កណ្តាលៈ អាជ្ញាធរ​ស្រុក​ល្វាឯម​រួម​នឹង​អាជ្ញាធរ​ឃុំ​បារុង និង​មន្ត្រី​ជំនាញ​វប្បធម៌ នៅ​ថ្ងៃទី​ ២៥ មករា បាន​ចុះទៅពិនិត្យ​មើល​ជាក់ស្តែង​នៅ​ទីតាំង​ស្ថាននីយ​ទួល​បុរាណ​ស្ថិតក្នុង​ភូមិ​បារុង ឃុំ​បារុង ស្រុក​ល្វាឯម ខេត្តកណ្តាល បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​អ្នកលក់ដូរ​ដី​ទួល​បុរាណ និង​ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​ស្ថានីយ​បុរាណ​នោះ​។

លោក​ ឌី ខេង ប្រជាពលរដ្ឋ​នៅ​ភូមិ​បារុង ឃុំ​បារុង ស្រុក​ល្វាឯម ខេត្តកណ្តាល ប្រាប់​នៅ​ថ្ងៃទី​ ២៥ ខែមករា ថា ទីទួល​សុវត្ថិភាព​នេះ​មាន​តាំងពី​បុរាណ​មក​មិនដែល​មានការ​ឈូសឆាយ​ទេ​។ អ្នកភូមិ​រក្សាទុក​ដើម្បី​ប្រើប្រាស់​រួម ដូចជា​សំចត​ពេល​ទឹកជំនន់ ឬក៏​ពេលណា​ត្រូវ​ការដាក់​គោក្របី​សម្រាក​ពេលធ្វើ​ស្រែ​នៅក្បែរ​ទីទួល​នោះ​។ លោក​ថា ក្នុង​ចុង​សប្តាហ៍​កន្លង​ទៅនេះ ស្រាប់តែ​មានការ​ឈូសឆាយ​ដោយ​ប្រើ​គ្រឿងចក្រ ទើប​ពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​សុំ​អន្តរាគមន៍​ចុះ​ពិនិត្យមើល​ជាក់ស្តែង​ដើម្បី​ការពារ​ទីទួល​នោះ សម្រាប់​ប្រើប្រាស់​ទាំងអស់គ្នា​។

លោក​និយាយថា​៖ «​ដី​នោះ​ជា​ដី​រដ្ឋ​ទាំងអស់ អត់​មាន​អ្នកណា​មាន​សិទ្ធិ​យកបាន​ទេ ព្រោះ​កាល​រដ្ឋអំណាច​ចែក គឺ​ចែក​តែ​ដីស្រែ​ទេ​។ ចំណែក​ដី​ទីទួល​ហ្នឹង​អត់​បាន​ចែក​ឱ្យ​អ្នកណា​ទេ​។ នោះ​ជា​កន្លែង​មួយ​ដែល​ប្រជាជន​ប្រើប្រាស់​ជា​កន្លែង​រួម​»​។

លោក​ ឌី ខេង ប្រាប់ថា ទីទួល​នៅ​ឃុំ​បារុង​មាន​ច្រើន​កន្លែង ដែល​ពលរដ្ឋ​អាច​ប្រើប្រាស់​នៅតាម​ភូមិ​រៀងខ្លួន ដែល​ទីទួល​នោះ​នៅ​ដាច់ៗ​ក្បែរ​គ្នា​។ រីឯ​ទីទួល​នៅ​ភូមិ​របស់លោក​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០​ គ្រួសារ​ប្រើប្រាស់​រួមគ្នា​។ លោក​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​លក់​ដី​នោះ​ទៅឱ្យ​ឈ្មួញ ដោយមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

