កំពង់ស្ពឺៈ អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រកាស​បដិសេធ ហើយនឹង​ដកហូត​ដី​ព្រៃឈើ ចំនួន ៧៨៤ ​ហិកតា​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ត្រង់ចំណុច​ភូមិ​ត្រាង និង​ភូមិ​ចំបក់ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ យក​មកជា​សម្បត្តិ​រដ្ឋ​វិញ ដោយ​ទុកពេល​ ១ ​ខែ​សម្រាប់​ការតវ៉ា​។

លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ថ្លែង​នៅ​ថ្ងៃទី ​២៦ ​មករា​ថា អាជ្ញាធរខេត្ត​បានចេញ​ដីកា​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​ចំនួន​ ៧៨៤ ​ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​។ ដីព្រៃ​ដែល​ស្ថិតក្នុង​ដីកា​ដកហូត​នោះ​មាន​ ២​ទីតាំង គឺ​ស្ថិត​ក្នុងភូមិ​ត្រាង និង​ភូមិ​ចំបក់ ឃុំ​ត្រពាំងជោរ បន្ទាប់ពី​ពិនិត្យឃើញថា ដី​នោះ​ទទួលរង​នូវ​ការកាន់កាប់ រុករាន ទន្ទ្រាន​ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។

លោក​អភិបាលខេត្ត​បានឱ្យ​ដឹងថា ដី​ដែល​បានចេញ​ដីកា​ដកហូត​នោះ គឺ​ត្រូវ​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​ទន្ទ្រាន​កាន់កាប់​ទៀតឡើយ​។ ប៉ុន្តែ​ទោះយ៉ាងណា រដ្ឋបាលខេត្ត​ទុក​រយៈពេល​ ១ ​ខែ​ឱ្យ​អ្នកពាក់ព័ន្ធ​ធ្វើការ​តវ៉ា ដោយ​យក​បណ្ណ​មក​បង្ហាញ ប្រសិនបើ​ប្រាកដថា ដី​មាន​បណ្ណ​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​យើង​ទុកពេល​ឱ្យ​គាត់​ ១​ ខែ ដើម្បីឱ្យ​គាត់​តវ៉ា ព្រោះ​អ្នកខ្លះ​គាត់​ថា ដី​គាត់​មាន​បណ្ណ​អ៊ីចឹង​ទៅណា​។ បណ្ណ​ហ្នឹង​ជួនកាល​ជា​បណ្ណ​កាលពី​ជំនាន់​សូន្យ​មួយ​សូន្យ​អី​ឯណោះ​។ អ៊ីចឹង អាហ្នឹង​ក៏​យើង​មិនត្រូវ​ដកហូត​របស់គេ​ដែរ ព្រោះ​វា​ជា​ដី​ស្របច្បាប់​»​។

មេឃុំ​ត្រពាំងជោរ លោក​ ទេព ណែម ថ្លែង​នៅ​ថ្ងៃទី​ ២៦ ​មករា​ថា លោក​នឹង​បើកការ​ប្រជុំ​ឱ្យ​ក្រុមការងារ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​កាន់តែ ច្បាស់​បន្ថែមទៀត​ទៅកាន់​ពលរដ្ឋ​ពាក់ព័ន្ធ​នៅ​តំបន់​ដី ដែលមាន​ដីកា​ដកហូត​នេះ​។ លោក​ប្រាប់ថា មិន​បានដឹង​ច្បាស់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នៅលើ​ទីតាំង​ដី​ដែលមាន​ដីកា​ដកហូត​នោះទេ​។ ប៉ុន្តែ​បើតាម​ការប៉ាន់ស្មាន​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ២០ ​គ្រួសារ​នៅ​ទីនោះ បាន​ធ្វើការ​ឈូសឆាយ​បន្តិចបន្តួច តែ​មិនមាន​ការដាំដុះ ឬ​ធ្វើ​សំណង់​រឹងមាំ​អ្វី​ឡើយ​។

លោក​ថ្លែងថា​៖ «​ដី​ដែលមាន​ដីកា​ដកហូត​ហ្នឹង កន្លែង​ខ្លះ​ក៏មាន​ពលរដ្ឋ​នៅ ខ្លះ​ក៏​អត់​អ៊ីចឹងទៅ​។ ព្រោះ​ដី​នោះ ជា​ដីព្រៃ​របស់​រដ្ឋ ហើយ​ខ្ញុំ​នឹង​ផ្សព្វផ្សាយ​បន្ថែម​ឱ្យ​ពួកគាត់​បានដឹង​ច្បាស់​ពី​ការដកហូត​ដី​នេះ ព្រោះ​តាំងពី​ចេញ​ដីកា ខ្ញុំ​មិនទាន់បាន​ផ្សព្វផ្សាយ​ទៅដល់​គាត់​នៅឡើយ​ទេ​»​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ដែល​បានចេញ​ដីកា​ដកហូត​ដី​ស្ថិតនៅ​ភូមិ​ត្រាង និង​ភូមិ​ចំបក់ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​នេះ​។

លោក​ប្រធាន​អង្គការ​លើកឡើងថា តាម​ការកត់សម្គាល់​របស់​លោក ការដកហូត​ដី គឺ​មាន​ជា​បន្តបន្ទាប់​ជាច្រើន​មកហើយ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ដើម្បី​មាន​មូលដ្ឋាន​គ្រប់គ្រង​ដី​រដ្ឋ ដែល​បាន​ដកហូត​នោះ​ឱ្យមាន​ប្រសិទ្ធភាព​នៅមាន​កង្វះខាត​ច្រើន​។ នេះ​ដោយសារ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិនបាន​អនុវត្ត​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ដែលជា​ហេតុ​ធ្វើឱ្យ​ជនប្រព្រឹត្ត​បទល្មើស​នៅតែ​បន្តធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​នៅលើ​ដីកា​ដកហូត​។

លោក​បាន​បញ្ជាក់ថា​៖ «​គាត់​នៅតែ​លក់ នៅតែ​ធ្វើ​សកម្មភាព​ដាំដុះ សាងសង់​លំនៅឋាន​លើ​ទីតាំង​ដី ដែលមាន​ដីកា​ដកហូត​។ បើ​យើង​មិន​តាមដាន មិន​អនុវត្ត​ឱ្យបាន​ច្បាស់លាស់​ទេ​ស្មើនឹង​អត់​ប្រយោជន៍​ទេ ដីកា​ដកហូត​ហ្នឹង គឺ​អត់​មាន​ប្រសិទ្ធភាព​។ អ៊ីចឹង​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព មាន​ដីកា​ដកហូត​ហើយ ត្រូវអនុវត្ត​ដីកា​ដកហូត​។ អ្នក​ដែល​ប្រឆាំង​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​»​។

ទោះយ៉ាងណា​ក៏ដោយ លោក ​ទេព ណែម មេឃុំ​ត្រពាំងជោរ បាន​អះអាងថា អាជ្ញាធរ​មិនបាន​ព្រងើយកន្តើយ​បណ្តោយ​ឱ្យ​ជន​ប្រព្រឹត្ត​បទល្មើស​ចូល​ទន្ទ្រាន​កាន់កាប់​លើដី​ដែលមាន​ដីកា​ដកហូត​នោះទេ​។ នៅពេល​ដែលមាន​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន អាជ្ញាធរ​តែងតែ​ធ្វើការ​សម្របសម្រួល​ណែនាំ​ដោយ​សន្តិវិធី​។ លុះត្រា​តែ​ណែនាំ​ច្រើនដង​ហើយ មិន​ស្តាប់ ទើប​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់​តាម​សភាព​ជាក់ស្តែង​៕