ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​បុរាណ​ចិន មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការងារ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដោយ​ការបញ្ចូល​នូវ​វេជ្ជសាស្ត្រ​បុរាណ​ចិន ក្នុងការ​ព្យាបាល​ជំងឺ​នេះ​។

ការចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២២ នា​ក្រសួងសុខាភិបាល ដោយមាន​ការចូលរួម​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ហ័ង លូគី (Huang Luqi) ​អនុប្រធាន​រដ្ឋបាលជាតិ​វេជ្ជសាស្ត្រ​បុរាណ​ចិន និង​ជា​ប្រធាន​បណ្ឌិត្យសភា​ចិន​នៃ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន​រួមជាមួយ​លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​គណៈប្រតិភូ​មួយចំនួនទៀត​។

នា​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ លោក ម៉ម ប៊ុនហេង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​លោក Huang Luqi និង​គណៈប្រតិភូ ហើយ​លោក​បាន​ឯកភាព​ទៅលើ​គំនិត​ផ្តួចផ្តើម​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ បុរាណ​ចិន​មកជួយ​កម្ពុជា​ក្នុងការ​ព្យាបាល​ជំងឺ​កូវីដ ​១៩ ដោយ​ប្រើ​ឱសថ និង​វេជ្ជសាស្ត្រ​បុរាណ​ចិន​នេះ​។

លោក​បាន​មានប្រសាសន៍ថា៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហការ​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​បុរាណ​ចិន​មកជួយ​ពង្រឹងសមត្ថភាព​មន្ត្រី​សុខាភិបាល​កម្ពុជា មិន​ត្រឹមតែ​រយៈពេល ១ ​ឆ្នាំ និង​នៅតែ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ប៉ុណ្ណោះ​ទេ​តែ​នឹងត្រូវ​ពង្រីក​ទៅ​មន្ទីរពេទ្យ​ផ្សេងទៀត​ផងដែរ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​គូស​រំលេច​ឡើង​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋបាលជាតិ វេជ្ជសាស្ត្រ​បុរាណ​ចិន​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង និង​ពង្រីក​វេជ្ជសាស្ត្រ​បុរាណ​នៃ​ប្រទេស​ទាំង​ ២ ​ទៀតផង​។

ជាមួយ​គ្នា​នោះ​ផងដែរ លោក ហ័ង លូគី ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ចិន​លើ​វិស័យ​សុខាភិបាល​ជាពិសេស​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដ៏ធំ​ស្កឹមស្កៃ​ដែល​បំពាក់​ដោយ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដ៏ទំនើប​ដំបូង​គេ​នៅ​កម្ពុជា​។

អនុប្រធាន​រដ្ឋបាលជាតិ វេជ្ជសាស្ត្រ​បុរាណ​ចិន​រូបនេះ​បាន​ចុះ​ពិនិត្យមើល​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដើម្បី​ពិនិត្យ​លទ្ធភាព​បង្កើត​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ដោយ​ប្រើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​នេះ​ទៅតាម​ស្ថានភាព និង​តម្រូវការ​ជាក់ស្តែង​របស់​មន្ទីរពេទ្យ​នេះ​ផងដែរ​។

យោងតាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ័ង លូគី នា​លើក​នេះ​គឺជា​សកម្មភាព​ដ៏សំខាន់​ក្នុងការ​អនុវត្ត​សេចក្តីណែនាំ​សំខាន់ៗ​របស់លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការ​បក្ស​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​ឱសថ​បុរាណ​ចិន​ព្រមទាំង​សមិទ្ធផល​នៃ​កិច្ចប្រជុំ​តាម​វីដេអូ​រវាង​នាយករដ្ឋមន្ត្រី​ទាំង​ ២ ​ប្រទេស​កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​កន្លងទៅ​។

ស្ថានទូត​ចិន​បាន​បញ្ជាក់ថា​៖ «​នេះ​មិន​ត្រឹមតែ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ ក្នុង​កិច្ចប្រយុទ្ធ​ប្រឆាំង​វីរុស​កូវីដ ​១៩ ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​យ៉ាង​ពេញទំហឹង​លើ​ទំនាក់ទំនង​សិក្សា​ពីគ្នា​ទៅវិញ​ទៅមក​លើ​វិស័យ​ឱសថ​បុរាណ​នៃ​ប្រទេស​ទាំង ​២ ​ផងដែរ​»៕