ភ្នំពេញៈ គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន​បាន​ណែនាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​អាច​កែច្នៃ​សំរាម​ប្លាស្ទិក​ឱ្យទៅជា​បេតុង​កៅស៊ូ (AC) ដើម្បី​នាំចូល​សម្រាប់​ប្រើប្រាស់​លើ​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា និង​បានស្នើ​សុំឱ្យ​កម្ពុជា​ពិចារណា​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​។

ការណែនាំ និង​សំណើ​នេះ​ត្រូវ​បានលើក​ឡើង​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន​ដឹកនាំ​ដោយ Shu NISHIYAMA នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដោយមាន​ការ​អមដំណើរ​ពី​ជំនាញការ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ​កាលពី​ថ្ងៃទី ២៥ ខែមករា​នេះ​។

ជា​កិច្ច​ចាប់ផ្តើម​លោក Shu NISHIYAMA បាន​ណែនាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​អាច​កែច្នៃ​សំរាម​ប្លាស្ទិក​ឱ្យទៅជា​បេតុង​កៅស៊ូ (AC) សម្រាប់​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា និង​បានស្នើ​សុំឱ្យ​ក្រសួង​ពិចារណា​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ ដោយហេតុថា វា​មាន​លក្ខណៈ​សមស្រប​អាច​ប្រើប្រាស់​បាន​នៅក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅដោយ​ភ្លៀង​ធ្លាក់​រយៈពេល​យូរ​អាច​ធានាបាន​នូវ​ការជ្រាប​ទឹក និង​ធ្វើឱ្យ​ផ្លូវ​ជាប់​រឹងមាំ​បានយូរ​អង្វែង​ផងដែរ​។

ជាការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​ស្ថានភាព​នៅ​កម្ពុជា​ឱ្យបាន​ល្អិតល្អន់ មុននឹង​សម្រេច​លើ​ការ​នាំចូល​បច្ចេកវិទ្យា​ថ្មី​នេះ ជាពិសេស​ពិនិត្យ​ទៅលើ​សំរាម​នៅ​កម្ពុជា ដែល​មិន​មានការ​បែងចែក​ប្រភេទ​សំរាម អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ក្នុងការ​ផ្គត់ផ្គង់​សម្រាប់​ដំណើរការ​កែច្នៃ និង​ការប្រមូល​សំរាម​ផង​ដែរ​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ លោក​រដ្ឋមន្ត្រី​នៅតែ​បង្ហាញ​នូវ​ការគាំទ្រ​លើ​គំនិត​ផ្ដួចផ្ដើម​នៃ​ការនាំយក​មកប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត​។

លោក ស៊ុន ចាន់ថុល ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ឱ្យបាន​លម្អិត​ទាក់ទង​នឹង​បរិមាណ​ប្លាស្ទិក​នៅ​កម្ពុជា​ថា​តើ​អាច​ផ្គត់ផ្គង់​សម្រាប់​ការ​កែច្នៃ​បាន​កម្រិតណា និង​មិនឱ្យ​ផលិតផល​នោះ​លើសពី​តម្លៃ​ធ្វើ​ពី​បេតុង​កៅស៊ូ​ឡើយ​។

លោក​ថា​៖ «​តម្លៃ​ផលិតផល​នោះ​មិនត្រូវ​ឱ្យលើស​ថ្លៃ​បេតុង​កៅស៊ូ (AC) ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​ទេ និង​ត្រូវ​សិក្សា​អំពី​បញ្ហា​ផលប៉ះពាល់​បរិស្ថាន​ដោយ​ប្រៀបធៀប​នឹង​ការប្រើប្រាស់​បេតុង​កៅស៊ូ​ផងដែរ​»​។

លោក​ក៏បាន​ស្នើ ឱ្យ​ក្រុមហ៊ុន​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែល​ទើប​បង្កើត​ថ្មី ដើម្បី​សិក្សា​លម្អិត​អំពី​ការនាំយក​បច្ចេកវិទ្យា​ថ្មី​នេះ​មកប្រើប្រាស់​នៅ​កម្ពុជា​។

ស្ថាបនិក​ក្រៀល​កម្ពុជា​លោក ហួ ឆៃងន់ ថ្លែងថា ក្នុងករណី​មាន​បច្ចេកវិទ្យា​កែច្នៃ​សំរាម​ប្លាស្ទិក​នៅ​កម្ពុជា គឺជា​រឿង​មួយ​ដ៏​ល្អ​ជួយ​លើកកម្ពស់​សោភណភាព​នៅក្នុង​សង្គម កាត់បន្ថយ​ផលប៉ះពាល់​សុខភាព ជាពិសេស​កាត់បន្ថយ​ទៅលើ​កម្ដៅ​ផែនដី​។ ទី​ ១ ​ជួយ​សោភណភាព​ក្នុងប្រទេស នៅពេល​មានការ​គ្រប់គ្រង​ប្លាស្ទិក​បានល្អ មួយទៀត​កាត់បន្ថយ​កម្ដៅ​ផែនដី ព្រោះ​ប្លាស្ទិក​នៅ​លើដី​នៅក្នុង​ទឹក ចង់​មិន​ចង់ វា​តែងតែ​បង្ក​ផលប៉ះពាល់​។

លោក​ថា ការគ្រប់គ្រង​សំរាម​ប្លាស្ទិក​នៅតាម​ផ្សារ​ទំនើប តាម​ម៉ាត នាពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អប្រសើរ ដែល​វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រមូល និង​ប្រគល់ជូន​អ្នក​ជំនាញ​ខាង​អ្នក​ផលិត​។

យោងតាម​ការសិក្សា​របស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា សព្វថ្ងៃ​ការប្រើប្រាស់​ប្លាស្ទិក​មាន​ការកើនឡើង​ជា​គំហុក​គិត​ចាប់តាំងពី​ការនាំ​ចូល​ប្លាស្ទិក​មក ប្រទេស​កម្ពុជា​ជាង ២៥ ​ឆ្នាំមុន​។ បច្ចុប្បន្ននេះ ថង់​ប្លាស្ទិក​ប្រមាណ ១០ ​លាន​ថង់​ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​ដែល​រស់នៅក្នុង​ទីក្រុង​នានា ប្រើប្រាស់​ថង់​ប្លាស្ទិក​ជាង ២ ០០០ ថង់​ក្នុង​ ១​ ឆ្នាំ​។ ក្រសួងបរិស្ថាន​បន្តថា នៅក្នុង​ប្រទេស​កម្ពុជា បើតាម​របាយការណ៍​របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ ក្នុង​ ១​ខ្នង​ផ្ទះ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ជា​មធ្យម​ចំនួន​ ១២ ​ថង់ ក្នុង ១ ​ថ្ងៃ ហើយ​បរិមាណ​សំណល់​ប្លាស្ទិក​ប្រមាណ​ជា ៤៨ ​ភាគរយ ត្រូវបាន​បោះចោល​ចូលទៅក្នុង​សមុទ្រ​។

ប្រភព​ដដែល​នេះ​បានឱ្យដឹងថា កំណើន​បរិមាណ​សំណល់​ប្លាស្ទិក​បាន​បង្ក​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជីវចម្រុះ សុខភាព​មនុស្ស និង​សេដ្ឋកិច្ចជាតិ​៕