ឧត្តរមានជ័យៈ ចាងហ្វាង​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ក្រសួងយុត្តិធម៌ ដោយ​ប្តឹង​ចៅក្រម​ចំនួន​ ២​ រូប និង​ព្រះរាជអាជ្ញារង​ចំនួន​ ២ ​រូប​ដោយ​អះអាងថា មន្ត្រី​តុលាការ​ទាំងនោះ​បាន​កាត់ក្តី​ដោយ​អយុត្តិធម៌​ពាក់ព័ន្ធ​សំណុំរឿង​ជម្លោះដីធ្លី​ជាមួយ​មន្ត្រី​យោធា​។

លោក ប៉ែន នួន អាយុ ៤៤ ​ឆ្នាំ​រស់នៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែលមាន​តួនាទី​ជា​ចាងហ្វាង​គេហទំព័រ​ស្រទាប់​យុវវ័យ​បាន​ដាក់​ពាក្យបណ្តឹង​ចូលទៅ​កាន់​ក្រសួងយុត្តិធម៌ ដើម្បី​ស្នើសុំ​អន្តរាគមន៍​កាលពី​ថ្ងៃទី ​២៥ ខែមករា ឆ្នាំ​ ២០២២​។

យោងតាម​ពាក្យបណ្តឹង​របស់លោក ប៉ែន នួន បាន​ប្តឹង​បុគ្គល​ចំនួន​ ៤ ​រូប​រួមមាន លោក ស៊ឹម ពិចិត្រ អតីត​ចៅក្រម​សាលាដំបូង​ខេត្ត​ឧត្តរមាន​ជ័យ លោក គង់ រតនា អតីត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ លោក លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក អួង វុទ្ធា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

នៅក្នុង​ពាក្យបណ្តឹង​នោះ​លោក ប៉ែន នួន បាន​ជម្រាប​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា លោក​ត្រូវបាន​មន្ត្រី​តុលាការ​ខាងលើ​កាត់ក្តី​កំបាំងមុខ​យ៉ាង​អយុត្តិធម៌ កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ២០២២ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ុក គឹមលី ជា​យោធា​ពាក់​ផ្កាយ​ ២ ដោយបាន​ប្តឹង​លោក កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២០ រឿង​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហាដីធ្លី​។

លោក​បន្តថា ការប្តឹង​នោះ បន្ទាប់ពី​លោក​ចេញផ្សាយ​ព័ត៌មាន​ពិត​រឿង​ករណី​វិវាទ​ដី​រវាង​ពលរដ្ឋ​ ៤ ​គ្រួសារ​នៅលើ​ផ្ទៃដី ៦ ​ហិកតា ស្ថិតនៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។

ក្នុង​ពាក្យបណ្តឹង​ដដែល​នោះ​លោក​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​ដោយបាន​គូសបញ្ជាក់ថា​៖ «​ខ្ញុំបាទ​ជា​ជនរងគ្រោះ​ដ៏​ពិតប្រាកដ ដែល​ត្រូវបាន​បុគ្គល​ជា​យោធា​ពាក់​ផ្កាយ​ ២ ឈ្មោះ អ៊ុក គឹមលី និង​ឈ្មោះ យឹម សេន រំលោភ​យក​ដី​ហើយ​ប្ដឹង​ខ្ញុំបាទ​ឱ្យ​សងជំងឺចិត្ត​បន្ថែមទៀត ពិត​ជា​អយុត្តិធម៌​ខ្លាំងណាស់ ព្រោះ​ខ្ញុំបាទ​មាន​ឯកសារ​គ្រប់គ្រាន់ និង​សាក្សី​ម្ចាស់​ដី​សម្រាប់ធ្វើ​អំណះអំណាង​ផ្លូវច្បាប់​»​។

លោក ប៉ែន នួន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ក្រសួង​យុត្តិធម៌​បាន​ពិនិត្យ​ឯកសារ និង​ទទួលយក​ពាក្យបណ្តឹង​របស់​លោក ប៉ុន្តែ​មិនទាន់​មាន​ការឆ្លើយ​នៅឡើយ​ទេ​។ ទោះយ៉ាងណា​លោក​សង្ឃឹមថា ក្រសួង​នឹង​ផ្តល់​អន្តរាគមន៍​រឿងនេះ​។ បន្ថែម​ពីនេះ​លោក​ថា​៖ «​សម្រាប់​រឿងក្តី​ឧត្តរមានជ័យ មេធាវី​ខ្ញុំ​បាន​ប្តឹង​ទៅ​ឧទ្ធរណ៍​ហើយ ប៉ុន្តែ​នៅ​សាលាដំបូង​ក្រុងភ្នំពេញ​វិញ មេធាវី​ខ្ញុំ គាត់​ដាក់​ប្តឹង​ទាស់​ឱ្យ​សវនាការ​ឡើងវិញ ដោយសារ​តែ​គាត់​កាត់ក្តី​ចោល​យើង ដោយ​មិនមាន​ការជូនដំណឹង​»​។

អ្នកនាំពាក្យ​តុលាការខេត្ត​ឧត្តរមានជ័យ​លោក ឆេង ហុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសម្រេច​យ៉ាងណា​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ លោក​ថា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែមករា​នេះ លោក​មិនទាន់​ទទួល​លិខិត​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​ឡើយ​។ «​ក្រសួង​យុត្តិធម៌​មិនទាន់​បញ្ជូន​លិខិត​មក​សាលាដំបូង​ខេត្ត​ទេ បើ​មិនទាន់​មាន​លិខិត​ទេ​ខ្ញុំ​អត់​មាន​មូលដ្ឋាន​អី​ដើម្បី​បកស្រាយ​ច្រើន​ដែរ​»​។

ទាក់ទង​នឹង​សំណុំ​រឿងនេះ លោក​ ប៉ែន នួន បាន​រៀបរាប់ថា នៅ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង​បាន​កាត់​កំបាំងមុខ​ឱ្យ​លោក​សងជំងឺចិត្ត​ទៅឱ្យ​ឈ្មោះ អ៊ុក គឹមលី ជាដើម​បណ្តឹង​ ៦ ​លាន​រៀល និង​ធ្វើការ​ជាក​ពិន័យ ៣ ​លាន​រៀល​។ ក្នុង​សំណុំរឿង​តែមួយ​នេះដែរ បុគ្គល​ពាក់​ផ្កាយ ​២ ឈ្មោះ អ៊ុក គឹមលី បាន​ប្តឹង​លោក​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ផង និង​ទៅ​សាលាដំបូង​ក្រុងភ្នំពេញ​ផង​។ ចៅក្រម​ឈ្មោះ ស៊ឹម ពិចិត្រ និង​ព្រះរាជអាជ្ញារង ឈ្មោះ គង់ រតនា នៃ​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​បាន​ជំនុំ​ជំម្រះ​កាត់ក្តី​ឱ្យ​លោក​សងជំងឺចិត្ត​ទៅឱ្យ​ឈ្មោះ អ៊ុក គឹមលី ៤០ ​លាន​រៀល និង​ឈ្មោះ យឹម សេន ៤០ ​លាន​រៀល និង​ផាកពិន័យ​ចូល​រដ្ឋ ៥ ​លាន​រៀល​។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន ​បាន​ថ្លែង​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ២៦​ មករា​ថា ក្រសួង​នឹង​ធ្វើការ​ពិនិត្យ​តាម​សមត្ថកិច្ច​របស់ខ្លួន​។

មិនអាច​ទាក់ទង​ភាគី​ដើមបណ្តឹង ដើម្បី​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ​៕