ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមទាំង​ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវ​ឆាប់​ដោះស្រាយ​បញ្ចប់​ការតវ៉ា​របស់​អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ឱ្យបាន​រហ័ស បន្ទាប់ពី​លោក​បាន​មើលឃើញ​ការតវ៉ា​របស់​អតីត​បុគ្គលិក​នេះ​ត្រូវ​បាន​អូសបន្លាយ​រយៈពេល​ជាច្រើន​ខែ​។

ការថ្លែង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៥ ខែមករា ក្នុងពេលដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ទិស​ភូមិភាគ​ទី​ ១ ភូមិភាគ​ទី​ ២ និង​ភូមិភាគ​ទី​ ៣ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

លោក ស ខេង បាន​ថ្លែងថា ទាក់ទង​នឹង​ការតវ៉ា​របស់​អតីត​បុគ្គលិក​ធ្វើការងារ​នៅ​ណាហ្គាវើលដ៍​នេះ គឺជា​ជម្លោះ​ការងារ ឬ​ជា​វិវាទ​ការងារ ដែល​គណៈកម្មការ​ដោះស្រាយ​វិវាទ​ការងារ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ ជា​អ្នកដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​សាលា​រាជធានី​ភ្នំពេញ​ជាដើម​ត្រូវ​រក​វិធីសាស្ត្រ​សម្របសម្រួល ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។

ក្រៅពី​ថ្លែង​ឱ្យ​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​លោក ស ខេង ក៏បាន​ទទូច​ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បន្ត​ការអត់ធ្មត់ និង​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី ហើយ​ក្នុងករណី​មិន​សះជា គួរតែ​បញ្ជូន​វិវាទ​នេះ​ទៅ​តុលាការ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាមច្បាប់​។

លោក ស ខេង បាន​បញ្ជាក់ថា​៖ «​ពិត​មែនទែន​ទៅ មិនមែន​តែ​អាជ្ញាធរ​នោះទេ គឺ​ភាគី​ ៣ ដែលមាន​ការពាក់ព័ន្ធ​ក្នុង​រឿងនេះ គឺ​ភាគី​ទី​ ១ គឺ​បុគ្គលិក​ដែលជា​អ្នក​តវ៉ា ភាគី​ទី​ ២ គឺ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ហើយ​ភាគី​ទី​ ៣ ជា​អាជ្ញាកណ្តាល គឺ​សមត្ថកិច្ច​របស់​យើង​។ ​អ៊ីចឹង​ហើយ​សុំ​ភាគី​ទាំង​ ៣ ​នេះ មេត្តា​អត់ធ្មត់​តទៅទៀត​។ ទន្ទឹមនឹងនេះ គឺ​ខិតខំ​រក​វិធី​បញ្ចប់​ឱ្យ​បាន​ឆាប់​កាលណា គឺ​ល្អ​កាល​ហ្នឹង ហើយ​បើសិន​បែរខ្នង​ដាក់គ្នា​រហូត គឺ​ដោះ​យ៉ាងម៉េច​ក៏​មិន​ចប់​ដែរ​។ បើ​អាច​ថា បន្តិច​ម្តងៗ​យើង​ងាក​មុខ​រកគ្នា​ទៅ​ប្រហែល​ជា​អាច​រកឃើញ​ដំណោះស្រាយ តែបើ​ថា មិន​បែរមុខ​ដាក់គ្នា​ទេ អាហ្នឹង​គឺ​មិនដឹង​ថា ឆ្នាំ​ណា​អាច​រកឃើញ​ដំណោះស្រាយ​ទេ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​តែង​ផ្តល់យោបល់​ទៅ​អាជ្ញាធរ​ក្រុង ក៏ដូចជា ឯកឧត្តម អ៊ិត សំហេង ​ផងដែរ ឱ្យ​សមត្ថកិច្ច​នគរបាល​របស់​យើង គឺ​ខិតខំ​ដើម្បី​នឹង​សម្របសម្រួល​ឱ្យ​ភាគី​ទាំង​ ២​នេះ​អាច​និយាយ​ជាមួយគ្នា ហើយ​រកដំណោះស្រាយ​ជាមួយ​គ្នា ហើយ​បើសិនជា​រក​ដំណោះស្រាយ​មិនឃើញ​អាច​ប្តឹង​តុលាការ ឬ​ប្តឹង​អី​ទៅតាម​ច្បាប់​ជា​ធរមាន ដែល​ច្បាប់​មាន​ចែង​ច្បាស់​អំពី​បញ្ហា​នេះ ដោយ​ដោះស្រាយ​ឱ្យបាន​សមស្រប​ទៅតាម​ហ្នឹង​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៥​ មករា​ថា ចំពោះ​វិវាទ​នេះ គឺ​ក្រសួង​បាន​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានលើកឡើង​ឱ្យមាន​ការដោះស្រាយ​ដោយ​សន្តិវិធី​។ លោក​បន្តថា ហេតុដូច្នេះ​ហើយ​បានជា​ក្រសួង​បាន​អញ្ចើញ​ភាគី​វិវាទ​មក​ផ្សះផ្សា​ចំនួន ៥ ​ដង​ថែមទៀត ក្រោយ​ផ្ទុះ​ការតវ៉ា​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅ​។

