ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង មិន​អនុញ្ញាត​ឱ្យ​ដុត​ផាវ កាំជ្រួច ឬ​ការបង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៣១ ខែមករា ដល់​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំនេះ ហើយ​លោក​ក៏​ហាម​ដាច់ខាត​ក្នុង​ការហែក្បួន​ផ្សេងៗ​ដោយ​គ្មាន​ការអនុញ្ញាត ព្រមទាំង​បាន​ព្រមាន​ចំពោះ​ជន​ណា​ដែល​បង្កចលាចល និង​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​ក្នុងសង្គម​នឹង​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ពី​ការរៀបចំ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​នៅ​ដើម​សប្តាហ៍​ក្រោយ​។

លោក ​ឃួង ស្រេង បានលើកឡើង​ក្នង​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ២៥ ខែមករា ដោយ​ហាម​ដាច់ខាត​នូវ​ការដុត​ផាវ កាំជ្រួច​ ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុង​​ឱកាស​ពិធីបុណ្យ​នេះ និង​ការលេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ផងដែរ ជាពិសេស​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​។

លោក​បញ្ជាក់ថា​៖ «​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា​ត្រូវអនុវត្ត​នូវ​វិធាន​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង និង​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះអគ្គិភ័យ​កើតឡើង​ជាយថាហេតុ​»​។

អភិបាល​រូបនេះ បន្ថែមថា ចំពោះ​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក​ ឬ​ឆ្នាំងដី​ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ​ ឬ​ទ្រូងផ្លូវ​សាធារណៈ​។

ទន្ទឹមនឹង​ការដាក់​បម្រាម​ទាំងនេះ លោក​ ឃួង ស្រេង ក៏​ដាក់​វិធានការ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់វិធានការ​ម៉ឺងម៉ាត់​កុំឱ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពីពេលនេះ​តទៅ​។

លោក​ក៏បាន​ស្នើ​ដល់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ទាំងនេះ​ឱ្យបាន​ទូលំទូលាយ ហើយ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ មន្ទីរ និង​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ កងកម្លាំង​ក្រោម​ឱវាទ និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។

លោក ឃួង ស្រេង បាន​សង្កត់ធ្ងន់​ថា​៖ «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យ​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន​ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ហើយ​ជនណា​បំពាន​លើ​សេចក្តីណែនាំ​នេះ​ ឬ​ប្រព្រឹត្ត​ល្មើស​បង្កឱ្យមាន​ចលាចល​ក្នុង​​សង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​»​។

ដោយឡែក លោក ​ប្រាក់ វិចិត្រ អភិបាល​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​បានឱ្យដឹងថា លោក​បាន​ណែនាំ​ទាក់ទង​នឹង​ការរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម ក្នុងស្រុក​របស់លោក​ផងដែរ ។

លោក​បាន​ថ្លែងថា​៖ «​ត្រូវគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ពិសេស​ត្រូវ​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដោយ​ប្រុងប្រយ័ត្ន​ ​និង​ម្ចាស់ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី និង​ការដុត​ក្រដាសសែន​ដើម្បី​រក្សាបាន​ទ្រព្យសម្បត្តិ​​អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នកដទៃ​»​។

លោក ​ប្រាក់ វិចិត្រ ក៏បាន​ហាម​ដាច់ខាត​ចំពោះ​ការលេង​ល្បែងស៊ីសង អុជផាវ និង​ហាម​ដាច់ខាត​ចំពោះ​ការលក់ ការនាំ​ចូល​ផាវ គ្រឿងផ្ទុះ​គ្រប់​ប្រភេទ និង​ហាម​ហែ​ក្បួន​ផ្សេងៗ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ផងដែរ​៕

វីដេអូ៖