ភ្នំពេញៈ ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ២៥ ខែមករា បានប្រកាស​ដាក់ឱ្យ​អនុវត្ដ «​ផែនការ​ខ្យល់​ស្អាត​កម្ពុជា​» ដែលជា​ឯកសារ​យុទ្ធសាស្ដ្រ​ជាតិ​សំដៅ​កំណត់​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុល​ខ្យល់ និង​លើកកម្ពស់​គុណភាព​ខ្យល់ ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី «​ផែនការ​ខ្យល់​ស្អាត​កម្ពុជា​» របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​ ២៥ ​មករា​បាន​ឱ្យដឹងថា ការបំពុល​ខ្យល់​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​នៅក្នុង​តំបន់ និង​ពិភពលោក​។ ផលប៉ះពាល់​ពី​ការបំពុល​ខ្យល់​មាន​លក្ខណៈ​ធំធេង ដោយសារ​តែ​សារធាតុបំពុល​ខ្យល់​អាច​សាយភាយ​បាន​ឆ្ងាយ​បង្ក​ឱ្យមាន​ការបំពុល​ឆ្លងដែន​រួមផ្សំ​នឹង​ឥទ្ធិពល​ពី​កត្តា​អាកាសធាតុ និង​ភូមិសាស្ត្រ​បានធ្វើឱ្យ​ការបំពុល​ខ្យល់​ក្លាយជា​បញ្ហា​ប្រឈម​​ចំពោះ​សុខភាព​ដែល​ទាមទារ​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់ មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​បញ្ហា​បំពុល​ខ្យល់​។ ប្រភព​នៃ​ការបំពុល​ខ្យល់​មានការ​កើនឡើង​ជា​លំដាប់​តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ ការប្រើប្រាស់​ថាមពល​ក្នុង​ដំណើរការ​ផលិតកម្ម សេវាកម្ម និង​លំនៅឋាន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​បណ្តាល​ឱ្យ​មាន​កំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​។ ជា​វិធានការ​នៃ​ការកាត់បន្ថយ​ការបំពុល​ខ្យល់ ក្រសួង​បរិស្ថាន​បាន​ផ្តួចផ្តើម​រៀបចំ​ផែនការ​ខ្យល់​ស្អាត​កម្ពុជា ដោយមាន​កិច្ចសហការ​ផ្តល់​បច្ចេកទេស និង​ហរិញ្ញវត្ថុ ពី​កម្មវិធី​ភាពជា​ដៃគូ​ស្តីពី​ខ្យល់​ស្អាត​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific Clean Air Partnership) នៃ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (United Nations Environment Programme) និង​វិទ្យាស្ថាន​បរិស្ថាន​ស្តុក​ខូម​នៃ​ប្រទេស​ស៊ុយអ៊ែត (Stoc-kholm Environment Institute)​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ផែនការ​ខ្យល់​ស្អាត​កម្ពុជា​» កាលពី​ថ្ងៃទី​ ២៥ ខែមករា នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​ថា នៅថ្ងៃនេះ អ្វីដែល​ក្រសួង​បរិស្ថាន​ចង់បង្ហាញ គឺ​ការដាក់ចុះ​នូវ​ផែនការ​ខ្យល់​ស្អាត ដែល​នេះ​គឺជា​សៀវភៅ​ផែនការ​ខ្យល់​ស្អាត​កម្ពុជា ដែលមាន ២ ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដែល​សៀវភៅ​នេះ គឺជា​ផែនការ​រួមមួយ​ដែល​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​នានា​បាន​រៀបចំឡើង​។

លោក​ថ្លែងថា​៖ «​នៅថ្ងៃនេះ (​ថ្ងៃទី​ ២៥ មករា​ ២០២២) គឺ​យើង​ប្រកាស​ជា​ផ្លូវការ ដើម្បី​ដាក់ឱ្យ​អនុវត្ដ ហើយនឹង​បន្ត​ចែកជូន​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​បន្ត​យកទៅ​អនុវត្ដ​ទៅតាម​តួនាទី ភារកិច្ច របស់ខ្លួន​»​។

