ភ្នំពេញៈ ស្ត្រី​ ៣ ​នាក់​មាន​ម្ដាយ ម្តាយមីង​ និង​កូន​បាន​ស្លាប់​ និង​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នៅ​ភូមិ​បឹងសាឡាង សង្កាត់​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ ៣ ​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​ ២៦ មករា​។ នេះ​បើតាម​របាយការណ៍​ជំហាន​បឋម​ដែល​ផ្ដល់ឱ្យ​ដោយ​មន្ត្រី​មូលដ្ឋាន​។

លោក​ កែវ ភួន សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ឫស្សីកែវ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ជំហាន​បឋម​នេះ សមត្ថកិច្ច​បាន​រកឃើញ​ជន​រងគ្រោះ​ឈ្មោះ​ ភុក ប៉ានពេជ្រ វលក្ខណ៍ អាយុ ​២៥ ​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈ​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ពេជ្រ វណ្ណា អាយុ ​៤០​ ឆ្នាំ និង​ម្ដាយមីង​ឈ្មោះ​ ពេជ្រ វណ្ណី អាយុ​ ៣៩ ​ឆ្នាំ​បាន​រងរបួស​មធ្យម​។

លោក​ថ្លែងថា​៖ «​មកទល់ពេលនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​នៅ​ពុំទាន់​ស្រាវជ្រាវ​រកឃើញ​នូវ​មូលហេតុ​ដែល​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​»​។

បើតាម​លោក កែវ ភួន ក្រៅពី​បណ្ដាល​ឱ្យមាន​ជនរងគ្រោះ​ស្លាប់ និង​របួស​ចំនួន​ ៣ ​នាក់ គ្រោះ​អគ្គិភ័យ​នេះ​ក៏បាន​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​ចំនួន ២​ ល្វែង​ក្នុងនោះ​ ១ ​ល្វែង​ឆេះ​ខូចខាត​ទាំងស្រុង និង​ឆេះ​ខូចខាត​រថយន្ត Prius ១ ​គ្រឿង ព្រមទាំង​សម្ភារ​ប្រើប្រាស់ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។

លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែងថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ នគរបាល​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ផងដែរ បន្ទាប់ពី​ទៅដល់​កន្លែងកើតហេតុ ដោយ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​សន្លប់​ស្ដូកស្ដឹង និង​ត្រូវបាន​ភ្លើង​ឆេះ​រលាក​ពេញ​ទាំង​ខ្លួន​។

លោក​ថា​៖ «​នៅពេល​កម្លាំង​នគរបាល​កង​ពន្លត់​អគ្គិភ័យ​យើង​ទៅដល់​ផ្ទះ​ជនរងគ្រោះ​ត្រូវ​ជាប់​សោ​ខាងក្នុង​ក្រុមការងារ​បាន​បាញ់ទឹក​ពន្លត់​ផង និង​ព្យាយាម​ទម្លុះ​ទ្វារ​ចូលទៅ​សង្គ្រោះ​ស្ត្រី​ ៣ ​នាក់​ជាប់គាំង​ក្នុងផ្ទះ​ដែល​កំពុង​ឆេះ​នោះ​។ ប៉ុន្តែ​ក្នុងចំណោម​ស្ត្រី​ ៣ ​នាក់​មាន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយ​ដួលសន្លប់​ស្ដូកស្ដឹង និង​មាន​ឆេះ​រលាក​ពេញ​រាងកាយ ហើយ​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​»​។

លោក​បន្តថា មកទល់​ពេលនេះ​សមត្ថកិច្ច​នគរបាល​មិនទាន់​បាន​សួររក​មូលហេតុ ដែល​បណ្ដាល​ឱ្យមាន​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ ដោយ​ជនរងគ្រោះ​ដែល​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​កំពុងមាន​ទុក្ខ​បាន​បាត់បង់​សមាជិកគ្រួសារ​ម្នាក់​ផង និង​កំពុង​សម្រាក​ព្យាបាល​របួស​ខ្លួនឯង​ផង​។ ទោះយ៉ាងណា សមត្ថកិច្ច​នគរបាល​នឹង​បន្ត​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ការពិត​លើ​ករណីនេះ​។

នៅឯ​ខេត្តបន្ទាយមានជ័យ​ក៏មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ផងដែរ នៅ​ភូមិ​ឈូក សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ នៅ​ថ្ងៃទី​ ២៥ មករា បង្ក​ឱ្យ​ឆេះ​ខូចខាត​ផ្ទះ​ ៣ ​ខ្នង និង​ទ្រព្យសម្បត្តិ​ជាច្រើន​។ ប៉ុន្តែ​មិន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​នោះទេ​។ នេះ​បើតាម​លោក​ សំ ប្រសិទ្ធ អធិការរង​ក្រុង​សិរីសោភ័ណ​។

តាម​ទិន្នន័យ​ដែល​ផ្ដល់ឱ្យ​ដោយ​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ​ក្នុង​ខែមករា ដើមឆ្នាំ​ ២០២២ នេះ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ ៧៥ ​ករណី​នៅ​ទូទាំងប្រទេស ដោយ​បង្ក​ឱ្យ​មនុស្ស​ ២ ​នាក់​ស្លាប់ និង​ឆេះ​ខូចខាត​ផ្ទះ​ ៨០ ​ខ្នង រោងចក្រ​ចំនួន​ ១ ព្រមទាំង​ខូចខាត​រថយន្ត គ្រឿងចក្រ ឧបករណ៍ សម្ភារ​ប្រើប្រាស់ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​៕