ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៥ ខែមករា បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​ករណី​លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ពាក្យបណ្តឹង​របស់​មេធាវី​រាជរដ្ឋាភិបាល ក្រោម​បទចោទ ​«​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ​ឬ​ «​ឃុបឃិត​ជាមួយ​បរទេស​ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​» ប៉ុន្តែ​សវនាការ​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​ទេ ពោលគឺ​បន្ត​លើកពេល​ទៅ​ថ្ងៃទី ​២ កុម្ភៈ ឆ្នាំ​ ២០២២​។

សវនាការ​របស់លោក​ កឹម សុខា ស្ថិតក្រោម​ក្រសែភ្នែក និង​ការតាមដាន​ពី​មន្ត្រី​ស្ថានទូត អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​លោក​ កឹម សុខា មួយចំនួន​ផងដែរ​។ ទោះជា​យ៉ាងណា សវនាការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដែលមាន​ការរៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​សម្រួល​ចរាចរណ៍​ពី​កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​។

ក្រោយ​ចេញពី​សវនាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ កឹម សុខា ជិះ​រថយន្ត​ម៉ាក Luxus ដោយមាន​កងកម្លាំង​ចម្រុះ​ជួយ​សម្រួល​ចរាចរណ៍​។ លោក​មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ប្រាប់​អ្នកសារព័ត៌មាន និង​អ្នក​គាំទ្រ​នោះទេ លោក​គ្រាន់តែ​លើកដៃ​សំពះ និង​រាដៃ​ចេញពី​ក្នុង​រថយន្ត​ដោយ​បង្ហាញ​នូវ​ការញញឹម​ចេញពី​ក្នុង​រថយន្ត​តែប៉ុណ្ណោះ​។

ក្រោយពី​បញ្ចប់​សវនាការ​ពេញ​ ១ ​ព្រឹក​ថ្ងៃទី​ ២៥ ខែមករា លោក​ អាង ឧត្តម សហមេធាវី លោក​ កឹម សុខា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សម្រាប់​សវនាការ​ពេញ​ ១ ​ព្រឹក តុលាការ បន្ត​ចាក់​វីដេអូ​តាម​ការស្នើសុំ​ពី​អយ្យការ ដោយមាន​ការជំទាស់​ពី​ក្រុម​មេធាវី​របស់លោក​។ ទោះជា​យ៉ាងណា តុលាការ​បានសម្រេច​ឱ្យ​ចាក់​វីដេអូ​ពេញ​។ បន្ទាប់មក​ទៀត តុលាការ​ក៏បាន​ចាក់​វីដេអូ ដែល​ត្រូវបាន​កាត់​ជា​កង់ៗ​បន្តទៀត​ដែលមាន​ចំនួន​ ៧​ ឃ្លីប​។ ក្នុង​វីដេអូ​នីមួយៗ​មានការ​ពន្យល់​បកស្រាយ និង​ឆ្លៀត​បន្លំ​ធ្វើ​សេចក្តីសន្និដ្ឋាន​ទោស​ដែល​ធ្វើឱ្យ​លោក​លើកឡើង​ជំទាស់ និង​ទទួលបាន​ការឯកភាព​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​ករណី​នេះដែរ​។

លោក​ថ្លែងថា​៖ «​វីដេអូ​ហ្នឹង ចាក់​ច្រំដែល ច្រើនលើក​ច្រើនសា និង​ដេញដោល​គ្នា​រួចហើយ ប៉ុន្តែ​ចុងក្រោយ​នេះ​នៅតែ​ចាក់​។ យើង​សុំឱ្យ​ពន្លឿន​នីតិវិធី តុលាការ​អត់​ធ្វើតាម​ទេ​។ យើង​ឱ្យ​ពន្យល់​ក៏​អត់​ពន្យល់​ដែរ ដោយ​លើក​ទៅ​សប្តាហ៍​ក្រោយ​ថ្ងៃទី​ ២ ខែកុម្ភៈ​»​។

បើតាម​លោក​ អាង ឧត្តម លោក បានកត់សម្គាល់​ឃើញថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ករណី​កូនក្តី​របស់លោក​ក្នុង​ ១​ សប្តាហ៍​ម្តង​បែបនេះ វា​មិនទាន់​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ និង​ការចង់បាន​របស់​កូនក្តី​របស់លោក​នោះទេ ដោយ​តំណាង​អយ្យការ​ព្រលយ​ពាក្យ​ថា វា​ជា​រឿងក្តី​ធំធេង​ដែល​ត្រូវឱ្យ​តុលាការ​គិតគូរ​ពិចារណា​ឱ្យបាន​ហ្មត់ចត់​។

ទោះជា​យ៉ាងណា​លោក​ថា តំណាង​អយ្យការ​បាន​ព្រលយ​ពាក្យ​ថា បើ​ចង់​បញ្ចប់​លឿន ជនជាប់ចោទ គឺ​លោក ​កឹម សុខា ត្រូវតែ​ទទួលទោស និង​សុំទោស តុលាការ​អាច​នឹង​បញ្ចប់​រឿងក្តី​។ ប៉ុន្តែ​ការធ្វើ​បែបនេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ជាដាច់ខាត​។ ពាក្យ​នេះ​ត្រូវបាន​លើកឡើង​ ២ ​ដង​រួចហើយ ដោយ​កាលពី​សប្តាហ៍​មុន​លើកឡើង​ដោយ​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី និង​នៅ​ថ្ងៃទី​ ២៥ ​មករា តំណាង​អយ្យការ​ក៏បាន​បង្ហើប​ពាក្យ​នេះ​ដដែល​ទៀត​។