លោក​ថ្លែងថា​៖ «​បើ​និយាយ​ទៅ គេ​ប្រើប្រាស់​ទៅតាម​ភូមិ វា​មាន​ទីទួល​ផ្សេងៗ​ដាច់ៗ​គ្នាច្រើន​។ ប៉ុន្តែ​វា​នៅ​ជិតគ្នា​រហូត​ទៅដល់​ផ្នែក​ខាងលើ​នោះ​ទើប​ជា​ទួលធំ ហើយ​កន្លែង​ដែល​គេ​ឈូស​ហ្នឹង គឺ​ឈូស​ក្បែរ​ទួល​ធំ​ហ្នឹង ដែល​វា​ជា​ទួល​ដែរ គឺ​ទួល​គេ​ទុក​សម្រាប់​ប្រើប្រាស់​តែម្តង​»​។

មេឃុំ​បារុង​លោក​ នួន ចក់ ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែមករា ថា ការ​ឈូសឆាយ​នោះ គឺ​ប្រជាពលរដ្ឋ​ធ្វើការ​ឈូសឆាយ​លើដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​មិន​ប៉ះពាល់​ដល់​ទីតាំង​ទួល​បុរាណ​នោះទេ​។ លោក​ប្រាប់ថា មានការ​ទិញ​លក់​ដី​នៅក្បែរនោះ ប៉ុន្តែ​មិនមែន​ការលក់​ដី​ទួល​បុរាណ​ទេ​។ ចំណែក​ការ​ឈូសឆាយ​លើដី​នោះ​មាន​ចម្ងាយ​ប្រមាណ ១៥០​ ម៉ែត្រ ពី​ទីទួល​បុរាណ​។

លោក​បន្តថា ទីទួល​ដែលជា​ដី​របស់​រដ្ឋ​គ្មាន​អ្នកណា​លក់ដូរ​នោះទេ ព្រោះ​ទួល​នោះ ពលរដ្ឋ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា​ជា​ទួល​បុរាណ ដែល​ពី​ដើម​គេ​ដាក់ឈ្មោះថា តំបន់​ទួល​សុវត្ថិភាព​សម្រាប់​សំចត​ពេល​ទឹកធំ​លិច​ភូមិ​។ ក្រោយមក​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះបញ្ជី​សារពើភណ្ឌ​រក្សាទុក​។

លោក​ថ្លែងថា​៖ «​គេ​ឈូសឆាយ​ហ្នឹង គឺ​ក្រៅពី​ទួល​ហ្នឹង​ទេ គ្រាន់តែ​វា​ប៉ះ​ដំបូក​មួយ​ប្រហែល​ ១០ ​ម៉ែត្រ ដែល​ម្ចាស់​ដី​គេ​ថែរក្សា​មក​អស់​រយៈពេល​ ២០-៣០ ​ឆ្នាំ​មកហើយ​។ ដំបូក​ហ្នឹង ជាទី​ដែល​ម្ចាស់​គេ​ដាក់​ក្របី ដាក់​ចំបើង​អីហ្នឹង​»​។

អភិបាលស្រុក​ល្វាឯម លោក​ កន សុខកាយ ថ្លែង​នៅ​ថ្ងៃទី ​២៥ មករា ថា ក្រោយពី​ទទួល​ព័ត៌មាន​នេះ​លោក​ក៏បាន​ចាត់​ឱ្យ​ក្រុម​ការងារ​ចុះទៅពិនិត្យ​ដល់​ទីតាំង​ជាក់ស្តែង​។ ជា​លទ្ធផល តាម​សេចក្តី​រាយការណ៍​ពី​ក្រុមការងារ​បញ្ជាក់ថា ការ​ឈូសឆាយ​នោះ គឺ​មិនបាន​ប៉ះពាល់​ដល់​ទីតាំង​ស្ថានីយ​ទួល​បុរាណ​ដែល​ក្រសួង​វប្បធម៌​រក្សាទុក​នោះទេ​។ លោក​ថា ពលរដ្ឋ​បាន​ធ្វើការ​ទិញ-​លក់​ដីស្រែ​ជា​លក្ខណៈ​ឯកជន ហើយ​អ្នក​ដែល​ទិញ​ដី​នោះ​បានដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​លើដី​កម្មសិទ្ធិ​ផ្ទាល់​របស់ខ្លួន​។

