ភ្នំពេញៈ ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ១៣ ​ស្ថាប័ន និង​អ្នក​ជំនាញ​ជួប​ជជែក​គ្នា​ពី​បញ្ហា​ប្រឈម និង​ការវិវឌ្ឍ​ជុំវិញ​សិទ្ធិ​ឌីជីថល និង​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​ដោយ​រំពឹងថា រដ្ឋាភិបាល​បន្ត​បើកចំហ និង​ធានា​ដល់​សិទ្ធិ​ទាំងនេះ​ដល់​អ្នកប្រើប្រាស់ ខណៈ​ការវិវឌ្ឍ​ថ្មីៗ​នៃ​បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ន​ត្រូវ​មានការ​រួមគ្នា​ដោះស្រាយ​។

ការជជែក​ពិភាក្សា​នេះ​បាន​ធ្វើឡើង​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី​ «​សិទ្ធិ​ឌីជីថល និង​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ក្រុមការងារ​ស្តីពី​សិទ្ធិ​ឌីជីថល ដែលជា​បណ្តុំ​នៃ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៣ ​ស្ថាប័ន​កាលពី​ថ្ងៃទី​ ២៦ ​មករា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ​ហ្ស៊ូម​។

ក្នុង​សន្និសីទ​នេះ​មាន​ការ​ចូលរួម​ជជែក​ពិភាក្សា​ពី​អ្នកជំនាញ​មកពី​ស្ថាប័ន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែលមាន​បទពិសោធ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ឌីជីថល និង​អ៊ីនធឺណិត​នៅ​កម្ពុជា​ទៅលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ ៣ គឺ​ការលើកកម្ពស់​សិទ្ធិ​ឌីជីថល និង​ការការពារ​ឯកជនភាព ស្មារតី​សាមគ្គីភាព និង​សំឡេង​រួម ដើម្បី​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា និង​លម្ហ​សង្គម​ស៊ីវិល និង​ភាពជា​ដៃគូ ដើម្បី​ការពារ​សិទ្ធិ​ឌីជីថល និង​សេរីភាព​អ៊ីនធឺណិត​។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការរីកចម្រើន​វិស័យ​ឌីជីថល និង​អ៊ីនធឺណិត​ធ្វើឱ្យ​សាធារណជន មាន​លទ្ធភាព​ក្នុងការ​ផ្តល់ព័ត៌មាន ការទទួល​បាន​ព័ត៌មាន និង​មាន​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ​។ ប៉ុន្តែ​ការរីកចម្រើន​ក្នុង​វិស័យនេះ គឺជា​បញ្ហា​មួយ​ដែល​ទាមទារ​ឱ្យ​គ្រប់ភាគី ជាពិសេស​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ និង​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​សិទ្ធិ និង​សេរីភាព​ក្នុង​កា​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា កន្លងមក​លោក​សង្កេតឃើញ​សេរីភាព និង​ការរឹតត្បិត​មួយចំនួន​បាន​កើត​ឡើងជា​បន្តបន្ទាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ការរីកចម្រើន​ផ្នែក​ឌីជីថល​នេះ គឺមាន​ផលប្រយោជន៍​ធំធេង​។ ដូច្នេះ​ចំពោះ​ខ្ញុំ ទាំង​រដ្ឋាភិបាល ទាំង​ម្ចាស់ជំនួយ ឬ​ដៃគូ​ផ្សេងៗ គួរតែ​ផ្តោត​នូវ​ការខិតខំ​ទៅលើ​ការវិនិយោគ​វិស័យ​ឌីជីថល និង​អ៊ីនធឺណិត​នេះ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ធ្វើ​យ៉ាងណា​ពង្រីក​នូវ​សេវា​ក្នុង​ការ​ទទួលបាន​អ៊ីនធឺណិត​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​»​។

