ព្រះសីហនុៈ រថភ្លើង​ដឹកទំនិញ​ចំនួន​ ២ គ្រឿង បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​ទូ​ដឹកទំនិញ​ជាច្រើន​ត្រូវ​ក្រឡាប់​ផ្ងារជើង ហើយ​អ្នកបើកបរ​ម្នាក់​បាន​រងរបួស​។ ករណីនេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ ​២០២២ នៅ​ចំណុច ភូមិ​ថ្មី សង្កាត់​លេខ​៣ ក្រុង-ខេត្ត​ព្រះសីហនុ​។

លោក អ៊ុក សុផាន់ណារ៉ា នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​ដ៏កម្រ​នេះ គឺ​បណ្ដាលមកពី​អ្នកបើកបរ​រថភ្លើង​ទាំង​ ២ មិន​ផ្ដល់ដំណឹង ឬ​សញ្ញា​ឱ្យ​គ្នា​ទៅវិញទៅមក ហើយ​អ្នកគ្រប់គ្រង​ស្ថានីយ​រថភ្លើង​ទាំង​នៅ​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ​ក៏​មិនបាន​ផ្ដល់ព័ត៌មាន​អំពី​ការមកដល់ និង​ការចេញដំណើរ​នៃ​រថភ្លើង​ពី​ស្ថានីយ​ទាំង​ ២ ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​រថភ្លើង​ទាំង​ ២​ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​នៅ​ចម្ងាយ​ប្រមាណ​ ៥០០ ​ម៉ែត្រ​ពី​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ​។ ក្នុង​ហេតុការណ៍​នោះ មាន​អ្នកបើកបរ​ម្នាក់​ក្នុង​ចំណោម​អ្នកបើកបរ​ ៣ ​នាក់​បាន​រងរបួស​ស្រាល ដោយ​ដាច់​រលាត់​ដៃ ជើង និង ពកថ្ងាស​បន្តិចបន្តួច​»​។

បើតាម​លោក សុផាន់ណារ៉ា ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ក្រុមការងារ​បច្ចេកទេស​នៃ​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ​បាន​នាំយក​រថយន្តស្ទូច​មក​ស្ទូច​ក្បាល​ និង​ទូរថភ្លើង​ទាំងនោះ ហើយ​នាំទៅ​កាន់​ស្ថានីយ​វិញ​ដើម្បី​ជួសជុល ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​គ្នា​ដ៏កម្រ​នេះ​ផងដែរ​លោក​ ជួន ណារិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​អ្នកគ្រប់គ្រង​ស្ថានីយ​រថភ្លើង​ក៏ដូចជា​អ្នកបើកបរ​រថភ្លើង​ត្រូវ​យកចិត្តទុកដាក់​អំពី​លក្ខណៈ​បច្ចេកទេស​ស្ថានភាព​ផ្លូវ ផ្លូវ​ចំណោត​ផ្លូវភ្លោះ​សម្រាប់​ប្ដូរ​ទិស​នៅក្នុង​ស្ថានីយ​ធំ និង​អនុស្ថានីយ ការបើកបរ និង​ការកំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ការចេញ​ដំណើរ​ និង​ការមកដល់​នៃ​រថភ្លើង​នៅតាម​ស្ថានីយ​នីមួយៗ​។

ទូរថភ្លើង​ក្រឡាប់ ដោយសារ​បុក​គ្នា​នៅ​ខេត្ត​ព្រះសីហនុ​។ រូប BTV

លោក​ថា​៖ «​ប្រសិនបើ​រថភ្លើង​ទាំង​ ២ ​ជា​រថភ្លើង​ដឹក​អ្នកដំណើរ​វិញ​នោះ ហើយ​ជួប​គ្រោះថ្នាក់​បុក​គ្នា​ក្រឡាប់​ផ្ងារជើង​បែបនេះ​មិនដឹងថា មាន​ជនរងគ្រោះ​ស្លាប់ និង​របួស​ប៉ុន្មាន​នាក់​នោះទេ​។ ដូច្នេះ​សូមអ្នក​គ្រប់គ្រង ស្ថានីយ​រថភ្លើង ក៏ដូចជា​អ្នកបើកបរ​រថភ្លើង គប្បី​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ផ្ដល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​អំពី​ពេលវេលា​នៃ​ការមកដល់ និង​ចេញដំណើរ​នៅតាម​ស្ថានីយ​នីមួយៗ​គ្រប់​ពេលវេលា​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​»​។

បើតាម​លោក ជួន ណារិន្ទ ជនរងគ្រោះ​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​ ២ ​គ្រឿង​បុក​គ្នា​នេះ ឈ្មោះ រស់ ចិន អាយុ​ ៧០ ​ឆ្នាំ​ជា​អ្នកបើកប​រថភ្លើង​ចេញពី​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ​។ ចំណែក​រថភ្លើង​ដែល​មកពី​រាជធានី​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ស៊ុន វណ្ណឌី អាយុ​ ៣៥ ​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ សេង គីម អាយុ​ ៤០ ​ឆ្នាំ ជា​ជំនួយ​ការបើក​បររថ​ភ្លើង ។

លោក​បាន​បញ្ជាក់ថា​៖ «​ពួកគេ​ទាំង​ ៣​នាក់​គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន Royal Railway​។ រថភ្លើង​ទាំង ​២​ខ្សែ ជា​ប្រភេទ​រថភ្លើង​ដឹកទំនិញ​»​។

ទោះយ៉ាងណា លោក​មិនបាន​ប្រាប់​ឱ្យដឹង​អំពី​ប្រភេទ​ទំនិញ​ដែលមាន​នៅក្នុង​ទូរថភ្លើង​ដែល​បាន​ក្រឡាប់​ផ្ងារជើង​នោះទេ​។ ជាមួយ​គ្នា​នេះ ខាង​ក្រុមហ៊ុន Royal Railway ក៏​មិនអាច​ទាក់ទង​ស្នើសុំ​ការពន្យល់​ជុំវិញ​ករណីនេះ​បានដែរ​កាលពី​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២២៕

វីដេអូ៖