លោក​អភិបាលស្រុក​បញ្ជាក់ថា ក្រុមការងារ​បាន​រក​ឃើញថា អ្នក​ដែល​បាន​ឈូសឆាយដី​នៅ​ទីនោះ មិនបាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ហេតុនេះ​ក្រុមការងារ​បានឱ្យ​ធ្វើ​កិច្ចសន្យា​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​សុំច្បាប់​ពី​អាជ្ញាធរ​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​មិនមាន​ការឈូសឆាយ​លើដី​ទួល​បុរាណ​ទេ ក្រុមការងារ​ដែល​បាន​ចុះទៅ​បាន​រាយការណ៍​មក​ខ្ញុំ​ថា កន្លែង​ដែល​ដាក់​គ្រឿងចក្រ​ឈូសឆាយ​នោះ​គឺ​នៅ​ឆ្ងាយ​ពី​ទួល​បុរាណ​។ ប៉ុន្តែ​ក្រុមការងារ​បាន​រកឃើញ​ថា ការឈូសឆាយ​មិនមាន​ច្បាប់​ត្រឹមត្រូវ​ទើប​យើង​ណែនាំ​ឱ្យ​គាត់​ទៅសុំ​ច្បាប់​អនុញ្ញាត​ឱ្យបាន​ត្រឹមត្រូវ​ធ្វើយ៉ាងណា​កុំឱ្យ​ប៉ះពាល់​ដល់​ស្ថានីយ​ទួល​បុរាណ​»​។

បើតាម​លោកស្រី​ មួង សារឹម ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តកណ្តាល ស្ថានីយ​ទួល​បុរាណ​នៅ​ខេត្តកណ្តាល​មាន​ច្រើន​កន្លែង​។ គិត​មកដល់​បច្ចុប្បន្ន មាន​ប្រមាណ​ជាង​ ៥០០ ​ទួល​ដែលមាន​ប្រភេទ​ខុសគ្នា ក្នុងនោះ​ស្ថានីយ​ទួល​បុរាណ​ខ្លះ​ជា​ទួល​កប់​សព​។ ខ្លះ​ជា​ទួល​មនុស្ស រស់នៅ និង​ខ្លះទៀត​ជា​ទួល​គ្រឹះប្រាសាទ​។ ដោយឡែក កន្លែង​ដែល​មានការ​ឈូសឆាយ​ថ្មី​នេះ បន្ទាប់ពី​ក្រុមការងារ​មន្ទីរ​ចុះទៅពិនិត្យ​ដល់​ទីតាំង​ជាមួយ​អាជ្ញាធរ​ស្រុក ឃើញ​ថា នៅ​ឆ្ងាយ​ពី​ជើង​ទួលបុរាណ​ប្រមាណ​ ២០០​ ម៉ែត្រ​។ ហេតុនេះ​មិនមាន​ការប៉ះពាល់​អ្វី​ដល់​ទួល​បុរាណ​នោះទេ​។

លោកស្រី​ប្រាប់ថា ការរក្សា​ទីទួល​បុរាណ គឺ​ទុក​សម្រាប់​ស្រាវជ្រាវ ដើម្បី​ដឹង​ពី​ប្រវត្តិ​អតីតកាល និង​ការរស់នៅ​របស់​អ្នក​ជំនាន់មុន ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន​។

លោកស្រី​ មួង សារឹម បាន​បញ្ជាក់ថា​៖ «​ទួល​ហ្នឹង គឺមាន​វត្ថុ​នៅក្នុង​ហ្នឹង បាន​វា​មាន​ទួល​ដែល​ខាង​បុរាណវិទ្យា និង​អ្នកជំនាញ​ដែល​ចុះទៅ​ការពារ​ហ្នឹង ពិនិត្យ​ដឹងថា វា​មាន​បំណែក​អី​មួយ​ដែល​ធ្វើឱ្យមាន​តឹកតាង​នៅ​ទី​ហ្នឹង​។ អ៊ីចឹង គឺ​ត្រូវ​រក្សាទុក​មិនអាច​បំផ្លាញចោល​បានទេ​»៕