ភ្នំពេញៈ ​មន្ត្រី​រដ្ឋាភិបាល​បានចាត់ទុក​របាយការណ៍​របស់​​អង្គការ​តម្លាភាព​អន្តរជាតិ​ (TI) ​ដែល​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា នៅតែ​ទទួលបាន​ពិន្ទុ​ទាប​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ពី​អំពើពុករលួយ​គឺ​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​នៅ​កម្ពុជា​ទេ ខណៈ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើកំណែទម្រង់​បាន​ប្រសើរ​ជាង​មុន​។

អង្គការ​តម្លាភាព​អន្តរជាតិ​ដែលមាន​ការិយាល័យ​នៅ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​​នៅ​ថ្ងៃទី​ ២៥ ខែមករា​បានចេញ​ផ្សាយ​នូវ​របាយការណ៍​លទ្ធផល​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​ ២០២១ ​ហើយ​បាន​បង្ហាញថា ប្រទេស​កម្ពុជា​ទទួលបាន​ ២៣​ ពិន្ទុ​លើ​ពិន្ទុ​អតិបរមា​ ១០០ ដែល​បាន​កើន​ ២​ ពិន្ទុ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​ដែលមាន​ត្រឹម​ ២១ ​ពិន្ទុ​។

នៅក្នុង​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើ​ពុករលួយ​ CPI ​ប្រចាំឆ្នាំ​ដែល​ចេញផ្សាយ​ដោយ​ TI ​នេះ​បានឱ្យ​ដឹងថា ជាមួយនឹង​​ពិន្ទុ​នេះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ១៥៧ ​ក្នុងចំណោម​ ១៨០ ​ប្រទេស និង​ដែនដី​ដែល​ត្រូវ​​បានដាក់​បញ្ចូល​ក្នុងការ​សិក្សា​។

TI បន្តថា «​នៅ​កម្រិត​តំបន់ ប្រទេស​កម្ពុជា​បន្ត​ស្ថិតក្នុង​​ចំណោម​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​ទី​ ៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅលើ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន និង​កូរ៉េខាងជើង​តែ​​ប៉ុណ្ណោះ ហើយក៏​ជា​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។

TI ​បន្តថា ប្រទេស​សិង្ហបុរី​បាន​​បន្ត​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ប្រទេស​ស្អាតស្អំ​បំផុត​ទាំង​ ១០ ​លើ​ពិភពលោក​ដោយ​រក្សា​ពិន្ទុ​ដដែល​ (៨៥) ​និង​ជាប់​ចំណាត់ថ្នាក់​លេខ​ ៤​។

ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ទទួលបាន​ពិន្ទុ​ទាប​ជាង​ឆ្នាំមុន​មានដូចជា ម៉ាឡេស៊ី (​ធ្លាក់ចុះ​ពី​ ៥១ មក​ ៤៨) ​ថៃ​ (៣៦ ​មក​ ៣៥) ​និង​ហ្វីលីពីន​ (៣៤ ​មក​ ៣៣)​។ រីឯ​ប្រទេស​ផ្សេងទៀត​ទទួលបាន​ពិន្ទុ​ប្រសើរ​ជាង​ឆ្នាំមុន រួមមាន​វៀតណាម​ (​កើនឡើង​ពី​ ៣៦ ដល់​ ៣៩)​ ឥណ្ឌូនេស៊ី​ (៣៧ ​ដល់​ ៣៨) ​និង​ឡាវ​ (២៩ ​ដល់​ ៣០) ​និង​កម្ពុជា​ (២១​ ដល់​ ២៣)​។ មាន​​តែ​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ដែល​រក្សា​ពិន្ទុ​ដដែល​ (២៨)​។

ទាក់ទង​នឹង​លទ្ធផល​សន្ទស្សន៍​សម្រាប់​កម្ពុជា​នេះ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ថ្លែងថា ពិន្ទុ​​នៃ​សន្ទស្សន៍​ពុករលួយ​នេះ​មាន​ភាព​វិជ្ជមាន​ក្នុង​ការកែទម្រង់​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​វិស័យ​ធុរកិច្ច​ឱ្យមាន​ភាពប្រសើរ​ជាង​មុន ជាពិសេស​ការកាត់បន្ថយ​អំពើពុករលួយ​នៅក្នុង​ការផ្តល់​សេវាសាធារណៈ​ល្អ​ជាង​មុន​។

លោក​បន្តថា ក្នុងន័យនេះ​អង្គការ​តម្លាភាព​កម្ពុជា សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ក្នុងកិច្ច​គាំពារ​សុខភាព​សាធារណៈ ការកាត់បន្ថយ​ផលប៉ះពាល់​សង្គម និង​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូរីដ​ ១៩ និង​ការធ្វើឱ្យ​ប្រសើរ​នូវ​សេវាសាធារណៈ​តាមរយៈ​ការកាត់បន្ថយ​អំពើពុករលួយ​ខ្នាតតូច​។ យ៉ាងណាក្ដី​លោក​ថា ពិន្ទុ​ CPI ​របស់​កម្ពុជា​នៅមាន​ទាប​បែបនេះ បង្ហាញ​ជារួម​ថា អភិបាលកិច្ច ជាពិសេស​ស្ថាប័ន​សាធារណៈ​នៅតែ​បន្ត​រង​ការប៉ះពាល់​យ៉ាងខ្លាំង ខណៈ​​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅតែ​ជា​ឧបសគ្គ​ធំ​បំផុត​។

