ភ្នំពេញៈ ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ បញ្ជាក់​អំពី​ស្ថានភាព​ក្នុងអំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ក្រុមហ៊ុន​ត្រូវ​ខាតបង់​ទឹកប្រាក់ ៧៧ ​លាន​ដុល្លារ​ក្នុង​ ១ ​ត្រីមាស រហូត​ឈានដល់​ការកាត់បន្ថយ​បុគ្គលិក ខណៈ​អតីត​បុគ្គលិក​ដែល​មិន​សុខ​ចិត្តនឹង​ការសម្រេច​នេះ នៅតែ​បន្ត​ប្រមូលផ្តុំ​គ្នា​តវ៉ា​។

វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្កាវើលដ៍ និង​បុគ្គលិក​ដែល​ត្រូវ​បានបញ្ចប់​កិច្ចសន្យា​ការងារ​ជាង ៣០០ ​នាក់​ត្រូវបាន​បន្ត​អូសបន្លាយ​មកដល់​បច្ចុប្បន្ន បន្ទាប់ពី​ក្រុមហ៊ុន​នេះ​សម្រេច​កាត់បន្ថយ​បុគ្គលិក​ជា​បន្តបន្ទាប់ កាលពី​អំឡុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ជាង ១ ០០០ ​នាក់ នៅក្នុង​ចំណោម​បុគ្គលិក​ជាង ៨ ០០០ ​នាក់​។

សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ចុះ​ថ្ងៃទី​ ២៣ ខែមករា បាន​រៀបរាប់ថា ជំងឺ​កូវីដ​ ១៩ ដែលជា​ជំងឺ​រាតត្បាត​សកល​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ពិភពលោក ហើយ​ក្នុងនោះ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ភ្នំពេញ ក៏​រងគ្រោះ​ផងដែរ​។

សេចក្តី​ថ្លែងការណ៍​នេះ បាន​រៀប​រាប់​ទៀតថា របាយការណ៍​លទ្ធផល​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​បាន​កត់ត្រា​នូវ​ការខាតបង់​សុទ្ធ​ចំនួន ៧៧ ​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២០ ហើយ​បរិយាកាស​សេដ្ឋកិច្ច​មិនល្អ​របស់​ក្រុមហ៊ុន​ក៏​ត្រូវបាន​បង្ខំចិត្ត​ចាប់ផ្ដើម​វិធានការ​កាត់បន្ថយ​ការចំណាយ​មួយចំនួន ដើម្បី​​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ក៏​ដូចជា​ភាគី​ពាក់ព័ន្ធ​។

យោងតាម​សេចក្ដី​ថ្លែងការណ៍ ដដែល​នេះ​បានឱ្យដឹងថា ក្នុងចំណោម​វិធានការ​សកម្ម​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ហានិភ័យ ជំហាន​ដែល​ក្រុមហ៊ុន​អនុវត្ត​រួមមាន​ការកាត់បន្ថយ​ការចំណាយ​លើ​មនុស្ស ជាពិសេស​នៅ​ផ្នែក​ណា​ដែលមាន​ចំនួន​បុគ្គលិក​ច្រើន​លើស​តម្រូវការ និង​កម្លាំង​បុគ្គលិក​ដែល​គ្មាន​ផលិតភាព​។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល ដើម្បី​ប្រយោជន៍​របស់​បុគ្គលិក​ដែល​រង​ផលប៉ះពាល់ ក្រុមហ៊ុន​បាន​អនុវត្ត​នូវ​វិធានការ​បញ្ចប់​កិច្ចសន្យា​ការងារ​ដោយ​ការព្រមព្រៀង (Mutual Separellon Plan (MSP)) ដែល​វិធានការ​នេះ ផ្តល់ជូន​ដល់​បុគ្គលិក​នូវ​ប្រាក់​សំណង​ប្រសើរ​លើសពី​សំណង ដែល​តម្រូវ​ដោយ​ច្បាប់​ការងារ​កម្ពុជា​»​។

បន្ថែម​ពីនេះ ក្រុមហ៊ុន ណាហ្គាវើលដ៍ ក៏បាន​អះអាង​ដែរ​ថា ការសម្រេច​ជ្រើសរើស​បុគ្គលិក​ដែល​រង​ផលប៉ះពាល់​គឺ​ផ្អែកលើ​វិធាន​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន និង​ដោយ​ផ្អែកលើ​តម្រូវការ​អាជីវកម្ម ផលិតភាព​កន្លងមក ការរួមចំណែក និង​ការប្តេជ្ញាចិត្ត​របស់​បុគ្គលិក និង​ផ្អែកលើ​មូលដ្ឋាន​ផ្សេងៗ​ទៀត ដោយ​មិន​គិតថា បុគ្គលិក​ជា​សមាជិក​សហជីព ឬ​មិនមែន​សមាជិក​សហជីព ជា​បុគ្គលិក​ខ្មែរ ឬ​បុគ្គលិក​បរទេស ជា​បុគ្គលិក​ជួរមុខ ឬ​បុគ្គលិក​ថ្នាក់​គ្រប់គ្រង​នោះទេ​។ ហើយ​ការសម្រេច​នេះ ក្រុមហ៊ុន​ក៏​មិនបាន​យក​ហេតុផល​សមាជិកភាព​សហជីព​ជា​លក្ខខណ្ឌ​ក្នុង​ការសម្រេច​ជ្រើសរើស​ដូច​ការចោទប្រកាន់​របស់​សហជីព​ថា មាន​ការរើសអើង​នោះដែរ​។

ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានបញ្ជាក់​បន្ថែមថា​៖ «​ការពិតទៅ​ដោយមាន​ការយកចិត្ត​ទុកដាក់​ទាំង​លើ​ការការពារ​ប្រយោជន៍ និង​សិទ្ធិ ចំពោះ​សុខុមាលភាព​បុគ្គលិក ក្រុមហ៊ុន​តែងតែ​លើកទឹកចិត្ត និង​សង្កត់ធ្ងន់​ឱ្យ​បុគ្គលិក​បង្កើត​សហជីព​ចាប់តាំងពី​ពេល​ក្រុមហ៊ុន​ចាប់កំណើត​ក្នុង​ឆ្នាំ ១៩៩៥ មក​។ បើទោះជា​ដូច្នេះ​ក្តី បុគ្គលិក​ចំនួន ៣៦០​ នាក់​ក្នុង​ចំណោម​បុគ្គលិក​ដែល​រង​ផលប៉ះពាល់​សរុប ១ ៣២៩ ​នាក់​បាន​បដិសេធ​មិន​ទទួលយក​គម្រោង បញ្ចប់​កិច្ចសន្យាការងារ​ដោយ​ការព្រមព្រៀង​នេះ​។

បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ឱ្យដឹងថា ៧៣% នៃ​បុគ្គលិក​ដែល​រង​ផលប៉ះពាល់​បាន​ទទួលយក​គម្រោង​បញ្ចប់​កិច្ចសន្យាការងារ​ដោយ​ការព្រមព្រៀង ខណៈ​ក្នុង​ឆ្នាំ​ ២០២០ ក្រុមហ៊ុន មាន​បុគ្គលិក ៨ ៣៧១ ​នាក់ ក្នុងនោះ​សមាជិក​សហជីព​មាន​ចំនួន ៣ ៩៧៦ ​នាក់ ឬ​ស្មើ ៤៧ ​ភាគរយ ចំណែក​ក្នុង​ឆ្នាំ ២០២១ ក្រុមហ៊ុន​មាន​បុគ្គលិក​ចំនួន ៦ ១៨១ ​នាក់ ក្នុងនោះ​មាន​សមាជិក​សហជីព​ចំនួន ២ ៥៧២ ​នាក់ ឬ​ស្មើ ៤២ ​ភាគរយ​។

នៅ​ថ្ងៃទី​ ២៤ មករា អតីត​បុគ្គលិក​ជាង ២០០ ​នាក់​នៅតែ​បន្ត​ជួបជុំ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅក្បែរ​អគារ​ក្រុមហ៊ុន ដើម្បី​ទាមទារ​បាន​ចូលធ្វើការ​វិញ និង​ទាមទារ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​សហជីព​របស់​ពួកគេ​ចំនួន ៨ ​នាក់ បន្ទាប់ពី​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ដើមខែ​។ គិត​ត្រឹម​ថ្ងៃទី​ ២៤ ​មករា​នេះ អតីត​បុគ្គលិក​ណាហ្គាវើលដ៍​បានធ្វើការ​ប្រមូលគ្នា​តវ៉ា​ប្រមាណ ២ ​ខែ​រួចមកហើយ​។ កាលពី​ថ្ងៃទី ​១១ ​មករា ក្រសួង​បានប្រកាស​ថា មាន​អតីត​បុគ្គលិក​ចំនួន ៨ ​នាក់​បាន​ទៅ​ទទួល​យក​សំណង​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន ក្រោយពី​ក្រុមហ៊ុន​បាន​កែសម្រួល​ការ​គណនា​តាម​មន្ត្រី​អធិការ​ការងារ ខណៈ​សហជីព​អះអាង​ថា ចំនួន​អ្នកចូលរួម​ការតវ៉ា និង​ការមិន​យល់ព្រម​បញ្ចប់​កិច្ចសន្យាការងារ នៅតែ​មាន​ចំនួន​ច្រើន​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ មករា​ថា មកដល់​ពេលនេះ គឺ​នៅតែមាន​អតីត​បុគ្គលិក​មក​ទទួលយក​ប្រាក់​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ដោយយោង​លើ​សំណូមពរ​សាមីខ្លួន​របស់​អតីត​បុគ្គលិក​នីមួយៗ ដែល​ស្នើ​សុំឱ្យ​ក្រសួង និង​ក្រុមហ៊ុន​កុំ​ធ្វើការ​ផ្សព្វផ្សាយ​ឈ្មោះ និង​ចំនួន ដូច្នេះ​ក្រសួង​មិនអាច​បញ្ជាក់​ពី​តួលេខ​នៃ​អ្នក​ដែល​បាន​ទទួលយក​លក្ខខណ្ឌ​នេះ​បានទេ​។

លោក​ថ្លែងថា​៖ «​ក្រសួង​នៅ​បន្ត​បំពេញ​តួនាទី​ជា​អ្នកសម្របសម្រួល ហើយ​ប្រសិនជា​បងប្អូន​ចង់​បញ្ចប់​បញ្ហា នោះ​បងប្អូន​រក​វិធី​ដោះស្រាយ​បញ្ហា​តាម​វិធាន និង​ករណី​នីមួយៗ​។ យើង​មិនអាច​ច្របាច់​បញ្ហា​បញ្ចូល​គ្នា​បាន​នោះទេ​។ មន្ត្រី​ក្រសួង​នៅ​រង់ចាំ​ដោះស្រាយ​បញ្ហា​គ្រប់ពេល ប្រសិន​ជា​បងប្អូន​ត្រូវការ​។ ប្រសិនជា​បងប្អូន​មិនត្រូវ​ការ​ក្រសួង​ជួយ គឺ​ក្រសួង​មានតែ​រង់ចាំ​បន្ត​»៕

វីដេអូ៖