ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ ខែមករា ថា គិត​ត្រឹម​យប់​ថ្ងៃទី​ ២៣ ខែមករា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ អូមីក្រុង​មាន​ចំនួន​ ៦២៧ ​ករណី ក្នុងនោះ​អ្នក​ឆ្លង​ចូលក្នុង​សហគមន៍​មាន​ចំនួន ​២១៤​ ករណី​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៤ ខែមករា នៅ​ខេត្តកំពង់ឆ្នាំង​ថា តួលេខ​នៃ​ការរកឃើញ​នូវ​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​អូមីក្រុង​ជា​រឿង​មួយ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ដឹង ប៉ុន្តែ​អ្វីដែល​ចាំបាច់ និង​សំខាន់បំផុត​ជាងនេះទៀត​គឺ​ការការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ក្រសួងសុខាភិបាល​បានចេញ​ផ្សាយ​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ​នូវ​ករណី​ឆ្លង​អូមីក្រុង​នេះ​។ អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ ការដឹង​ពី​ចំនួន​នៃ​​អ្នក​ឆ្លង​វា​ជាការ​ត្រឹមត្រូវ​ហើយ តែ​អ្វីដែល​កាន់តែ​ត្រឹមត្រូវ ហើយ​អ្វីដែល​រឹតតែ​ចាំបាច់​ជាង​នោះ​ទៀត​គឺ​ការបន្ត​ការរក្សា​នូវ​ការការពារ​ខ្លួន​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ចៀសវាង​បាន​ពី​ការវាយលុក​ពី​ពពួក​អូមីក្រុង​នេះ​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា ដើម្បី​កុំឱ្យ​ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​អូមីក្រុង​នេះ​មានការ​កើនឡើង​កាន់តែ​ច្រើន​ថែមទៀត ទាល់តែ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ចូលរួម​អនុវត្ត​នូវ​វិធាន​ការការពារ​ខ្លួន​ទាំងអស់​គ្នា​។

លោកស្រី​ថា​៖ «​ការការពារ​ខ្លួន​មិន​លើស​អ្វី​ក្រៅពី​យើង​កំពុងតែ​អនុវត្ត​នោះទេ គឺ​វិធានការ​ ៣​ ការពារ​ និង​ ៣ ​កុំ ហើយ​និង​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា​»​។

ជាមួយ​គ្នា​នោះដែរ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន ក៏បាន​លើកឡើង​ដែរ​ថា មេរោគ​អូមី​ក្រុង​នេះ​ជា​មេរោគ​មួយ​ដែល​បំប្លែង​ថ្មី ដែលមាន​ល្បឿន​នៃ​ការឆ្លង​លឿន វា​អាច​ឆ្លង​ក្នុង​សហគមន៍​នេះ​ក្នុង​ល្បឿន​មួយ​លឿន​មែនទែន​បើ​ធៀប​​ជាមួយនឹង​មេរោគ​បំប្លែង​ប្រភេទ​ដែលតា​។

លោកស្រី​បាន​ប្រាប់ថា​៖ «​ភាព​ធ្ងន់ធ្ងរ​នៃ​មេរោគ​នេះ​មាន​លក្ខណៈ​ធូរស្រាល​ជាង​មេរោគ​ដែលតា តែ​មេរោគ​អូមីក្រុង​នេះ​នៅតែ​ជា​មេរោគ​ដែល​អាចមាន​គ្រោះថ្នាក់​ដែល​អាច​បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​។ ទន្ទឹមពេល​ជាមួយ​គ្នា​នេះដែរ យើង​កំពុងតែ​រៀនសូត្រ​បន្ថែម​ពី​មេរោគ​អូមីក្រុង​នេះ​»​។

តំណាង​ WHO ​រូបនេះ​បាន​បន្ថែមទៀតថា មេរោគ​នេះ​ពុំ​អាច​កម្ចាត់​ឱ្យអស់​តែម្តង​បានទេ ប៉ុន្តែ​អ្វីដែល​គ្រប់គ្នា​អាចធ្វើ​បាន​គឺ​ការទប់ស្កាត់​ការចម្លង​នៅក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន ដោយ​ការប្រើប្រាស់​នូវ​វិធានការ​ និង​ឧបករណ៍​ដែលមាន​ស្រាប់​ក្នុងពេល​បច្ចុប្បន្ននេះ​។

លោកស្រី លី អៃឡែន បាន​បញ្ជាក់ថា​៖ «៣ ​ចំណុច​ដែល​យើង​ត្រូវ​ចៀសវាង​ឱ្យបាន​គឺ​ការដាក់បន្ទុក​ធ្ងន់ធ្ងរ​ទៅដល់​ប្រព័ន្ធ​សុខាភិបាល មន្ទីរពេទ្យ ទី​ ២ ត្រូវ​ចៀសវាង​ការបង្កើត​ប្រព័ន្ធ​ ២ ​ផ្សេងគ្នា​សម្រាប់​មេរោគ​អូមីក្រុង​ និង​មេរោគ​ផ្សេងទៀត​»​។

រីឯ ចំណុច​ទី ​៣ ​ដែល​ត្រូវ​ចៀសវាង​នោះ​គឺ ប្រជាពលរដ្ឋ​ដែល​មិន​ចូលរួម​ ឬ​មានការ​ព្រងើយ​កន្តើយ បន្ធូរបន្ថយ​នូវ​ការអនុវត្ត​វិធានការ​សុខាភិបាល​ និង​សង្គម​។

លោកស្រី​ថា​៖ «​ពិតណាស់ យើង​មិនត្រូវ​មាន​ភាពស្លន់ស្លោ​ពេក​នោះទេ ហើយ​ជាមួយគ្នា​នោះ​យើង​ក៏​មិនត្រូវ​មានការ​ធ្វេសប្រហែស​ដោយ​មិន​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​នោះដែរ​»​។

ដោយឡែក​នៅ​ថ្ងៃទី​ ២៦ ខែមករា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​អាស្ត្រាហ្សេនីកា (AstraZeneca) ​ចំនួន ៣០ ​ម៉ឺនដូស ដែល​ត្រូវ​បានផ្តល់​ដោយ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​​ប៉ូឡូញ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​កម្ពុជា​។

គិត​មកដល់ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​កូវីដ ​១៩ ទាំង​ការបញ្ជាទិញ ការផ្តល់​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​តាមរយៈ​យន្តការ​កូវ៉ាក់​មាន​ចំនួន​សរុប​ជាង​ ៤៣ ​លានដូស​ហើយ សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែមករា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​បាន​ចំនួន ៨៩,៦២% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន​នាក់​។ ជាមួយ​គ្នា​នេះដែរ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​មាន​ចំនួន​ជាង​ ៦​ លាន​នាក់​ហើយ រីឯ​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៤ ក្នុង​រយៈពេល ​១១ ​ថ្ងៃ​បាន​ចំនួន​ជាង ៣៤ ​ម៉ឺន​នាក់​ផងដែរ​៕