ភ្នំពេញៈ អត្រា​បោះបង់​ការសិក្សា​នៅ​សាលាបឋមសិក្សា​បាន​ធ្លាក់ចុះ និង​មាន​កំណើន​ការចូលរៀន​ទៀងទាត់ បន្ទាប់ពី​មានកម្ម​វិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលា ដែល​មកដល់​ពេលនេះ មាន​សាលា​គោលដៅ​ជាង​ ១ ០០០​ សាលា​ក្នុង​ខេត្ត​ចំនួន ​១០​ បាននិងកំពុង​អនុវត្ត​កម្មវិធី​នេះ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន បញ្ជាក់​បែបនេះ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នា​ថ្ងៃទី​ ២៤​ មករា ក្នុងពេល​លោក​រដ្ឋមន្ត្រី​រួម​នឹង​នាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​(KOICA) និង​នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​(WFP)​ បាន​បើកសម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្ទះបាយ​សាលា កន្លែង​ទទួលទាន​អាហារ និង​សម្ភារ​បរិក្ខារ​ផ្សេងៗ​ទៀត នា​ខេត្ត​កំពង់ឆ្នាំង​។

លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា​៖ «​ចាប់តាំងពី​កម្មវិធី​បាន​ចាប់ផ្តើម​មក យើង​បានកត់សម្គាល់​ឃើញថា អត្រា​បោះបង់​ការសិក្សា​នៅ​សាលាបឋមសិក្សា​បាន​ធ្លាក់ចុះ និង​មាន​កំណើន​ការ​ចូលរៀន​ទៀងទាត់​»​។

លោក​បន្តថា ការផ្តល់​អាហារ​ចម្រុះ​ និង​សម្បូរ​ជីវជាតិ នៅតាម​សាលារៀន ដោយ​ឥតគិតថ្លៃ គឺជា​ការជំរុញ​ទឹកចិត្ត​ដ៏ខ្លាំងក្លា​ដល់​ក្រុមគ្រួសារ​ឱ្យ​បញ្ជូន​កូន​ទៅ​សាលារៀន​ក៏ដូចជា​ជួយ​សម្រាល បន្ទុក​សេដ្ឋកិច្ច​របស់​ពួកគាត់​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​ហើយ​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាមសាលារៀន​បានផ្ដល់​អាហារ​ដល់​កុមារ​ចំនួន​ ៣២០ ០០០ ​នាក់ ក្នុង​សាលា​គោលដៅ​ចំនួន​ ១ ១១៤ ​នៅ​ខេត្ត​ចំនួន​ ១០​។ ការសិក្សា​បានបង្ហាញ​ថា អាហារ​ដែលមាន​ជីវជាតិ ជួយ​បង្កើន​ការផ្តោត​អារម្មណ៍​របស់​សិស្ស និង​ជួយ​ឱ្យ​ការរៀនសូត្រ​របស់​ពួកគេ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រួមចំណែក​លើកកម្ពស់​លទ្ធផល​នៃ​ការអប់រំ​។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) លើកឡើងថា កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​កម្ពុជា​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​អប់រំ និង​ក្របខ័ណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​តាម​ការលើកកម្ពស់​លទ្ធភាព​ទទួល​បានការ​អប់រំ សម្រាប់​កុមារ​ថ្នាក់​មត្តេយ្យ និង​បឋមសិក្សា​។ ការលើកកម្ពស់​អាហារូបត្ថម្ភ និង​សុខភាព​របស់​ពួកគេ និង​ជួយ​ឱ្យ​ពួកគេ​បាន​ហូប​ឆ្អែត​មួយរយៈ​ពេល​ក៏ដូចជា ជួយផ្តល់​នូវ​សំណាញ់​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ ដែល​ងាយ​រងគ្រោះ តាមរយៈ​កម្មវិធី​ផ្ទេរប្រាក់​។

ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ ​មក KOICA បាន​គាំទ្រ​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​នៅតាម​សាលារៀន​នៅ​ខេត្តកំពង់ធំ កំពង់ឆ្នាំង និង​ពោធិ៍សាត់ ដោយ​ផ្តល់​មូលនិធិ​សរុប​ចំនួន​ ១០ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​។ ជំនួយ​នេះ​បាន​អនុញ្ញាតឱ្យ​មានការ​សាងសង់​ផ្ទះបាយ កន្លែង​ទទួលទាន​អាហារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ និង​អនាម័យ​នៅតាម​សាលារៀន​ជាច្រើន​ ដើម្បី​សម្រួល​ដល់​ការផ្ដល់​អាហារ​តាម​សាលារៀន​ប្រកបដោយ​សុវត្ថិភាព អនាម័យ និង​មាន​ប្រសិទ្ធភាព​។

លោក​ RHO Hyunjun​ នាយក​ប្រចាំ​ប្រទេស​របស់​ KOICA ​លើកឡើង​ថា លោក​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន ប្រើប្រាស់ កសិផល​សហគមន៍​អាច​ដំណើរការ​ឡើងវិញ​បាន​ពេញលេញ ដោយ​ធានាថា កុមារ​អាច​ទៅ​សាលារៀន​ទទួលបាន​អាហារ​មាន​ជីវជាតិ និង​បាន​រៀនសូត្រ​អស់ពី​សមត្ថភាព​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​ការអប់រំ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេសមួយ ហើយ​យើង​មិន​ចង់ទុក​កុមារ​ណា​ម្នាក់​ចោល​នោះទេ​។ យើង​សង្ឃឹមថា ការរួមចំណែក​មួយផ្នែក​តូច​នេះ​នឹង​រួមចំណែក​ដល់​កិច្ចការ​នេះ​»​។

ជាមួយ​គ្នា​នេះ លោកស្រី​ គ្លែរ កូណាន់ តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ជា​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ KOICA សម្រាប់​ការគាំទ្រ​ដល់​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​។

លោកស្រី​ថ្លែងថា​៖ «​ពួកគាត់​មាន​ភាពបត់បែន និង​គិតគូរ​ពី​អនាគត​ទៅមុខ ជាពិសេស​មានគំនិត​ផ្តួចផ្តើម​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​លក្ខណៈ​ស្តង់ដា​នៅតាម​សាលារៀន​ ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​កម្មវិធី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ កុមារ​នៅ​សាលា​ទាំងនេះ​មិនចាំបាច់​ញ៉ាំ​អាហារ​ក្នុង​ថ្នាក់ ឬ​ក្នុង​ទីធ្លា​បរិវេណ​សាលា​ទៀត​ទេ​»​។

គួររំឭក​ដែរ​ថា ក្នុងអំឡុងពេល​សាលារៀន​បាន​បិទ ដោយសារ​ការរាតត្បាត​នៃ​មេរោគ​កូវីដ​ ១៩ ទីភ្នាក់ងារ​កយកា បាន​ព្រមព្រៀង​ឱ្យ​ផ្លាស់ប្តូរ​ពី​ការផ្ដល់​ស្បៀង​តាម​សាលារៀន​ទៅជា​ការចែក​ស្បៀង​ដល់​ក្រុមគ្រួសារ​សិស្ស​ក្រីក្រ ជា​បណ្ដោះអាសន្ន​ក្នុង​គោលបំណង​បន្ត​ផ្ដល់​អាហារូបត្ថម្ភ​ដើម្បី​ជួយ​ឱ្យ​កុមារ​បន្ត​ការសិក្សា​នៅផ្ទះ​។

ឥឡូវនេះ​សាលា​បាន​បើក​ដំណើរការ​ឡើងវិញ​ទាំងស្រុង​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី កម្មវិធី​ផ្តល់​ស្បៀង​អាហារ​តាម​សាលារៀន​ក៏​ចាប់ផ្ដើម​ឡើងវិញ​ដែរ ដើម្បី​ធានាថា កុមារ​ទទួល​បាន​អាហារ​មាន​ជីវជាតិ​យ៉ាងតិច​ ១​ ដង ក្នុង​ ១​ ថ្ងៃ ដើម្បី​គាំទ្រ​ដល់​ការសិក្សា និង​ការអភិវឌ្ឍ​របស់​ពួកគេ​៕