ព្រះសីហនុៈ ប្រជា​នេសាទ​សមុទ្រ​ម្នាក់​ ដែល​បាន​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ ធ្លាក់​ពីលើ​ទូក ពេល​កំពុង​នេសាទ​ត្រី​នៅក្បែរ​កោះ​ដូង ក្នុងភូមិ​សាស្ត្រ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី ៣ ថ្ងៃមុន​នោះ ត្រូវបាន​គេ​ប្រទះឃើញ​ សាកសព​អណ្ដែត​នៅ​លើ​ផ្ទៃសមុទ្រ ក្នុង​ចម្ងាយ​ប្រមាណ​ ៤០០ ម៉ែត្រ ពី​កោះ​ដូង​នៅ​ថ្ងៃទី​ ២៦​ ខែមករា​។

លោក រស់ កី អធិការ​ស្រុក​ស្ទឹងហាវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សព​បុរសរងគ្រោះ​ឈ្មោះ ហ៊ូ​ត ចាន់ អាយុ៤២ឆ្នាំ ជា​ប្រជា​នេសាទ​នៅ​ភូមិ​អំពែង ឃុំ​អំពែង ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប។

កាលពី​ថ្ងៃទី២៣ ខែមករា កន្លង​ទៅនេះ​ ជនរងគ្រោះ​បាន​ចុះទូក​នេសាទ ជាមួយ​សាច់ញាតិ​ក្នុងភូមិ​ជាមួយគ្នា ហើយ​បាន​ជួប​ឧបទ្ទវហេតុ ធ្លាក់​ពីលើ​ទូក​នៅ​ចំណុច​ទីតាំង​ខាងលើ ដោយសារតែ​រលក​សមុទ្រ​បោក​ខ្ទប់​ទូក​ខ្លាំងពេក។

លោក​ថ្លែងថា៖«នៅ​ថ្ងៃកើតហេតុ កម្លាំង​សមត្ថកិច្ច​យើង រួម​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​សង្គ្រោះ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទៀ វិចិត្រ ​បាន​ចេញ​ឧ​ប័​រ​ទៅ​រុករក​ជនរងគ្រោះ​ផងដែរ ក្រោយ​ទទួលបាន​សេចក្ដី​រាយកា​រណ៍​​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​ដោយសារ​បញ្ហា​អាកាសធាតុ ក្រុម​សង្គ្រោះ មិនបាន​ប្រទះឃើញ​ជនរងគ្រោះ​នោះទេ»។

បើតាម​ការ​បញ្ជាក់​រប​ស់​សាច់ញាតិ​ជា​ម្ចាស់​ទូក គឺ​លោក អ៊ុក ស៊ិន អាយុ៥០ឆ្នាំ បាន​បញ្ជាក់​ថា ការប្រទះឃើញ​សព​ជនរង​គ្រោះ គឺ​បន្ទាប់ពី​ពួកគាត់​ បានរៀបចំ​ពិធីសែន​ព្រេន ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​តំបន់​កោះ​ដូង។

លោក​ថ្លែងថា៖«គាត់[ជនរងគ្រោះ]បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ភ្លាម ពួកយើង​បាន​ចុះ​មុជ​រាវរក​ភ្លាម​តែ​មិនឃើញ បន្ទាប់មក​យើងខ្ញុំ​បាន​សុំ​អន្តរាគមន៍ ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កម្លាំង​អន្តរាគមន៍​របស់លោក ឧកញ៉ា​ទៀ វិចិត្រ ឱ្យ​ជួយ​រុករក ប៉ុន្តែ​២ថ្ងៃ​មកនេះ​ នៅតែ​មិនអាច​រកឃើញ។ លុះដល់​ពួកយើង​បាននាំគ្នា​សែន​ព្រេន ដល់​អា​រក្ស​សមុទ្រ ទើប​ឃើញ​សព​អណ្ដែត​ឡើង»។

លោក ស៊ិន បាន​បញ្ជាក់​ថា៖«ករណីនេះ បើ​មិន​ជឿ​ក៏​មិន​កើត​ដែរ»។

យ៉ាង​ណា​ក៏ដោយ លោក រស់ កី បាន​មានប្រសាសន៍ថា​ ករណីនេះ វា​គ្រាន់តែ​ជា​ជំនឿ​មួយ​របស់​ក្រុម​អ្នកនេសាទ​សមុទ្រ​ប៉ុណ្ណោះ ពីព្រោះ​ជាទូទៅ​មនុស្ស​ដែល​លង់ទឹក​ស្លាប់ គឺ​សាក​សព​នឹងត្រូវ​ផុស​អណ្ដែត​ទឹក ប្រសិនបើ​គ្មាន​ការ​យាយី​ពីស​ត្វ​សមុទ្រ និង បើ​គ្មាន​ករណី​អ្វី​ផ្សេង​ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទេនោះ។

លោក​ថ្លែងថា ក្រោយពី​ប្រទះ​ឃើញ​សព​ជនរងគ្រោះ មន្ត្រី​នគរបាល​ជំនាញ បាន​ចុះទៅពិនិត្យ​កោសល្យ​វិ​ច្ច័​យស​ព​​ជនរង​គ្រោះ ប៉ុន្តែ​មិនឃើញ​មាន​ស្លាកស្នាម​ណាមួយ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ឃាតកម្ម​នោះ​ទេ ទើប​ប្រគល់​សពឱ្យ​ទៅ​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​ឧ​ប​ត្ថម្ភ​​ថវិការ​មួយចំនួន​សម្រាប់​រៀបចំ​ពិធីបុណ្យ​សព្វ​ជន​រង​គ្រោះ​នោះ​ផង​ដែរ៕