ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​មាន​សិទ្ធិ​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ​នាំចូល​នូវ​មុខទំនិញ ពី​ក្រៅប្រទេស​ជាពិសេស​សារធាតុ​គីមីសំយោគ ត្រូវមាន​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ការពារ​ទប់ស្កាត់​ចលនា​ប៉ុនប៉ង​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ការយក​កម្ពុជា​ជា​ទីតាំង​កែច្នៃ និង ផលិត​គ្រឿងញៀន​។

ក្នុង​ពិធី​ផ្ដល់​រថយន្ត​ ១៩ ​គ្រឿង​ដល់​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន ប្រចាំ​ភូមិភាគ​ ១ ភូមិភាគ​ ២ និង​ភូមិភាគ ​៣ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការ​អគ្គស្នងការ​នគរបាល​ជាតិ​នា​ព្រឹក​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២២ លោក ស ខេង បាន​ថ្លែងថា បញ្ហា​គ្រឿងញៀន​កំពុង​បង្ក​នូវ​អសន្តិសុខ​សង្គម​នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដែល​មិនអាច​មើលរំលង​បាន​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​លួចលាក់​ចរាចរ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ព្រំដែន​នៃ​ប្រទេសជិតខាង ដូចជា​ប្រទេស​ឡាវ ថៃ និង​វៀតណាម បាន​រាប់រយ​គីឡូក្រាម និង​ជាង​ ១០០ ​តោន​ទៀត ជា​គ្រឿងញៀន​សំយោគ​ដែល​ត្រូវបាន​គេ​នាំចូល​ដោយមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបង្ក្រាប​ចាប់​គ្រឿងញៀន​ដែល​គេ​លួចលាក់​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​នាំចូល​មក​តាម​ព្រំដែន​ឡាវ ថៃ និង​វៀតណាម បាន​ប្រមាណ​ជាង​ ១ ​តោន ប៉ុន្តែ​គ្រឿងញៀន​សំយោគ​ដែល​ត្រូវបាន​គេ​នាំចូល​ដោយមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ គឺ​ជាង​ ១០០ ​តោន​»​។

ជុំវិញ​ការអនុញ្ញាត​ឱ្យ​មានការ​នាំចូល​នូវ​សារធាតុ​គីមីសំយោគ​សម្រាប់​កែច្នៃ និង​ផលិត​ជា​គ្រឿងញៀន​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​អ្នកណា​ទទួល​ខុសត្រូវ​ក្នុងការ​អនុញ្ញាត​ឱ្យ​នាំ​សារធាតុ​ញៀន​ហ្នឹង​មក​?»​។

បើតាម​ការរៀបរាប់​របស់​លោក​មាន​មន្ត្រី​ធំៗ​ជាច្រើន​នាក់​បាន​នាំគ្នា​ចុះហត្ថលេខា​នៅលើ​លិខិត​អនុញ្ញាត​ឱ្យមាន​ការនាំ​ចូល​នូវ​សារធាតុ​គីមី​សំយោគ សម្រាប់​កែច្នៃ និង​ផលិត​គ្រឿងញៀន​នេះ​។ ទន្ទឹមនឹងនេះ លោក​បាន​លើក​ឧទាហរណ៍ ដោយ​ប្រដូច​ករណី​នាំចូល​សារធាតុ​គីមីសំយោគ​សម្រាប់​កែច្នៃ និង​ផលិត​គ្រឿងញៀន​នោះ​ទៅនឹង​ចោរលួច​ឡាន​ថ្មី​មួយ​ពី​ក្រៅ​ប្រទេស តាមរយៈ​ការប្រើ​មធ្យោបាយ​នាំចូល​នូវ​គ្រឿងបន្លាស់ កង់ ម៉ាស៊ីន និង​តួ​រថយន្ត​រួចហើយ​គេ​យកមក​ដំឡើង​ចេញ​ជា​រថយន្ត​ថ្មី ១ ​គ្រឿង​។

ថ្លែង​ដោយ​មិន​ចំឈ្មោះ​ក្រសួង​ដែល​បានផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​មាន​ការនាំចូល​នូវ​សារធាតុ​គីមីសំយោគ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រី​នៃ​ក្រសួង​នោះ​ត្រូវ​ត្រួតពិនិត្យ​តាមដាន​មើល​លើ​ករណីនេះ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ​បំផុត​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ត្រូវ​ផ្ដល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​នូវ​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​សូម​ឯកឧត្តម​ [​រដ្ឋមន្ត្រី​] ​ទទួលបន្ទុក​ការងារ​នេះ​សូមឱ្យ​ជួយ​មើល និង​តាមដាន​រឿង​ហ្នឹង​ផង បើ​មិន​អ៊ីចឹង ឯកឧត្តម​នឹង​ជាប់​ជំពាក់​ចំពោះ​ការទទួល​ខុសត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​សុខភាព​សាធារណៈ និង សេដ្ឋកិច្ចសង្គម​»​។