នៅពេលដែល​សួរថា តើ​ផែនការ​ខ្យល់​ស្អាត​កម្ពុជា​ជា​អ្វី​? លោក នេត្រ ភក្ត្រា ពន្យល់ថា ផែនការ​ខ្យល់​ស្អាត​កម្ពុជា​ជា​ឯកសារ​យុទ្ធសាស្ត្រ​ជាតិ សំដៅ​កំណត់​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុល​ខ្យល់​នៅ​ប្រទេស​កម្ពុជា​។ ឯកសារ​ជា​យុទ្ធសាស្ត្រ​នេះ​បានផ្តល់​នូវ​ទិដ្ឋភាព​សំខាន់ៗ រួមមាន​ស្ថានភាព​គុណភាព​ខ្យល់ (​បច្ចុប្បន្ន និង​និន្នាកា​ក្នុង​ឆ្នាំ​ ២០៣០) ប្រភព​បំពុល​ខ្យល់​សំខាន់ៗ​លិខិតបទដ្ឋាន​គតិយុត្ត និង​វិធានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​តាម​វិស័យ​។

លោក​បញ្ជាក់ថា​៖ «​ជា​លើក​ទី​ ១​ហើយ​ដែល​ការបញ្ចេញ​សារធាតុបំពុល​បរិយាកាស​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ត្រូវ​បាន​វាស់វែង​ក្នុង​កម្រិត​ជាតិ និង​វិធានការ កាត់បន្ថយ​ការបំពុល​បរិយាកាស​ត្រូវ​បានដាក់​អនុវត្ត​ក្នុង​គោលបំណង​លើកកម្ពស់ គុណភាព​ខ្យល់ ការពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​ត្រូវ​បានកំណត់​ជាក់លាក់​»​។

បើតាម​លោក ភក្ត្រា ផែនការ​ខ្យល់​ស្អាត​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ធ្វើ​សមាហរណកម្ម​ជាមួយ​គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​របស់​រាជរដ្ឋាភិបាល​ដូចជា​សារាចរ​លេខ​ ០១ ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សំឡេង ដើម្បី​ដាក់ចេញ​ជា​វិធានការ​កាត់បន្ថយ​ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​។

លោក​បន្តថា ទន្ទឹមនេះ​វិធានការ​ខ្យល់ស្អាត​ចំនួន​ ២៥ ដែល​កំណត់​ក្នុង​របាយការណ៍​របស់​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (UNEP) និង​សម្ព័ន្ធ​បរិយាកាស និង​ខ្យល់ស្អាត (Clean Air and Climate Coalition) ឆ្នាំ​ ២០១៨ ស្តីពី​ការបំពុល​ខ្យល់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដំណោះស្រាយ​ដែល​ផ្អែកលើ​វិទ្យាសាស្ត្រ ក៏ត្រូវ បាន​ដកស្រង់​សម្រាប់​ការវិភាគ និង​វាយតម្លៃ ដោយ​ប្រើ​កម្មវិធី LEAP (​ផែនការ​ជម្រើស​ថាមពល​រយៈពេល​វែង​) និង IBC (​ការ​គណនា​ដោយ​រួមបញ្ចូល​នូវ​អត្ថប្រយោជន៍​) ឬ​ហៅ​កាត់​ថា LEAP-IBC របស់​វិទ្យាស្ថាន​បរិស្ថាន​ស្តុក​ខូម​។

