ភ្នំពេញៈ នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​២៥ ​មករា​ កំពុង​ស្រាវជ្រាវ​ស្វែង​រក​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​ ១១ ​នាក់​ទៀត​ ខណៈ​ ២​ នាក់​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដដែល​នេះ ​បន្ទាប់ពី​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី ២២​ មករា ​ពាក់​ព័ន្ធ​នឹងការ​ព្រួត​គ្នា​យក​ដំ​ថ្ម និង​ដាវ​វាយ​កាប់​លើ​យុវជន​ម្នាក់​បណ្តាល​ឱ្យ​របួស​។

លោក ប៊ុន សត្យា នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី​២៥​ មករា ថា ក្មេង​ទំនើង​២​នាក់​ ត្រូវបាន​សមត្ថ​កិច្ច​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​យុវជន​សង្ស័យ​ទាំង២​នាក់​នៅមាន​បក្ខ​ពួករ​បស់​គេ​ទៀត​ដែល​កម្លាំង​សមត្ថ​កិច្ច​របស​លោក​កំពុង​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​។

លោក​ថ្លែង​ថា៖«ក្មេងៗ​ទាំង​នេះ​ជា​សិស្ស​សាលា​ហើយ​បាន​ឈ្លោះ​គ្នា​ជាមួយ​យុវ​ជន​រងគ្រោះ​ម្នាក់​នោះ។ឥឡូវ​កម្លាំង​យើង​ស្រាវ​ជ្រាវ​រក​បក្ខ​ពួក​គេ​១១នា​ក់​ទៀត​ពាក់​ព័ន្ធ​ការ​បង្ក​ហិង្សា​នេះ»។

​បើតាម​​លោក សត្យា ​យុវជន​ដែល​ឃាត់​ខ្លួន​មាន​ឈ្មោះ​ វ៉េង ហ៊ាន ភេទប្រុស​ អាយុ១៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កៅ ​វិច្ឆិកា ភេទប្រុស​អាយុ​១៧ឆ្នាំ។ពួកគេ​មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ចំណែក​យុវជន​រង​គ្រោះ​ឈ្មោះ ពៅ ដាលីន ភេទប្រុស ​អាយុ​១៩​ឆ្នាំ រស់នៅ​សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌពោធិ៍​សែន​ជ័យ។យុ​វជន​រងគ្រោះ​ត្រូវ​ក្រុម​ក្មេង​ទំនើង​វាយ​ឱ្យ​របួស​ត្រូវ​មុខ ដៃ និង​ជើង​។

លោក​ប្រាប់​ថាយុវជន​សង្ស័យ​ទាំង២​នាក់​ខាងលើ​ត្រូវបាន​សមត្ថ​កិច្ច​របស់​លោក​ចាប់ខ្លួន​នៅ​ចំណុច​ផ្សារ​ហ្គ្រេ​ន​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌពោធិ៍​សែន​ជ័យកាល​ពី​​ម៉ោង​ជាង​៩យប់​ថ្ងៃទី២២ ​មករា​ ឆ្នាំ២០២២​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ក្មេង​ទំនើង​នេះ​លោក សេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិវ​ឌ្ឍន៍​ផ្នត់​គំនិត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៥ មករា ថា លោក​សង្កេត​ឃើញថា​ កត្តា​ដែល​ជំរុញ​ទឹក​ចិត្ត​ពួកគេ​ឱ្យ​ប្រព្រឹត្ត​អំពើ​មិន​គ​ប្បី​ក្នុងសង្គមរួម​មាន​សីល​ធម៌​សង្គមនិង​ការគោរពឬ​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ដែល​បាន​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​បំផុត។ការ​គោរព​ច្បាប់និង​កា​រអនុវត្ត​ច្បាប់​របស់​មន្ត្រីនិង​ការ​ចូល​រួម​គោរព​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​រួម​ទាំង​យុវជន​ផង​ដែរ​។

លោក​បន្ត​ថា៖​«ការ​គោរព​ច្បាប់គឺ​ធ្វើបាន​នៅតែ​ចំពោះ​មុខឬ​នៅពេល​មាន​បទ​បញ្ជា​ធ្ងន់ៗ​ពី​មេដឹក​នាំ​ថ្នាក់​ជាតិ។​ការ​អួត​គ្នាឬ​ឌឺ​ដង​គ្នាដោយ​សារ​តែ​មាន​ខ្នង​នៅ​ពី​ក្រោយ​ឬ​អាង​អ្នកមា​ន​ឥទ្ធិ​ពល(អំណាច​ឬ​ទ្រព្យ​សម្បត្តិ)។បញ្ហា​នេះ​បាន​ជំរុញនិង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទាំង​នោះ​មើល​ស្រាល​ច្បាប់មិន​ឲ្យ​តម្លៃ​អ្នក​អនុវត្ត​ច្បាប់​និង​មិន​ខ្លាច​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​សូម្បី​តែ​បន្តិច​»។

លោក​បន្ថែម​ថា ការ​អាង​លើ​បក្ខ​ពួក​និយមគ្រួសារ​និយមនិង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អា​ណា​ព្យា​បាលដើម្បី​ការពារ​កូន​ក្មួយនិង​អ្នក​ហែ​ហម​ខ្លួនក៏​ជា​ដើម​ហេតុ​ចម្បង​មួយ​ដែរដែល​នាំ​ឲ្យ​សង្គម​ទាំង​មូល​ជួប​វិបត្តិ​ដូច​បាន​រៀប​រាប់​ខាង​លើ។​

ករណី​មួយ​ទៀត​ ការអប់រំ​នៅ​សា​លារៀន​មាន​ភាព​ធូរ​រលុង ខណៈ​នៅក្នុង​គ្រួសារ​នីមួយៗ​ហាក់​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់និង​ចំណេះ​ដឹង​នៅមានក​ម្រិតនៅក្នុង​ការ​អប់រំ​បុត្រ​ធីតា​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ធ​នធាន​មនុស្ស​ល្អ​៕