ព្រះសីហនុ: កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​ករណី​ប្រទះឃើញ​សាកសព​នារី​វ័យក្មេង​ម្នាក់ ដែល​ត្រូវបាន​គេ​សម្លាប់​យក​សាកសព​ទៅ​កប់​ក្នុង​ដី លេចចេញ​ជង្គង់​ជើង​ម្ខាង និង​ដៃ​ទាំង​ ២ ​ជាប់​ខ្នោះ​។

លោក អ៊ួង វុទ្ធី អធិការ​ស្រុក​ព្រៃនប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២២ ​ថា សព​នារី​រងគ្រោះ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​កាលពី​ព្រលប់​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២២​ នៅ​ចំណុច​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៥០០ ​ម៉ែត្រ​ពី​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៩៩-២០០ ​នៃ​ដង​ផ្លូវជាតិ​លេខ​ ៤ ។

លោក​ឱ្យដឹងទៀតថា លុះដល់​ព្រឹក​ថ្ងៃទី​ ២២ មករា កម្លាំង​នគរបាល​ និង​គ្រូពេទ្យ​ជំនាញ​បាន​ចុះទៅ​ធ្វើការ​ហ៊ុមព័ទ្ធ​ទីតាំង​នៃ​សព ហើយ​ជីក​កកាយ​យក​សព​នារី​រងគ្រោះ​មក​ពិនិត្យ​កោសល្យវិច័យ​ឃើញ​មាន​ស្លាកស្នាម​មួយចំនួន​ដែល​បង្ហាញថា នារី​រងគ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។ លោក ​វុទ្ធី ​បញ្ជាក់​​ថា​៖ «​តាមរយៈ​លទ្ធផល​ពិនិត្យ​កោសល្យវិច័យ​របស់​គ្រូពេទ្យ​ជំនាញ សព​នារី​រងគ្រោះ​មាន​សភាព​រលេះរលួយ ដៃ​ជាប់​ខ្នោះ​បាក់​ដើមដៃ​ស្តាំ កំភួនជើង និង​ភ្លៅ​ស្តាំ​ជាំខ្មៅ លើ​ទ្រូង​ស្តាំ​ក្រោម​ក្លៀក​ដាច់​រលាត់ ក្បាល​លើ​ត្រចៀក​ឆ្វេង​ហើមប៉ោង និង​មាន​ស្នាម​ធ្លុះ​ក្រោម​ផ្ចិត​ផ្នែក​ខាងឆ្វេង​។ លក្ខណៈ​បែបនេះ​បង្ហាញថា នារី​រងគ្រោះ​ត្រូវបាន​គេ​វាយ​ និង​ចាក់​សម្លាប់​»​។

យោងតាម​របាយការណ៍​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​កោសល្យវិច័យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​សព​នារី​រងគ្រោះ​ដែលមាន​កម្ពស់ ១,៥៥ ​ម៉ែត្រ​មាន​អាយុ​ចន្លោះ​ពី​ ១៥-១៨ ​ឆ្នាំ សម្បុរស សក់​ពណ៌​ទង់ដែង និង​មាន​សាក់​រូបភាព​ និង​អក្សរ​នៅលើ​​រាងកាយ ដូចជា សាក់​អក្សរ​ពាក្យ sexy ជា​ភាសា​អង់គ្លេស​នៅលើ​ស្មា​ខាងស្តាំ​មាន​សាក់​រូបយ័ន្ត​នៅលើ​ខ្នង និង​មាន​សាក់​រូប​​មេអំបៅ​នៅលើ​ស្មា​ឆ្វេង​ផ្នែក​ខាងក្រោយ​ផងដែរ​នោះ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​រក​ពុំ​ឃើញ​មាន​ឯកសារ​បញ្ជាក់​អំពី​អត្តសញ្ញាណ​ណាមួយ​នៅជាប់​ខ្លួន​នៃ​សព​នោះទេ​។

របាយការណ៍​បន្តថា សព​នារី​រងគ្រោះ​មាន​ស្លៀកពាក់​ខោ​អាវ​ឈុត​ខ្លី​ពណ៌​ផ្កាឈូក និង​មាន​ពាក់​ខ្សែក​ពណ៌​ប្រាក់ បន្តោង​ហ្គិច​ពណ៌​ខៀវ និង​មាន​ពាក់ចិញ្ចៀន​ពណ៌​ប្រាក់​នៅ​ម្រាមដៃ​កណ្តាល​ខាងឆ្វេង​។ បច្ចុប្បន្ន សព​នារី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ វេចខ្ចប់​យកទៅ​តម្កល់ទុក នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​សាច់ញាតិ​ទាក់ទង​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បើតាម​លោក វុទ្ធី រហូតមកទល់​ពេលនេះ សមត្ថកិច្ច​នៅ​ពុំទាន់​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ​នៃ​សព​នារី​រងគ្រោះ​នៅឡើយ​ទេ ហើយក៏​ពុំទាន់​ឃើញ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មក​អះអាងថា ជា​សាច់ញាតិ​នៃ​សព​នារី​រងគ្រោះ​នោះដែរ​។

លោក​បាន​ថ្លែងថា​៖ «​ទោះ-​យ៉ាងណាក៏ដោយ កម្លាំង​នគរ​បាល​ជំនាញ នៅតែ​បន្ត​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​លើ​ករណីនេះ​យ៉ាងសកម្ម ដោយ​រក្សា​ភាពស្ងប់ស្ងាត់​បំផុត​ដើម្បី​ឈានដល់​ការឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នេះ​បញ្ជូន​ឱ្យ​តុលាការ ចាត់​វិធានការ​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់​»៕