ភ្នំពេញៈ តុលាការ​កំពូល​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​ ១៨ ​ខែ​លើ អតីត​ឧត្តមសេនីយ៍ទោ​ប៉ូលិស​ម្នាក់​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដដែល បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៧​ មករា ពាក់ព័ន្ធ​បទ​ប្រឆាំងនឹង​វិធាន​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​ប្រព្រឹត្ត​នៅ​ខែមេសា ឆ្នាំ​ ២០២១ នៅ​ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ រាជធានី​ភ្នំពេញ​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ​២៤ មករា លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​បាន​ផ្ទេរសិទ្ធិ​ដល់​លោក​ចៅក្រម​ ១​រូប​ទៀត​បាន​អាន​សាលដីកា​កំបាំងមុខ​ជនជាប់ចោទ​ថា ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ​មានឈ្មោះ​ អ៊ុង ចាន់ធួក ភេទ​ប្រុស អាយុ​ ៤៦ ​ឆ្នាំ​ ជា​អតីតមន្ត្រី​នគរបាលជាតិ មាន​ឋានន្តរស័ក្តិ​ផ្កាយ​ ២​។ ជនជាប់ចោទ​ត្រូវបាន​តុលាការ​កំពូល​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៧ ​មករា ឆ្នាំ ​២០២២​។

​នៅ​ថ្ងៃ​ប្រកាស​សាលដីកា​នេះដែរ លោក​ចៅក្រម​បាន​ស្រង់​សម្ដី​របស់​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ថា កាលពី​ថ្ងៃទី​ ១៧ ​មករា ដែលជា​ថ្ងៃ​ជំនុំជម្រះ លោក​ ឈុន វីនីតា ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​បាន​ប្រាប់​តុលាការ​ថា លោក​ទទួលស្គាល់ថា កូនក្តី​របស់លោក​ពិតជា​បាន​បំពាន​ទៅនឹង​វិធានការ​សុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបិទខ្ទប់​មិនឱ្យ​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ប្រាកដ​មែន​។ លោក​មេធាវី​បញ្ជាក់ថា កូនក្តី​របស់លោក​បាន​សហការឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​គាត់​តាម​សម្រួល ហើយ​កូនក្តី​របស់លោក​ផឹកស៊ី​នៅតែ ​១​ កន្លែង​។ ហេតុដូច្នេះ​ជនជាប់ចោទ​មិនបាន​បង្ក​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដល់​អ្នកដទៃ​ឡើយ​។

លោក​ចៅក្រម​បន្តថា​៖ «​ក្រោយពី​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​មក ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុកជាបានការ​ដដែល​។ បដិសេធ​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ឈ្មោះ ​អ៊ុង ចាន់ធួក និង​ឃុំខ្លួន​ជនជាប់ចោទ​បន្តទៀត​»​។

អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញ ថា ឈ្មោះ​ អ៊ុង ចាន់ធួក មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ទោ និង​មាន​តួនាទី​ជា​អនុប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១៦ មេសា ឆ្នាំ​ ២០២១ ខណៈ​ពួកគេ​កំពុង​ជួបជុំគ្នា​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ទី​ ២ សង្កាត់​ស្ទឹងមានជ័យ​ទី ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៩ កក្កដា ឆ្នាំ​ ២០២១ ផ្ដន្ទាទោស​ឈ្មោះ​ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារ ១ ​ឆ្នាំកន្លះ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​ ៥​ លាន​រៀល​។ រីឯ​ឈ្មោះ ឡាយ ភារុណ និង​ឈ្មោះ​ កុក ឃី ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៥ ​លាន​រៀល​ចូល​ថវិការដ្ឋ ចោទ​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​តាម​មាត្រា ​៣ មាត្រា​ ៤ និង​មាត្រា​ ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៕