លោក​បាន​បន្ថែមថា​៖ «​ភាគី​ពាក់ព័ន្ធ គួរតែ​ផ្តោតលើ​ការកសាង​សមត្ថភាព ជាពិសេស​ក្នុងចំណោម​យុវជន​ក្នុង​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​នេះ ដែលមាន​ប្រយោជន៍​សំខាន់ ហើយ​ក្រៅពី​ការកសាង​សមត្ថភាព យើង​ក៏​មិនត្រូវ​មើលរំលង​ផងដែរ​ពី​ប្រព័ន្ធ​សុវត្ថិភាព​»​។

ក្នុងឱកាស​នោះដែរ លោកស្រី ស៊ិន ពុទ្ធារី នាយិកា​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​លើកឡើង​ដែរ​ថា សន្និសីទ​ថ្នាក់ជាតិ​លើ​ប្រធានបទ​ក្នុង​ពេលនេះ គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងពេល​ដែល​បច្ចេកវិទ្យា​ទំនើប​បានកើត​មានឡើង​យ៉ាង​ផុសផុល​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ លោកស្រី​ក៏បាន​បញ្ជាក់ដែរថា ការជជែក​ពិភាក្សា​ក្នុង​ពេលនេះ​របស់​អ្នកពាក់ព័ន្ធ​នឹង​ផ្តល់ឱកាស​រួមគ្នា​ ដើម្បី​អាចឆ្លើយតប​ទៅនឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ទាំងនេះ​ក្នុង​ពេលខាងមុខ​។

លោកស្រី​ថ្លែងថា​៖ «​តាងនាម​ឱ្យ​ក្រុមការងារ​ផ្នែក​ឌីជីថល​ដែល​មិនមែន​រដ្ឋាភិបាល គឺ​យើង​ចង់​លើកកម្ពស់​បរិយាកាស​អំណោយផល លម្ហ​សង្គម​ស៊ីវិល ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​មាន​ខាង​ក្រសួង មាន​ដៃគូ​អភិវឌ្ឍន៍ ហើយ​និង​វិស័យ​ឯកជន​។ យើង​ចង់ឃើញ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ ដែល​យើង​ទាំងអស់​គ្នា​អាច​បញ្ចេញ​នូវ​សេរីភាព​ស្រប​ទៅតាម​គតិយុត្ត​ជាតិ អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​យើង​»​។

លោកស្រី​ ពុទ្ធារី ក៏បាន​អះអាងថា ដើម្បី​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជុំវិញ​ការរីកចម្រើន​វិស័យ​ឌីជីថល និង​អ៊ីនធឺណិត​នេះ​ក្រុមការងារ​ទាំង​ ១៣ ​ស្ថាប័ន ក៏បាន​រួមគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម និង​ការស្រាវជ្រាវ ការអប់រំ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅលើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត និង​សេចក្តីព្រាងច្បាប់​នានា​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ​។ លោកស្រី​បន្តថា នៅពេល​ប្រមូល​ធាតុ​ចូល​គ្រប់គ្រាន់​ហើយ ក្រុមការងារ​ទាំង​ ១៣​ ស្ថាប័ន​នឹង​ដាក់ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្រាប់​ជា​ធាតុចូល​មួយ​ក្នុងការ​តាក់តែង​ច្បាប់​នៅ​កម្ពុជា​។

លោក​ សូ វិសុទ្ធី អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ពី​ម្សិលមិញ មិនអាច​សុំ​អត្ថាធិប្បាយ​ជុំវិញ​កិច្ច​ជជែក និង​សំណើ​របស់​មន្ត្រី​សង្គម​ស៊ីវិល​បានទេ ដោយ​លោក​អះអាងថា កំពុង​ជាប់រវល់​។

តាម​តួលេខ ដែល​ចេញផ្សាយ​ដោយ​និយតករ​ទូរគមនាគមន៍​កម្ពុជា គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ កម្ពុ​ជាមាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​សរុប​ជាង​ ២០​ លាន​ស៊ីម​កាត ខណៈ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មាន​សរុប​ជាង​ ១៥​ លាន​នាក់ ហើយ​ក្នុងនោះ​អ្នកប្រើប្រាស់​គណនី Facebook សរុប​ជាង​ ១០​លាន​គណនី​៕