បើ​យោងតាម​ទិន្នន័យ​តាមដាន​គុណភាព​ខ្យល់​របស់​ក្រសួងបរិស្ថាន​បង្ហាញថា នៅ​ទីក្រុង​ភ្នំពេញ​ជា​រៀងរាល់ឆ្នាំ​កំហាប់ PM2.5 ជា​មធ្យម​មាន​កើនឡើង​ពី ១៣.៥៩ មីក្រូ​ក្រាម​ក្នុង​ ១ ​ម៉ែត្រគុប ក្នុង​ឆ្នាំ​ ២០១៧ និង​ ១៩.២៦ ​មីក្រូ​ក្រាម ក្នុង​ ១​ ម៉ែត្រគុប ក្នុង​ឆ្នាំ​ ២០១៨ ហើយ​វា​បាន​កើនឡើង​ដល់ ២១.១២ ​មីក្រូ​ក្រាម ក្នុង​ ១ ​ម៉ែត្រគុប ក្នុង​ឆ្នាំ​ ២០១៩ ហើយ​ឆ្នាំ​ ២០២១ ស្ថានភាព​ខ្យល់​មាន​ភាពល្អប្រសើរ​ស្ថិតក្រោម​បន្ទាត់​ស្តង់ដា​ជាតិ ​(២៥​ មីក្រូក្រាម ក្នុង​ ១​ ម៉ែត្រគុប​)​។ បើទោះបីជា​កំហាប់​ភាគល្អិត​និចល​ស្ថិតក្រោម​បន្ទាត់​ស្តង់ដា​ជាតិ (២៥ ​មីក្រូក្រាម​ក្នុង​ ១​ ម៉ែត្រគុប​)​ ក៏ដោយ ប៉ុន្តែ​និន្នាការ​នៃ​ការកើនឡើង​កំហាប់​សារធាតុបំពុល​ខ្យល់​ពី​ ១​ ឆ្នាំទៅ​ ១ ​ឆ្នាំ​ក្នុង​បរិយាកាស គឺមាន​កម្រិត​គួរឱ្យ​កត់សម្គាល់ ដែល​ទាមទារ​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ចាត់វិធានការ​កាត់បន្ថយ​។ សេចក្ដីប្រកាស​បញ្ជាក់ថា មាន​ជំងឺ​មួយចំនួន​ដែល​បណ្តាលមកពី​ការ​ប៉ះពាល់​ជាមួយ​ភាគល្អិត​និចល​ក្នុង​រយៈពេល​វែង​ដូចជា​ប៉ះពាល់​ដល់​ទារក (​កើតមុន​កំណត់ ទម្ងន់​មិន​គ្រប់​) ជំងឺ​ផ្លូវដង្ហើម​ចំពោះ​កុមារ​ក្រិន​សរសៃឈាម ការវិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ និង​សមត្ថភាព​ខួរក្បាល​។

បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ការបំពុល​ខ្យល់​សាធារណៈ​បានសម្លាប់​​មនុស្ស​ប្រមាណ ៤,២ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​ដែល​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​អាស៊ីអាគ្នេយ៍​ជា​តំបន់​ដែល​រង​ផលប៉ះពាល់​ច្រើនជាងគេ​ (​ឆ្នាំ​ ២០១៦)​។

លោក ប៉ាក សុខារ៉ាវុត អគ្គនាយក​ស្ដីទី អគ្គនាយកដ្ឋាន​កិច្ច​គាំពារ​បរិស្ថាន ឱ្យដឹងថា ការបំពុល​ខ្យល់​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​នៅក្នុង​តំបន់ និង​ពិភពលោក​ដែល​ផលប៉ះពាល់​របស់​វា​មិនអាច​កំណត់​បាន​។ វិសាលភាព​នៃ​ផលប៉ះពាល់​ពី​ការបំពុល​ខ្យល់​មាន​លក្ខណៈ​ធំធេង​ដោយសារតែ​សារធាតុបំពុល​ខ្យល់​អាច​សាយភាយ​បាន​ឆ្ងាយ និង​អាច​បង្កឱ្យមាន​ការបំពុល​ឆ្លងដែន​។ ការបំពុល​ខ្យល់​មិនអាច​ចាត់ទុក​ថា ជា​បញ្ហា​របស់​ប្រទេស​ណាមួយ​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​រួម​សម្រាប់​តំបន់ និង​ពិភពលោក​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ចំណែក​ពី​គ្រប់ភាគី​។ លោក​ថ្លែងថា​៖ «​ការអនុវត្ត​វិធានការ​កាត់បន្ថយ​ការបំពុល​ខ្យល់​ត្រូវបាន​បែងចែក​សកម្មភាព​ជា​ផ្នែកៗ ​ដើម្បី​ឱ្យដឹងថា វិធានការ​អាចរួមចំណែក​ដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​រួមទាំង​សារធាតុ​បំពុល​បរិយាកាស​រយៈពេល​ខ្លី និង​/​ ឬ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ វិធានការ​នីមួយៗ​ផ្តោតលើ​ប្រភព​ចម្បង​នៃ​ការបំពុល​ខ្យល់​ដូចជា វិស័យ​គមនាគមន៍ និង​ឧស្សាហកម្ម​លំនៅឋាន​សំណង់ និង​សំណល់​ជាដើម​»៕