ជាមួយ​គ្នានេះ លោក​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សារធាតុ​គីមីសំយោគ​ដែល​អាច​ផ្សំគ្នា​សម្រាប់​កែច្នៃ​ផលិត​ជា​គ្រឿងញៀន ដើម្បី​ចម្លងជូន​ទៅដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ពិនិត្យ​ឱ្យបាន​ច្បាស់​មុនពេល​ត្រូវ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ណាមួយ​ឱ្យ​នាំចូល​នូវ​សារធាតុ​គីមីសំយោគ​ទាំងនោះ​។ ចំណែក​ក្រសួង និង​ស្ថាប័ន​ដែល​ទទួលបន្ទុក​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យគេ​នាំចូល​នូវ​សារធាតុ​គីមីសំយោគ​ណាមួយ​សម្រាប់​បម្រើការ​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​នោះ ក៏ត្រូវ​ផ្ដល់នូវ​របាយការណ៍​លម្អិត​ពី​គោលបំណង​របស់​ក្រុមហ៊ុន​នោះមក​ខាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​វិញ​ផងដែរ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការតាមដាន​ឃ្លាំ​មើលថា​តើ​ក្រុមហ៊ុន​នោះ ពិតជា​នាំសារធាតុ​គីមី​សំយោគ​នោះមក​សម្រាប់​ដំណើរការ​អាជីវកម្ម​ត្រឹមត្រូវ​តាម​អាជ្ញាប័ណ្ណ​ដែល​បាន​ស្នើសុំ​ឬ​យ៉ាងណា​?​។

លោក​ថ្លែងថា​៖ «​រដ្ឋ​ [​ប្រទេស​កម្ពុជា​] យើង​មិនមែន​ជា​រដ្ឋ​ដាច់ដោយឡែកៗ​ពីគ្នា​ទេ គឺជា​រដ្ឋ​ឯកភាព​ជា​រដ្ឋ​ទោល បើទោះជា​រដ្ឋ​សហព័ន្ធ​ក៏​គង់​គេ​ចែករំលែក​ផ្ដល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ដែរ​»​។

លោក​ថ្លែងថា ក្នុងចំណោម​អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​នាពេល​បច្ចុប្បន្ន​ប្រមាណ​ជា​ ៣ ៨០០០ ​នាក់​មាន​អ្នក​ជាប់ឃុំ​ដោយ​ករណី​គ្រឿងញៀន​សរុប​ចំនួន​ ៥៤,៥២ ​ភាគរយ​។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ទាំងអស់​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ រក្សា​សន្តិសុខ​ជូន​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ ដោយ​ពង្រឹង​ការចុះ​ល្បាត ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជាប្រចាំ ដោយ​អនុវត្ត​នូវ​វិធានការ ៣ ​មិន​ ១ ​រាយការណ៍​។

យោងតាម​របាយការណ៍​ដែល​ប្រកាសឡើង​ដោយ​លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​ភ័ស្ដុភារ និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ​ចាប់តាំងពី​ឆ្នាំ​ ២០១៩ មកដល់​ពេលនេះ​បានផ្ដល់​រថយន្ត​ដល់​បណ្ដា​អង្គភាព​កងកម្លាំង​នគរបាល​នៅ​ទូទាំង​រាជធានី-ខេត្ត​សរុប​ចំនួន​ ២៦៤ ​គ្រឿង​ក្នុងនោះ​រថយន្ត​ប្រភេទ​ Pickup Ford Ranger ​ចំនួន​ ២៣១ ​គ្រឿង និង Mazda ចំនួន​ ៣៣ ​គ្រឿង​។

យោង​តាមរយៈ​របាយការណ៍​ដដែល​នោះបាន​ឱ្យដឹងថា រថយន្ត​ Pickup Ford Ranger ស៊េរី​ឆ្នាំ​ ២០២២ ទាំង​ ១៩ គ្រឿង​នោះ​នឹងត្រូវ​ផ្ដល់ជូន​ដល់​នាយកដ្ឋាន​នគរបាល​ជើង​ទឹក​ចំនួន​ ៣ ​គ្រឿង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី រតនគិរី កោះកុង កំពង់ស្ពឺ និង​ស្វាយរៀង ទទួលបាន​ ២ ​គ្រឿងក្នុង​ ១​អង្គភាព​។ ចំណែក​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ស្ទឹងត្រែង កំពត និង​តាកែវ ទទួល​បាន​ ១ ​គ្រឿងក្នុង ១ ​អង្គភាព​៕

វីដេអូ៖