លោក​ថ្លែងថា​៖ «​ការធ្វើ​បែបនេះ ជនជាប់ចោទ​អត់​មានទោស​ដើម្បី​សារភាព​ទេ​។ ការដែល​សារភាព​ទោស ដែល​មិនបាន​ប្រព្រឹត្ត​ខុស គឺ​យុត្តិធម៌​ដែល​បានមក គឺជា​យុត្តិធម៌​ក្លែងក្លាយ មិន​ត្រឹមត្រូវ និង​មិនអាច​ទទួលយកបាន​»​។

ជាមួយ​គ្នានេះ​លោក​បានស្នើសុំ​ឱ្យ​តុលាការ​ពន្យល់​ពាក់ព័ន្ធ​នឹង​សវនាការ​ធ្វើ​តែ​ ១ ​ព្រឹក​ក្នុង​ ១ ​អាទិត្យ បែប​នេះ ខណៈ​មុនពេល​ផ្អាក​សវនាការ គឺមាន​ការធ្វើ ៣ ​ពេល (១ ​ថ្ងៃ​កន្លះ​) ប៉ុន្តែ​តុលាការ​មិនបាន​ពន្យល់​ទេ ដែល​នេះ លោក​ថា មិន​សុខចិត្ត​នោះទេ​។

ដោយឡែក​លោក ​គី តិច មេធាវី របស់​រាជរដ្ឋាភិបាល​ស្នើសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ប្រាប់​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​សួរ​អ្នកនាំពាក្យ​របស់​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​តាម​ការពិភាក្សា យើង​បានកំណត់​ជូន​ជា​សមត្ថកិច្ច​ទៅ​អ្នកនាំពាក្យ​របស់​អយ្យការ​ក្នុង​ការឆ្លើយតប​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​នីតិវិធី​ក្នុង​អង្គ​សវនាការ​»​។

លោក​ ផ្លង់ សុផល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឱ្យ​ពិស្តារ​ពាក់ព័ន្ធ​នឹង​នីតិវិធី និង​សវនាការ​ជំនុំជម្រះ​លោក​ កឹម សុខា នេះដែរ​។ លោក​ថ្លែង​យ៉ាងខ្លី​ថា​៖ «​សវនាការ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​ ២ កុម្ភៈ ២០២២»​។

លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ចូល​ស្តាប់ និង​អង្កេត​ក្នុង​បន្ទប់​សវនាការ​នេះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​តុលាការ​ថា សវនាការ​នៅពេលនេះ​ជា​ចំណុច​មួយ​ល្អ ដោយ​មាន​តំណាង​ច្រើន​បាន​ចូលរួម​ស្តាប់​ និង​អង្កេត​។ ក្នុងនោះ មាន​មន្ត្រី​តំណាង​ទូត​មួយចំនួន ដូចជា អាមេរិក អឺរ៉ុប ជប៉ុន អូស្ត្រាលី និង​អាល្លឺម៉ង់ អង្គការ​ជាតិ អន្តរជាតិ និង​អ្នកសារព័ត៌មាន​បាន​ចូលរួម​ស្តាប់ និង​អង្កេត​។

លោកស្រី​ប្រាប់ថា តាម​ការ​កត់សម្គាល់​ឃើញ​ថា ក្នុង​សវនាការ​របស់លោក​ កឹម សុខា ត្រូវបាន​រៀបចំ​ខុសពី​សកម្មជន​នយោបាយ​ផ្សេងទៀត ដែលជា​ជន​ជាប់ចោទ​។ កន្លែង​តុ​អង្គុយ របស់ លោក​ កឹម សុខា ដែលជា​ជន​ជាប់ចោទ​ត្រូវបាន​គេ​រៀបចំ​ឱ្យមាន​កន្លែង​កត់ត្រា​ផងដែរ​។

លោកស្រី​ ចក់ សុភាព បាន​ថ្លែងថា​៖ «​សវនាការ ព្រឹក​នេះ មិនទាន់មាន​សួរដេញដោល​ទេ គឺ​គ្រាន់តែ​ចាក់​វីដេអូ​បន្ត​របស់​ប្រសាសន៍​របស់​លោក​ កឹម សុខា ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី ៣០ ទៅ ៤០ ​នាទី និង​ដាក់​ភ័ស្តុតាង​បន្ថែម​ខ្លះ​»​។

លោកស្រី​បន្តថា សវនាការ​លើ​ករណី​លោក​ កឹម សុខា បានអូសបន្លាយ​យូរ បើទោះបី​មេធាវី​របស់លោក​ កឹម សុខា បានស្នើ​សុំ​ពន្លឿន​នីតិវិធី​ក្តី ប៉ុន្តែ​តុលាការ​នៅ​បន្ត​អូសបន្លាយ​។ ចំណែក​ករណី​ផ្សេងៗ​ទៀត​មិនបាន​អូសបន្លាយ​យូរ​ទេ ដូចជា​ករណី​លោក​ រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត ដំណើរការ​ធម្មតា បើទោះបី​ស្ថិតក្នុង​អំឡុងពេល​កូវីដ​ក៏ដោយ​។

សំណុំរឿង​លោក​ កឹម សុខា បើតាម​លោកស្រី​ ចក់ សុភាព ការអូសបន្លាយ​យូរ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​រឿង​នយោបាយ ហើយ​ករណីនេះ​ក៏ត្រូវ​បាន​ដោះស្រាយ​តាមបែប​នយោបាយ​ដែរ ព្រោះ​កន្លងមកនេះ​ឱ្យតែ​មាន​ការដោះស្រាយ​អ្វីមួយ​នៅ​ពីក្រោយ​ខ្នង សកម្មជន​នយោបាយ​តែងតែ​ត្រូវបាន​កាត់​តម្រឹម​ទោស ឬ ព្យួរទោស ជាដើម និង​បន្ទាប់មក​ទទួល​បាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​៕

វីដេអូ៖