ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៥ ​មករា​បាន​ជំនុំជម្រះ អតីតមន្ត្រី​នគរបាល ខេត្តកំពង់ចាម​ម្នាក់ បន្ទាប់ពី​ត្រូវ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៣០ ​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ ៤០ ​លាន​រៀល ករណី​ភ្លើង​ឆេះ​បន្ទប់​ជួល​ជនរងគ្រោះ បណ្តាល​ឱ្យ​ស្លាប់​នៅ​ភូមិ​៦ សង្កាត់-ក្រុង​កំពង់ចាម កាលពី​ឆ្នាំ ​២០១៤​។

តាម​អង្គហេតុ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែល​លោក​ចៅក្រម ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សមាសភាព​ចៅក្រម ៣ ​រូប និង​មាន​លោក ង៉ែត សារ៉ាត់ ជា​តំណាង​មហាអយ្យការ​នោះ​បាន​ឱ្យដឹងថា ជនជាប់ចោទ​ឈ្មោះ ហេង ម៉ារ៉ែន ភេទ​ប្រុស អាយុ​ ៥១ ​ឆ្នាំ​ជា​អនុប្រធាន​ការិយាល័យ​គណនេយ្យ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម​។ រីឯ​ជនរងគ្រោះ​ឈ្មោះ ធុច សាថាន ភេទ​ប្រុស អាយុ ៤៩ ​ឆ្នាំ​ជា​​មន្ត្រី​ធនាគារជាតិ​កម្ពុជា ខេត្ត​កំពង់ចាម​។

អង្គហេតុ​បាន​បន្តថា កាលពី​វេលា​ម៉ោង​ប្រហែល​ ៨ ​យប់​ថ្ងៃទី ​៩ កុម្ភៈ ឆ្នាំ​ ២០១៤ ជន​ទាំង​ ២ ​នាក់​ខាងលើ​បាន​ផឹកស៊ី​ជាមួយគ្នា​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ក្នុង​ភូមិសាស្ត្រ​សង្កាត់-ក្រុង​កំពង់ចាម រហូតដល់​ម៉ោងជាង​ ១១ ​យប់​។ បន្ទាប់មក​ជនជាប់ចោទ​បាន​ដឹក​ជនរងគ្រោះ​តាម​ម៉ូតូ យក​ទៅ​បន្ទប់​ជួល​របស់​ជនរងគ្រោះ​វិញ​ស្ថិត​ក្នុងភូមិ​៦ សង្កាត់-​ក្រុង-​ខេត្តកំពង់ចាម​។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​គេ​ឃើញ​ភ្លើង​ឆេះ​ចេញពី​បន្ទប់​ជួល​របស់​ជនរងគ្រោះ​។ ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន ហើយ​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

អង្គហេតុ​បង្ហាញ​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​នោះដែរ គេ​បានឃើញ​ជនជាប់ចោទ​ជិះ​រថយន្ត​តាក់ស៊ី​មក​រាជធានី​ភ្នំពេញ និង​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តក្រចេះ​ដោយ​មិនបាន​ចូលទៅ​កន្លែងធ្វើការ​នៅ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម​របស់​ខ្លួន​ឡើយ​។

ក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​សាច់ញាតិ​ប្រាប់​សមត្ថកិច្ច​ថា​ជនរងគ្រោះ​បាន​បាត់​ខ្សែ​កមាស​ ១ ​ខ្សែ តែ​មិនដឹងថា ទម្ងន់​ប៉ុន្មាន​ទេ តែ​ខ្សែក​នោះ​មាន​ទំហំ​ធំ​។ បើតាម​អង្គហេតុ ​ក្រោយ​កើតហេតុ​បាន​ ៥ ​ថ្ងៃ​ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម តាម​ចាប់​ជនជាប់ចោទ​បាន​នៅ​ថ្ងៃទី​ ១៤ កុម្ភៈ ឆ្នាំ ២០១៤ ក្នុង​ទឹកដី​ខេត្តក្រចេះ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​ខេត្តកំពង់ចាម​បើក​សវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២១ វិច្ឆិកា ឆ្នាំ ២០១៤ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៣០ ​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​ប្រាក់​ទៅ​ក្រុមគ្រួសារ​ជន​រងគ្រោះ ​៤០ ​លាន​រៀល​។ ប៉ុន្តែ​ជនជាប់ចោទ​មិន​សុខ​ចិត្តបាន​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​។

លោក ង៉ែត សារ៉ាត តំណាង​មហាអយ្យការ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​សន្និដ្ឋានថា បើ​ពិនិត្យ​លើ​ការបំភ្លឺ​របស់​សាក្សី​ដែលជា​ម្ចាស់​បន្ទប់​ជួល​ថា នៅ​យប់កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់​ឌុប​ជនរងគ្រោះ​មក​ដាក់​ក្នុង​បន្ទប់​ហើយ​បានចេញ​ទៅវិញ​។ លុះ​ប៉ុន្មាន​នាទី​ក្រោយ ក៏មាន​ភ្លើង​ឆេះ​ចេញពី​បន្ទប់​ជួល​របស់​ជនរងគ្រោះ​តែម្តង​។

លោក​បន្តថា ការបំភ្លឺ​របស់​សាក្សី​នៅមុខ​តំណាង​អយ្យការ សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ទុក​ថា ជា​ចម្លើយ​ពិត​ហើយ​ការឆេះ​រហូត​ស្លាប់​ជនរងគ្រោះ គ្មាន​ជន​ទី​ ៣ ​ឯណា​ទេ​។ នៅ​យប់​ថ្ងៃកើតហេតុ​នោះ គឺ​ជនជាប់ចោទ​គេចខ្លួន​មក​ភ្នំពេញ ហើយ​បន្តដំណើរ​ទៅ​ខេត្តក្រចេះ បែរជា​មិន​ចូលទៅ​មើល​ជនរងគ្រោះ​ទៅវិញ​។

លោក ង៉ែត សារ៉ាត ​ថា​៖ «​បើតាម​កំណត់​ហេតុថា នៅ​យប់នោះ​ជនជាប់ចោទ​នៅ​ជាមួយ​ជនរងគ្រោះ​រហូត​ពេល​កើតហេតុការណ៍​ភ្លើង​ឆេះ​បន្ទប់ ហើយ​តាំងពី​ពេល​នោះមក គាត់​មិន​ចូល​កន្លែងធ្វើការ​ទៀត​។ ខ្ញុំ​ស្នើសុំ​តម្កល់​សាលក្រម​របស់​តុលាការខេត្ត​កំពង់ចាម​»​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៥ ​មករា លោក អ៊ុំ សំអាង ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់ចោទ​បាន​ប្រាប់​ចៅក្រម​ថា នៅ​យប់​នោះ ម្ចាស់​បន្ទប់​ជួល គ្រាន់តែ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មកជា​មួយ​កូនក្តី​លោក តែ​មិន​បញ្ជាក់ថា​ជា​កូនក្តី​របស់លោក​ទេ​។ «​ខ្ញុំ​សន្និដ្ឋានថា​អាចមាន​មនុស្ស​ទី​ ៣ ​បង្កហេតុ​។ ដូច្នេះ​សូម​ក្រុមប្រឹក្សា​ដោះលែង​កូនក្តី​ខ្ញុំ​វិញ​»​។

ក្រោយ​ជំនុំជម្រះ ជិត​ ១​ ម៉ោង​មក​លោក​ចៅក្រម​ ស៊ិន វិសាល ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ១៥ កុម្ភៈ​៕