ភ្នំពេញៈ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (​អ.ប.ព.​) ​បានចេញ​លិខិត​កោះហៅ​មនុស្ស​ ១១ ​នាក់ ដែលមាន​លំនៅ​ក្នុងភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំនេះ​ពី​រឿង​ក្លែងបន្លំ​និង​ប្រើប្រាស់​ឯកសារ​សាធារណៈ ហើយ​បាន​ព្រមាន​ថា បើ​នៅតែ​គេចវេះ​មិន​ព្រម​ចូលខ្លួន អ.ប.ព. នឹង​បញ្ជា​ឱ្យប្រើ​កម្លាំង​សាធារណៈ​ ដើម្បី​បង្ខំ​ឱ្យចូល​បង្ហាញខ្លួន​។

យោងតាម​លិខិត​របស់លោក សុត ធា មន្ត្រីនគរបាល​យុត្តិធម៌ ឋានៈ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រតិបត្តិការ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៥ ខែមករា បានឱ្យដឹងថា កន្លងមក​ (​អ.ប.ព.) ​ធ្លាប់​បានចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន ១១ ​រូប​ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្តង​រួចមក ហើយ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១ ប៉ុន្តែ​អ្នក​ទាំង​នោះបាន​ព្យាយាម​គេចវេះ​ពី​លំនៅឋាន និង​មិន​បានទទួល​លិខិត​កោះហៅ​ឡើយ​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បានឱ្យដឹងថា មនុស្ស​ទាំង ​១១​នាក់​ដែល​មិន​ព្រម​ចូលខ្លួន​កន្លងមក​នោះ​មាន​ដូចតទៅ ១- ​ឈ្មោះ ម៉ែន សោភ័ណ ភេទ​ស្រី ២- ​ឈ្មោះ ម៉ែន សូលីណា ភេទ​ស្រី ៣- ​ឈ្មោះ សុខ មលិកា ភេទ​ស្រី ៤- ​ឈ្មោះ ជា សានីន ភេទ​ប្រុស ៥- ​ឈ្មោះ ឡេង ដោក ភេទ​ប្រុស ៦- ​ឈ្មោះ ទន់ វិទ្យាម៉ូលីន ភេទ​ស្រី ៧- ​ឈ្មោះ ព្រំ សេង ភេទ​ប្រុស ៨- ​ឈ្មោះ សុខ ចិន្ដា ភេទ​ប្រុស ៩- ​ឈ្មោះ មាស​ពិសី ភេទ​ស្រី ១០- ​ឈ្មោះ អ៊ូ មករា ភេទ​ស្រី និង​ទី​ ១១-​ ឈ្មោះ អ៊ិន និមល ភេទ​ប្រុស​។

ក្នុង​លិខិត​របស់ លោក សុតធា បានឱ្យដឹង​ទៀតថា បុគ្គល​ទាំង​ ១១​ នាក់​នោះ​ត្រូវបាន​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​ឱ្យចូល​បំភ្លឺ​ពាក់ព័ន្ធ​រឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ដែល​ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​ ២០១២ រហូតមកដល់​បច្ចុប្បន្ន​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។

លិខិត​ដដែល​បញ្ជាក់ថា ដោយ​មូលហេតុ​សាមីខ្លួន​បាន​ព្យាយាម​គេចវេះ​ពី​លំនៅឋាន​ និង​មិន​បានទទួល​លិខិត​កោះ ដូចនេះ​អង្គភាព ​(​អ.ប.ព.) ធ្វើ​ការចេញលិខិត​កោះហៅ​សាមីខ្លួន​ដែលមាន​ឈ្មោះ​ដូច​បាន​រៀបរាប់​ខាងលើ​ម្តងទៀត ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ វេលា​ម៉ោង ៨ ​ព្រឹក​។ លិខិត​កោះហៅ​នេះ អ.ប.ព. បាន​​ជូនដំណឹង​ជា​សាធារណៈ​តាមរយៈ​ផេច​ហ្វេសប៊ុក​ផ្លូវការ​ (https://web.facebook.com/acukhmer) ​និង​គេហទំព័រ​របស់ អ.ប.ព.(http://www.acu.gov.kh) ។

ក្នុង​លិខិត​នោះ​សរសេរថា «​ក្នុងករណី​ដែល​សាមីខ្លួន​នៅតែ​គេចវេះ​មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ក្នុង​លិខិត​កោះហៅ​នេះ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ (អ.ប.ព. ) នឹង​ចេញ​លិខិត​បញ្ជា​ឱ្យចូល​ខ្លួន​ដែល​អនុញ្ញាតឱ្យ​មន្ដ្រីនគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឱ្យចូល​បង្ហាញខ្លួន​»​។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​ ២០២២ ​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទេ​ជុំវិញ​រឿងនេះ រី​អ្នកពាក់ព័ន្ធ​ទាំង​ ១១​ នាក់​នោះ​ក៏​ពុំ​អាច​ស្វែងរក​ប្រភព ដើម្បី​សុំ​ការបំភ្លឺ​​ពី​ករណីនេះ​បានដែរ​៕