចជា​ការចាក់​វ៉ាក់សាំង ទីតាំង និង​ការដាក់​ដូស​ជំរុញ​ផងដែរ​។

ផ្អែក​តាម​តារាង​ថវិកា​សប្បុរសជន​បរិច្ចាគ​ជាមួយ​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ ទឹកប្រាក់​ដែល​ទទួល​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២១ ​មក​មាន​សរុប​ចំនួន ៣៧ ៣៤២​ ដុល្លារ និង​ប្រាក់រៀល​ចំនួន ១៤ ៨២៧ ៤១៦ រៀល​។

សប្បុរសជន​អាច​ចូលរួម​បរិច្ចាគ​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ តាមរយៈ ធនាគារ ABA លេខ​គណនី 019-192121, Wing លេខ 03888127 និង​ធនាគារ​អេស៊ីលីដា 0001091-9192121 ។

ពាក់ព័ន្ធ​ការជួយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​នេះដែរ រាជរដ្ឋាភិបាល​បានផ្ដល់​ការអន្តរាគមន៍​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០​។

បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​គិត​ចាប់ពី​អនុវត្ត​គម្រោង​នេះ​មក រដ្ឋាភិបាល​ចំណាយ​ទឹកប្រាក់​សរុប ជាង ៥៣១ ​លាន​ដុល្លារ ជួយ​ពលរដ្ឋ​ប្រមាណ​ ៧០​ ម៉ឺន​គ្រួសារ បើ​គិត​ជា​សមាជិក​ប្រមាណ ២ ​លាន ៧ ​សែន​នាក់ គិត​ត្រឹម​ជុំ​ទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២១​។

ដោយ​មើលឃើញ​ស្ថានភាព​កូវីដ-១៩​នៅ​បន្ត​អូសបន្លាយ រាជរដ្ឋាភិបាល សម្រេច​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ដោយ​ត្រូវ​បន្ត​អនុវត្ត​សម្រាប់​ជុំ​ទី​ ៨ ដែលមាន​រយៈពេល ៣ ​ខែ គឺ​ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​ ២០២២៕

អត្ថបទគួរចាប់អារម្មណ៍