លោក​ថា​៖ «​ឆន្ទៈ​នយោបាយ​កាន់តែខ្លាំង និង​កិច្ចខិតខំ​ប្រឹងប្រែង​កាន់តែ​មោះមុត​គឺ​ចាំបាច់​ខ្លាំងណាស់ ដើម្បី​ធ្វើឱ្យ​ស្ថានភាព​នេះ​មាន​ភាពប្រសើរ​ឡើង​បន្ថែម​ពីនេះ​ទៀត​ជារឿយៗ ​សន្ទស្សន៍ CPI ត្រូវបាន​ប្រើប្រាស់​ដោយ​វិនិយោគិន​បរទេស​​ក្នុងការ​សម្រេចចិត្ត​វិនិយោគ​ក្នុង​​ប្រទេស​ណាមួយ ហើយ​វា​កាន់តែ​សំខាន់​ថែមទៀត​នៅក្នុង​​បរិបទ​នៃ​ការស្ដារ​សេដ្ឋកិច្ច​ឡើង​​វិញ​ បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩»​។

បន្ថែម​ពីនេះ​លោក​ថា ប្រព័ន្ធ​​យុត្តិធម៌​នៅតែ​ជា​បញ្ហា​ជោគជាំ​​ដោយ​អំពើពុករលួយ​ដែល​ត្រូវ​​ការយកចិត្ត​ទុកដាក់​ខ្ពស់​។

ទោះជា​យ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​​បាន​ថ្លែងថា ចំណាត់ថ្នាក់​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​នៅ​កម្ពុជា និង​ការខិតខំ​ប្រែង​របស់​រដ្ឋាភិបាល​ឡើយ​។ លោក​ថា​៖ «​ខ្ញុំ​មិនដឹង​ឱ្យ​តម្លៃ​របាយការណ៍​នោះ​យ៉ាងម៉េច​ទេ ព្រោះ​យើង​មិនដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​វាយតម្លៃ​ដើម្បី​ជា​តម្លាភាព​គាត់​ត្រូវ​ប្រាប់ថា គេ​វាយតម្លៃ​យ៉ាងម៉េច​​ដើម្បី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឬ​មន្ត្រី​ទទួលបន្ទុក​ផ្នែក​នេះ​គេ​អាច​ពិចារណា​បាន ហើយ​​គាត់​ (TI) ​អត់​ដឹងថា កម្ពុជា​មាន​​កម្មវិធី​គណនេយ្យភាព​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ប្រឆាំង​អំពើពុករលួយ​ ដូច្នេះ​គេ​អត់យល់​ខ្មែរ​ផង​»​។

លោក​ថា រដ្ឋាភិបាល​ក៏បាន​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ដោយ​បង្កើត​ច្បាប់​នានា និង​បាន​បង្កើន​កិច្ចសហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ធ្វើ​លើ​ការងារ​នេះ​ផងដែរ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ការប្រឹងប្រែង​របស់​កម្ពុជា​យើង​គឺ​ការប្រឹងប្រែង​ដាច់ដោយឡែក​យើង​ធ្វើ​កិច្ចសហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ហើយ​យើង​ពង្រាយ​ការិយាល័យ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅតាម​តំបន់​»​។

បន្ថែម​ពីនេះ​លោក​ថា កម្ពុជា​ក៏បាន​បង្កើតឱ្យមាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​កំពុង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផងដែរ​​ដោយ​លោក​ថា ច្បាប់​ ២ ​នេះ​គឺ​ជា​គ្រឹះ​សំខាន់​ណាស់​ ដើម្បី​ការពារ​នូវ​សិទ្ធិសេរីភាព​ពលរដ្ឋ​ប្រឆាំង​អំពើពុករលួយ​»​។

ជាថ្មី​ម្តងទៀត ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​អង្គការ​តម្លាភាព​កម្ពុជា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពន្លឿន​របៀបវារៈ​កំណែទម្រង់​តាមរយៈ​ការស្តារ និង​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ស្ថាប័ន​/​បុគ្គល​ដែលមាន​តួនាទី និង​អំណាច​។ ​ស្ថាប័ន​សាធារណៈ​ដែល​ទទួលបន្ទុក​ជា​អ្នកត្រួតពិនិត្យ​មានដូចជា​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​​ និង​ស្ថាប័ន​សវនកម្ម​ត្រូវតែមាន​ឯករាជភាព​មាន​ធនធាន​គ្រប់គ្រាន់ និង​ត្រូវ​បានផ្ដល់​សិទ្ធិ​អំណាច​ដើម្បី​ស្វែងរក និង​ផ្តន្ទាទោស​ចំពោះ​អំពើ​ខុសឆ្គង​៕

វីដេអូ៖