កំពង់ឆ្នាំងៈ ​លោក ​ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា ក្នុង​រយៈពេល ​១ ​ខែ​ចុងឆ្នាំ​ ២០២១ រដ្ឋបាលខេត្ត​បាន​ដោះស្រាយ​ទំនាស់​របស់​ពលរដ្ឋ​បាន​ជិត ៦០០ ​ករណី​លើ​សំណុំរឿង​ជាង ៧០០ ​ករណី ដែល​បាន​កើតឡើង​នៅ​ទូទាំង​ខេត្ត ខណៈ​អាជ្ញាធរ​បាន​រុះរើ​ខ្ទម​អនាធិបតេយ្យ​ជាង ៥០ និង​បង្គោល​ជាង​ ២០០ ​ក្នុង​ប្រតិបត្តិការ​ស្តារ​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​។

ការថ្លែង​នេះ​បានធ្វើ​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២២ នាទី​ស្ដីការគណៈរដ្ឋមន្ត្រី​។

លោក ស៊ុន សុវណ្ណរិទ្ធ បាន​ឱ្យដឹងថា មកដល់​ពេលនេះ​មាន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ ៧ ៥៣១ ​នាក់ ដែល​បាន​ចូលខ្លួន​ដោយ​ស្ម័គ្រចិត្ត​ប្រគល់​ដី​ក្នុង​តំបន់​ ៣ លើ​ផ្ទៃដី​ជាង ៣០ ៥៨៩​ ហិកតា​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ដើម្បី​ស្តារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​។ បន្ថែម​ពីនេះ លោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់ថា ក្នុង​យុទ្ធនាការ​នៃ​ការដកហូត​ដី​លិច​ទឹក​នេះ គឺ​អាជ្ញាធរ​បាន​រុះរើ​ខ្ទម​ដែល​សាងសង់​អនាធិបតេយ្យ​បាន​ ១០០ ភាគរយ​ចំនួន ​៥៥ ​ខ្ទម និង​បាន​ដក​បង្គោល​ព្រំដី​អនាធិបតេយ្យ​ចំនួន ២២៣ ​បង្គោល​នៅក្នុង​តំបន់​ ៣ ជា​ស្ថាពរ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ផលប្រយោជន៍​ដែល​រដ្ឋាភិបាល​ធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ ១៦ ​លាន​នាក់​។ អត់​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ គឺ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ ដែល​បាន​ទទួលផល​មកវិញ​។ យើង​ធ្វើ​ពេលនេះ គឺ​បាន​ផល​ព្រៃឈើ​មកវិញ​...​យើង​បាន​ត្រី​មកវិញ និង​ផល​អ្វីៗ​ផ្សេងទៀត​។ ជាពិសេស​នោះ គឺ​បាន​ផល​ពី​វិស័យ​ទេសចរណ៍​»​។

បើតាម​លោក ស៊ុន សុវណ្ណរិទ្ធ រដ្ឋបាលខេត្ត​បាន​ដាំ​ដើមឈើ​ឡើងវិញ​ក្នុង​តំបន់​ដែល​បាន​ដកហូត​ជាង​ ១០​ ម៉ឺន​ដើម និង​គ្រាប់ ដោយ​ក្នុងនោះ​ដើមត្នោត​ជាង ៨ ​ម៉ឺន​គ្រាប់ ដាំ​តាម​បន្ទាត់​ព្រំ​ជុំវិញ​តំបន់​ ២ និង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ខណៈ​ប្រភេទ​ព្រៃ​លិចទឹក​ដាំ​បាន​ជាង ២ ​ម៉ឺន​ដើម​។

បន្ថែម​ពីនេះ​លោក សុវណ្ណរិទ្ធ ក៏បាន​ប្រកាស​ទុកពេល​ឱ្យ​ពលរដ្ឋ​ចំនួន ២ សប្តាហ៍​បន្ថែមទៀត ដើម្បី​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ប្រគល់​ដីព្រៃ​លិច​ទឹក​នេះ មកឱ្យ​អាជ្ញាធរ​ដែនដី​វិញ​ចៀសវាង​ទទួលរង​ទណ្ឌកម្ម​តាមច្បាប់​ក្នុង​ករណី​អាជ្ញាធរខេត្ត​ដាក់ចេញ​វិធានការ​ក្តៅ​។

ជាមួយ​នឹង​ចំណាត់ការ​នៅ​បឹង​ទន្លេសាប​លោក ​សុវណ្ណរិទ្ធ ក៏បាន​ឱ្យដឹង​ដែរ​ថា ចំពោះ​កិច្ចការងារ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​អាជ្ញាធរ​ទូទាំង​ខេត្ត​ទទួលបាន​ទូទាំង ៨ ក្រុង ស្រុក​ជាង​ ៧០០ ​ករណី គឺ​ត្រូវបាន​ដោះស្រាយ​បាន​ជិត ៦០០ ​ករណី​ក្នុង​រយៈពេល​ ១ ​ខែ​។

លោក​បញ្ជាក់ថា ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដែល​ថ្នាក់​ខេត្ត​បាន​បង្កើត​នេះ គឺមាន​គោលដៅ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ត្រូវ​ចុះទៅ​ដោយផ្ទាល់ ដោយ​មិនឱ្យ​ប្រជាពលរដ្ឋ​ចំណាយ​ពេលវេលា និង​ថវិកា​ឡើងមក​ថ្នាក់​ខេត្ត​នោះទេ​។

កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ ចំពោះ​ការ​លួច​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​វាតទី​យក​ដី​នៅតាម​បឹង​ទន្លេសាប​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​និយាយថា បញ្ហា​បឹង​ទន្លេសាប គឺជា​បញ្ហា​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ព្រោះ​វា​ជា​កន្លែង​សម្រាប់​មច្ឆជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​។ ដូច្នេះ​ការបំពាន​ទៅលើ​ដីព្រៃ​លិច​ទឹក ឬ​បឹង​ទន្លេសាប គឺជា​ការបំផ្លាញ​ផលប្រយោជន៍​រួម​របស់​កម្ពុជា​ដែល​ទាមទារ​ឱ្យមាន​ការចាត់​វិធានការ​ច្បាស់លាស់ និង​ចូលរួម​យកចិត្ត​ទុកដាក់​ពី​អ្នកពាក់ព័ន្ធ ជាពិសេស​ពលរដ្ឋ​ទូទៅ ដើម្បី​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​ទាំងអស់នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ការឆ្លើយតប​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ពេលនេះ គឺជា​ការឆ្លើយតប​មួយ​ដែល​អាច​និយាយបានថា យឺត​ពេល​ក៏​ថា​បាន​ ឬ​ទាន់ពេល​ក៏​ថា​បាន​។ ក៏ប៉ុន្តែ​រឿង​ដែល​ខ្ញុំ​ថា យឺត​ពេលនោះ គឺ​វិធានការ​មួយ​ដែល​កើតឡើង​ក្រោយ​អន្តរាគមន៍​របស់​នាយករដ្ឋមន្ត្រី អ៊ីចឹង​ទំហំ​នៃ​ការបំពាន​គឺ​ច្រើន​បាត់​ទៅហើយ​»៕