លោកបាន​អះអាងថា បច្ចុប្បន្ននេះ​ក្រសួង​នៅតែ​អំពាវនាវ និង​អញ្ជើញ​បងប្អូន​មកជួប​ប្រជុំគ្នា​ក្នុងករណី​ដែល​បងប្អូន​ចង់​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការងារ ឬ​ចង់​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន ខណៈ​ក្រសួង​បាន​ត្រៀម​មន្ត្រី​រួច​ជាស្រេច ដើម្បី​ទទួល​ជួប​ជាមួយ​បងប្អូន និង​ត្រៀម​ធ្វើលិខិត​អញ្ចើញ​ភាគី​ក្រុមហ៊ុន ប្រសិនជា​បងប្អូន​ចង់​ជួប​។

លោក​បាន​ថ្លែងថា​៖ «​បើ​ភាគី​វិវាទ​មិន​ជួបគ្នា នោះ​យើង​មិនអាច​បញ្ចប់រឿង​បានទេ​? ពេល​ជួបគ្នា​យើង​ត្រូវយក​ភាព​ជាក់ស្តែង និង​ច្បាប់​យកមក​ធ្វើជា​មូលដ្ឋាន​ពិភាក្សា​គ្នា​។ ក្រសួង​នឹង​បន្ត​សម្របសម្រួល និង​សូម​អំពាវនាវ​ឱ្យ​បងប្អូន​អញ្ជើញ​មក​ប្រជុំ​។ ចំពោះ​ចំណុច​វិវាទ​ណា ដែល​ភាគី​វិវាទ​មិន​ឯកភាព​គ្នា គឺ​យើង​ត្រូវអនុវត្ត​នីតិវិធី​បន្ត​ដែល​មានចែង​ក្នុង​ច្បាប់​គឺ​ភាគី​វិវាទ​ត្រូវ​ប្តឹងទៅ​តុលាការ​ ដើម្បី​បកស្រាយ និង​បញ្ចប់រឿង​»​។

វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​បុគ្គលិក​ដែល​ត្រូវ​បានបញ្ចប់​កិច្ចសន្យា​ការងារ​ជាង ៣០០ នាក់​ត្រូវបាន​បន្ត​អូសបន្លាយ​មកដល់​បច្ចុប្បន្ន បន្ទាប់ពី​ក្រុមហ៊ុន​នេះ​សម្រេច​កាត់បន្ថយ​បុគ្គលិក​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ឆ្នាំ ២០២០ និង​ឆ្នាំ​ ២០២១ ជាង ១ ០០០ នាក់​នៅក្នុង​ចំណោម​បុគ្គលិក​ជាង ៨ ០០០ នាក់​។ នៅ​ថ្ងៃទី​ ២៥ ខែមករា អតីត​បុគ្គលិក​ជាង ២០០ នាក់​ក៏​នៅតែ​បន្ត​ជួបជុំ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅក្បែរ​អគារ​ក្រុមហ៊ុន ដើម្បី​ទាមទារ​បាន​ចូលធ្វើការ​វិញ និង​ទាមទារ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​សហជីព​របស់​ពួកគេ​ចំនួន ៨ នាក់ បន្ទាប់ពី​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ដើមខែ​។ គិត​ត្រឹម​ថ្ងៃទី​ ២៤ មករា​នេះ អតីត​បុគ្គលិក​ណាហ្គាវើលដ៍​បានធ្វើការ​ប្រមូលគ្នា​តវ៉ា​ប្រមាណ ២ ខែ​រួចមកហើយ​។ កាលពី​ថ្ងៃទី ២៥ មករា ក្រុមប្រឹក្សា​សហភាព​សហជីព​អន្តរជាតិ​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទទូច​ឱ្យមាន​ការដោះលែង​ពួកគេ​។

ប៉ុន្តែ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​ ៤ មករា​ថា ចំណាត់ការ​របស់​សមត្ថកិច្ច​ទៅលើ​ក្រុម​មេដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​គឺធ្វើឡើង​ស្របទៅតាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