ភ្នំពេញៈ ​រាជរដ្ឋាភិបាល​គ្រោង​សាងសង់​ផ្លូវ​ថ្មី​ ១ ខ្សែ​ប្រវែង ២៧ គីឡូម៉ែត្រ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ​ឆ្ពោះទៅ​ភ្នំ​បូកគោ​ដោយ​ទទួលបាន​ថវិកា​សាងសង់​ពី​លោក សុខ គង់ អ្នកវិនិយោគ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដោយ​ផ្លូវ​ ១​ ខ្សែ​នេះ​នឹងត្រូវ​ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​របស់លោក ម៉ុង ឫទ្ធី ដែលជា​អ្នកជំនួញ​ល្បីឈ្មោះ​ម្នាក់​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​បានឱ្យដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ២៥ មករា​ថា អនុវត្តតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន កាលពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​ ២០២១ លោក​បាន​សម្របសម្រួល​ជាមួយ​លោក សុខ គង់ ​អ្នកវិនិយោគ​រមណីយដ្ឋាន​ភ្នំ​បូកគោ និង​លោក ម៉ុង ឫទ្ធី ជា​អ្នកជំនួញ​ម្នាក់​នៅ​កម្ពុជា​នឹងធ្វើ​ការសាងសង់​ផ្លូវ​ថ្មី​ ១ ​ខ្សែ​ប្រវែង ២៧ គីឡូម៉ែត្រ​។

លោក ជា សុផារ៉ា បាន​បញ្ជាក់ថា​៖ «​ផ្លូវ​ថ្មី​នេះ​នឹង​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ត្រង់​គីឡូម៉ែត្រ​លេខ​ ១៥៨+២០០ ឆ្ពោះទៅ​ភ្នំបូកគោ​ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​។ អ្នកឧកញ៉ា សុខ គង់ ទទួល​រ៉ាប់រង​ការចំណាយ​ស្ថាបនា​ផ្លូវ ហើយ​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយ​ឈូសឆាយ​ដើម​ដូងប្រេង​ដើម្បី​បើកផ្លូវ​»​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​ថ្មី​ ១ ​ខ្សែ​នេះ​បានទេ​កាលពី​ថ្ងៃទី​ ២៦ ​មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​លោក ជា សុផារ៉ា បានបញ្ជាក់​យ៉ាងខ្លី​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ មករា ថា ក្រសួង​នឹង​ប្រកាស​ព័ត៌មាន​​លម្អិត​ពី​គម្រោង​សាងសង់​ផ្លូវ​នេះ​ក្នុងពេល​ខាងមុខ​។

លោក ម៉ុង ឫទ្ធី ដែល​ចូលរួម​វិនិយោគ​ក្នុងការ​សាងសង់​ផ្លូវ​ ១ ​ខ្សែ​នេះ​បាន​និយាយថា លោក​នឹងចូលរួម​ឈូសឆាយ​ដើម​ដូងប្រេង​របស់លោក ដើម្បី​បើកផ្លូវ នៅពេលណា​ដែល​ផ្លូវ​ ១ ​ខ្សែ​នេះ​ត្រូវបាន​ស្ថាបនា​ឆ្លងកាត់​ចម្ការ​ដូងប្រេង​របស់លោក​។

លោក​បញ្ជាក់ថា​៖ «​ពេលនេះ ឧកញ៉ា​ សុខ គង់ អ្នកវិនិយោគ​ភ្នំបូកគោ​ដែល​ត្រូវធ្វើ​ផ្លូវ​ឆ្លងកាត់​ពី​បូកគោ​រហូតមក​ឡើង​នៅ​ផ្លូវជាតិ​លេខ ​៤ ដោយ​ឆ្លងកាត់​ចម្ការ​ដូងប្រេង​មួយចំណែក​ធំ​។ ចំពោះ​ខ្ញុំ​ជា​អ្នកធ្វើ​សម្បទាន​ដីចម្ការ​ដូងប្រេង ដែល​លោក​ឧកញ៉ា សុខ គង់ ចេញ​លុយ​សាងសង់​ផ្លូវ និង​មានការ​សម្របសម្រួល​ពី​ក្រសួង និង​អភិបាលខេត្ត​ផង នឹង​ធ្វើ​ការសាងសង់​ផ្លូវ​ប្រវែង ២៧ គីឡូម៉ែត្រ​នេះ​»​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៦ ​មករា​ថា ថ្នាក់​ខេត្ត​ទើបតែ​បានទទួល​ព័ត៌មាន​នៃ​ការបង្កើត​ផ្លូវ​ថ្មី​ ១ ​ខ្សែ​នេះដែរ ប៉ុន្តែ​គម្រោង​នៃ​ការសាងសង់ និង​ការចំណាយ​ថវិកា​លើ​ការសាងសង់​នេះ គឺ​លោក​មិនទាន់​បានដឹង​ច្បាស់​នោះទេ​។ យ៉ាងណា​ក្នុងនាម​ខេត្ត លោក​ ឃាង ភារម្យ បាន​អះអាងថា រដ្ឋបាលខេត្ត​នឹងចូលរួម​សម្របសម្រួល ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​ផ្លូវ ១ ខ្សែ​នេះ ដំណើរការ​ទៅដោយ​រលូន ព្រោះ​គម្រោង​នេះ​ក៏មាន​ការឆ្លងកាត់​ពី​ខេត្តកំពត​មក​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​កាលណា​យើង​មាន​ផ្លូវ គឺមាន​សង្ឃឹម ហើយក៏​បាន​ចូលរួមចំណែក​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផង​។ អ៊ីចឹង​ផ្លូវ​ថ្មី​នេះ គឺ​បាន​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​។ បើ​សំដៅទៅ​វិស័យ​ទេសចរណ៍ អ្នកទេសចរ​អាចធ្វើ​ដំណើរ​ដោយ​ងាយស្រួល និង​ចំណាយពេល​តិចជាង​មុន បើ​ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​ ៤ ទៅ​ភ្នំ​បូកគោ​»​។

លោក ​គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា សុំ​មិន​បញ្ចេញយោបល់​អ្វី​ចំពោះ​គម្រោង​សាងសង់​ដែល​ទទួល​បានកា​វិនិយោគ​ពី​សេដ្ឋី​ក្នុងស្រុក​ទាំង​ ២ ​នេះ​ទេ ដោយ​គ្រាន់តែ​សង្ឃឹមថា ការស្ថាបនា​ផ្លូវ ​១ ​ខ្សែ​នេះ​នឹង​ធ្វើឡើង​ប្រកបដោយ​គុណភាព ដើម្បី​ធានា​ដល់​គុណភាព និង​សុវត្ថិភាព​ដល់​អ្នកបើកបរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនមាន​យោបល់​អ្វី​ចំពោះ​ចំណុច​នេះ​ទេ គ្រាន់តែ​ការសាងសង់​ផ្លូវ​សុំឱ្យ​ផ្សារភ្ជាប់​ជាមួយនឹង​ការរៀបចំ​វិធាន​សុវត្ថិភាព ស្លាក​សញ្ញា​សុវត្ថិភាព​អី​អ៊ីចឹង ហើយ​ការការពារ នៅពេល​យើង​សង់​ផ្លូវ​អី​អ៊ីចឹង ដើម្បី​ឱ្យ​ស្រួល​ធ្វើដំណើរ​»៕

វីដេអូ៖