ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គិត​ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ ​មកទល់​ថ្ងៃទី​ ២៤​ ខែមករា​ឆ្នាំ​ ២០២២ ​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ប្រមាណ ៧០ ​ម៉ឺន​គ្រួសារដោយ​ចំណាយ​ថវិការដ្ឋ​សរុប​ប្រមាណ ៥៦២,២២ ​លាន​ដុល្លារ​អាមេរិក ខណៈ​កំពុង​បន្ត​អនុវត្ដ​ការឧបត្ថម្ភ​ជុំ​ទី​ ៨ លើក​ទី​ ១ ​បន្ថែមទៀត​។

នេះ​តាម​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ២៤ មករា របស់​ក្រសួង​សង្គមកិច្ច​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​កូរីដ​ ១៩ សម្រាប់​ជុំ​ទី​ ៧ លើក​ទី ​៣ និង​ការបើក​សាច់ប្រាក់​ជុំ​ទី​ ៨ ​លើក​ទី​ ១​។

សេចក្ដី​ជូនដំណឹង​បានឱ្យដឹងថា កាលពី​ថ្ងៃទី ​២៤ ខែមិថុនា ឆ្នាំ ​២០២០​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​ក្រសួង​សង្គមកិច្ច ក៏បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កម្មវិធី​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ មកដល់​បច្ចុប្បន្ន​បាន​ចំនួន ៧ ​ជុំ​មាន​ ១៩ ​លើក​រួចមកហើយ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​បានផ្តល់​ការអន្តរាគមន៍​ក្នុង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២២ (១៩​ លើក​) បាន​ចំណាយ​ថវិការដ្ឋ ៥៦២,២២ លាន​ដុល្លារ​អាមេរិក​»​។

សេចក្ដី​ជូនដំណឹង​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៤​ ខែមករា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១៧:០០ ការបើក​ផ្ដល់​ជុំ​ទី​ ៧ លើក​ទី​ ៣ ​ត្រូវបាន​បញ្ចប់​ដោយបាន​ចំណាយ​ថវិការដ្ឋ​ប្រមាណ ១២២,២៣៩ លាន​រៀល​ក្នុង​នោះ​មានគ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុង អំឡុងពេល​ប្រយុទ្ធ​នឹង​កូរីដ​ ១៩ ចំនួន ៦៨៦ ២០៥ គ្រួសារ​បានទទួល​សេវា​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​។

លោក តូច ចាន់នី​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​ថ្លែង​នៅ​ថ្ងៃទី​ ២៥ មករា​ថា សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ៨ លើក​ទី​ ១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែមករា ២០២២ រហូតដល់​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ ​២០២២ មាន​រយៈពេល ៣០ ​ថ្ងៃ ត្រូវអនុវត្ត​តាម​នីតិ​វិធី​ដែល​ក្រសួង​បាន​ណែនាំ​។ លោក​ថ្លែងថា​៖ «​សម្រាប់​ជុំ​ទី ​៨ ​នេះ​គឺមាន​រយៈពេល​ ៣ ខែ​បន្តទៀត​គឺ​ខែមករា កុម្ភៈ មីនា​។ នៅពេល​ជុំ​ទី​ ៨ ​នេះ ត្រូវបាន​បញ្ចប់ រដ្ឋាភិបាល​នឹង​ពិចារណា​សម្រេច​ថា ត្រូវ​បន្ត​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​ប៉ុន្មាន​ជុំ ឬ​ត្រូវ​បន្ត​បែប​ម៉េច​ទៀត​»​។ លោក​បានឱ្យដឹងថា បច្ចុប្បន្ន គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​មាន​ចំនួន​ក្នុង​រង្វង់ ៧០ ម៉ឺន​គ្រួសារ ដែល​ចំនួន​នេះ​មាន​ការកើនឡើង ឬ​ធ្លាក់ចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ អាស្រ័យ​ទៅតាម​ស្ថានភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាក់ស្ដែង​។

លោក ចាន់នី បញ្ជាក់ថា​៖ «​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ក្នុង​រង្វង់ ៧០ ម៉ឺន​គ្រួសារ​នេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ឧបត្ថម្ភ​ក្នុង ១ ខែៗ ជាង ៣០ លាន​ដុល្លារ តាំងពី​ការចាប់ផ្ដើម​អនុវត្ដ​រហូតមកដល់​បច្ចុប្បន្ននេះ​»​។

ក្រសួង​សង្គមកិច្ច​បាន​ណែនាំ នីតិវិធី មួយចំនួន​លើ​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ គឺ​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ១៩ ​លើក​រួចហើយ សូម​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វីង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យទៅ​សាលាឃុំ សង្កាត់ សាជាថ្មី​ទៀត​ទេ​។ ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​បណ្ណសម​ធម៌​មាន​ជុំ​ទី​ ១១ ទាំងអស់​ត្រូវបាន​ផុត​សុពលភាព​នៃ​ការប្រើប្រាស់​បណ្ណ​ចាស់ ហើយដោយ​ជំនួស​មកវិញ​ដោយ​បណ្ណ​ជុំ​ទី ​១៤ វិញ ដែល​ករណីនេះ បើ​មិនមាន​ការជូនដំណឹង​ ឬ​ផ្តល់ព័ត៌មាន​ពី​រដ្ឋបាល​ឃុំ សង្កាត់​ក្នុង​ការផ្តល់​បណ្ណ​ថ្មី ជុំ​ទី​ ១៤ ទេនោះ មានន័យថា គ្រួសារ​ដែលមាន​បណ្ណ​ជុំ​ទី ​១១ នោះ មិនបាន​ជាប់​ជុំ​ទី​ ១៨ ​បន្តទៀត​ទេ​។

ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​បណ្ណសមធម៌​មាន​ជុំ​ទី ​១១ ដែល​បាន​ជាប់​បន្ត ទៅ​ជុំ​ទី ​១៤ ត្រូវយក​បណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ សង្កាត់ ដើម្បី​យកទៅ​បើក​សាច់ប្រាក់ ឧបត្ថម្ភ​នៅតាម​បញ្ជរ​វីង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឱ្យទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម ឃុំ សង្កាត់ នោះទេ លើកឡើង​តែ​គ្រួសារ​ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​ ១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅតាម ឃុំ សង្កាត់​ជាមុនសិន មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វីង​។

ក្នុងករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​បណ្ណសមធម៌​ជុំ​ទី​ ១១ មិនបាន​ជាប់​នៅ​ជុំ​ទី​ ១៤ ​បន្តទៀត​តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់​ក្នុង​គណនី​របស់ខ្លួន​នោះ​អ្នក​ទទួលផល​នៅ​អាច​ប្រើប្រាស់​បណ្ណ​ជុំ​ទី​ ១១ ដើម្បី​ដក​ប្រាក់​ដែល​នៅសល់​នោះ នៅ​គ្រប់​បញ្ជរ​វីង​បានតែ​អ្នកទទួលផល​នោះ មិន​បាន​ទទួល​ការឧបត្ថម្ភ​បន្តទៀត​ទេ​។

ក្នុងករណី​មានការ​តវ៉ា ឬ​មាន​ចម្ងល់​របស់​អ្នកទទួលផល​ដែល​ប្តូរ​ជុំ​ពី​ជុំ​ទី​ ១១ ទៅ​ជុំ​ទី​ ១៤ ​នោះ ក្រសួង​ឱ្យ​ទំនាក់ទំនង​ទៅ​រដ្ឋបាល​ឃុំ សង្កាត់ ឬ មន្ទីរ​ផែនការ រាជធានី ខេត្ត​។ ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៧ ​ជុំ ​(១៩ ​លើក​) រួចហើយ លើកលែងតែ​ជុំ​ទី​ ១១ ដែល​មិនបាន​ជាប់ ជុំ​ទី​ ១៤ ក្រសួង​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វីង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យទៅ​សាលាឃុំ សង្កាត់ សាជាថ្មី​ទៀត​ទេ​។ ចំណែក​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​បណ្ណសមធម៌​មាន​សុពលភាព​ហើយ​មិនទាន់​បាន​ផ្ទៀងផ្ទាត់​ទាំង ៧ ​ជុំ​ (១៩ ​លើក​) និង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួលបាន​បណ្ណសមធម៌​ថ្មី ក្រសួង​បាន​អញ្ជើញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ សង្កាត់ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​ប្រាក់​ក្នុង​ជុំ​ទី​ ៨ លើក​ទី​ ១ នេះ​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​លើកឡើងថា ការឧបត្ថម្ភ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជា​រឿង​សំខាន់​ក្នុងអំឡុងពេល​ការទប់ស្កាត់ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ព្រោះ​ក្រុមគ្រួសារ​ក្រីក្រ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដោយសារ​ពួកគាត់​បាត់បង់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ និង​មុខរបរ​ក្នុងអំឡុង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​បើ​យើង​ពិនិត្យមើល​តាម​បណ្តាញ​សង្គម​មួយចំនួន​ដែល​លើកឡើង​ពី​ការតវ៉ា និង​ភាពមិនប្រក្រតី​មួយចំនួន​ក្នុង​ការវាយតម្លៃ​ និង​កំណត់​ក្នុង​ការចេញ​បណ្ណ​ទទួលស្គាល់​ដល់​ក្រុមគ្រួសារ​ក្រីក្រ​ព្រោះ​គ្រួសារ​មួយចំនួន ដែល​ពួកគាត់​យល់ថា គួរ​ទទួលបាន​បណ្ណ​ក្រីក្រ​តែ​ពួកគាត់​បែរជា​មិនបាន​ទទួល​ទៅវិញ​»​។

បើតាម​ក្រសួង​សង្គមកិច្ច​ក្នុង​ករណី​ប្រជាពលរដ្ឋ​ពិនិត្យឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ ក្នុង​ការអនុវត្ត​កម្មវិធី​ ឬ​ដក​ប្រាក់​មិនបាន​នៅតាម​បញ្ជរ​វីង​នោះ​សូម​ទំនាក់ទំនង​ជាមួយ​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ សង្កាត់​ ឬ​នៅ​មន្ទីរ​សង្គមកិច្ច​ ឬ​មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ ឬ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ព័ត៌មាន​ទាន់​ហេតុការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​លេខ ​(០៩២/០១៥) ២១៩ ៨៨៨៕