ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​ជួបពិភាក្សា​តាម​វីដេអូ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង នៅ​ថ្ងៃទី​ ២៦ ខែមករា​នេះ ដើម្បី​ចង់ដឹង​បន្ថែមទៀត​អំពី​ការកាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី រយៈពេល​ ៤ ​ឆ្នាំ និង​ការប្រើប្រាស់​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា ក្រោយពី​ទស្សនកិច្ច​របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ដើមខែ​នេះ​។

នេះ​ជាការ​អះអាង​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​ ២៥ ខែមករា ដែល​កិច្ចពិភាក្សា​នេះ ផ្តោត​ជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​អាស៊ាន ជាពិសេស​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា នៅពេល​នេះ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​មាន​លក្ខណៈ​ស្មុគស្មាញ និង​លំបាក​មែនទែន ដោយសារ​មាន​រដ្ឋាភិបាល​ដល់​ទៅ​ ២ រួមទាំង​រដ្ឋាភិបាល​ស្រមោល​ផងដែរ​។ បញ្ហា​នេះ​មិនអាច​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី​បានទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យមាន​ការចរចា រក​ដំណោះស្រាយ និង​ត្រូវមាន​ការបញ្ជូន​អំណោយ​មនុស្សធម៌​ទៅដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​ត្រូវការ​ជា​ចាំបាច់​នោះ​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ការអញ្ជើញ​ទៅ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ជាក់ស្ដែង​ និង​ចង់ដឹង​អ្វី​ដែលជា​បញ្ហាសំខាន់ៗ តើ​ប្រទេស​មីយ៉ាន់ម៉ា​អាចធ្វើ​អ្វីខ្លះ​? ដើម្បី​អនុវត្ត​នូវ​ចំណុច​ទាំង​ ៥ ដែល​បាន​ឯកភាព​គ្នា​កន្លងមកនេះ​។

ទោះជា​យ៉ាងណា​លោក​ថា នឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ជា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា ក៏ដូចជា​ជំរុញឱ្យមាន​កិច្ចសន្ទនា ដែល​ស្ថិតក្នុង​ចំណុច​ទាំង​ ៥ ដែល​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​នោះ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​នៅពេលនេះ​អាស៊ាន​ពិតជា​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ដូច្នេះ​អាស៊ាន​យើង​មិនអាច​ក្លាយទៅជា​ចំណាប់ខ្មាំង​នៃ​មីយ៉ាន់ម៉ា​បាន​ទេ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា លោក​បាន​អញ្ជើញ លោក​ មីន អ៊ុងឡាំង ឱ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន បើ​មាន​វឌ្ឍនភាព​រីកចម្រើន​ក្នុងការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ចំណុច​ទាំង​ ៥​។ តែ​បើសិនជា​មិនមាន​ទេ ត្រូវបញ្ជូន​តំណាង​ដែល​មិនមែន​នយោបាយ​ចូលរួម​ប្រជុំ​អាស៊ាន​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំពី​សំណើ​របស់លោក​ក្នុង​ការបង្កើត​យន្តការ​ ២ ដើម្បី​រក​ច្រកចេញ​ក្នុង​ការងារ​នេះ​។ យន្តការ​ទី ​១ យន្តការ​អាស៊ាន-​ត្រយកា ដើម្បី​ជួយ​សម្របសម្រួល និង​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង ដោយ​ឯកច្ឆន្ទ​ទាំង​ ៥​ ចំណុច​ដែលមាន​កម្ពុជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន មាន​ប្រ៊ុយណេ​ជា​អតីត​ប្រធាន​អាស៊ាន និង​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន បន្ទាប់ពី​កម្ពុជា​បូក​រួមទាំង​អគ្គលេខាធិការ​អាស៊ាន​ផងដែរ​។

យន្តការ​ទី ​២ គឺ​យន្តការ​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌ ឱ្យទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​។ ជាពិសេស​មាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​មាន​មជ្ឈមណ្ឌល​អាហារ មាន​ភាគី​ខាង​មីយ៉ាន់ម៉ា​មាន​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​មនុស្សធម៌​អន្តរជាតិ​ផងដែរ​។

លោក ​Ismail Sabri Yaakob ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​អាស៊ាន​ផង និង​សហគមន៍​អន្តរជាតិ​។ ការដោះស្រាយ​នៅ​មីយ៉ាន់ម៉ា ទាមទារ និង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​ធម្មនុញ្ញ​អាស៊ាន​។ លោក​ក៏បាន​អំពាវនាវ​ឱ្យមាន​ការ​ដោះលែង​អ្នកទោសនយោបាយ​ទាំង​អស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា រួមទាំង លោកស្រី​ អ៊ុងសាន ស៊ូជី ផងដែរ ដែល​ត្រូវបាន​លោក​ មីន អ៊ុងឡាំង ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច​។ ដោយឡែក ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាហារ​ត្រូវធ្វើ​យ៉ាងណា​ឱ្យបាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​។

លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​គ្រួសារ​អាស៊ាន យើង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ សម្រាប់​អាស៊ាន​យើង​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​គាំទ្រ​ចំពោះ​ប្រេសិត​ពិសេស​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​នេះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ប្រេសិត​ពិសេស​នេះ អនុវត្ត​នូវ​ចំណុច​ទាំង​ ៥ ដែលមាន​ការព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​កន្លងមក​នោះ​។

លោក​ Ismail Sabri Yaakob បន្តថា​៖ «​ការខិតខំ​របស់​យើង​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​នេះ គឺ​នៅតែ​បន្តទៅ​មុខជា​និច្ច​អ្វីដែល​យើង​បាន​សម្រេច​ហើយ យើង​ត្រូវតែ​អនុវត្ត​»​។

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃទី ​២៥ ខែមករា បានផ្ដល់​ព័ត៌មាន​ជូន​ដល់​បណ្ដា​អង្គទូត​នានា​នៅ​កម្ពុជា​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី​ ៧-៨ ខែមករា ឆ្នាំ​ ២០២២ ដើម្បី​រួមចំណែក​កសាង​សន្តិភាព​នៅ​មីយ៉ាន់ម៉ា ដែល​នឹង​ទាមទារ​ការបង្កើន​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​។

លោក​ ប្រាក់ សុខុន បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ដំណើរការ​សន្តិភាព​នេះ​ត្រូវតែ​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា​ខ្លួនឯង​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​ប្រឹងប្រែង​សម្របសម្រួល​ដំណើរការ​នេះ​។ ប៉ុន្តែ​ជាក់ស្តែង ការគាំទ្រ​ក្នុង​លក្ខណៈ​ស្ថាបនា​ពី​គ្រួសារ​អាស៊ាន និង​ដៃគូ​របស់​យើង ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ពិតជា​មាន​សារៈសំខាន់​ណាស់​»៕