
អាណាព្យាបាលផ្ដល់អាហារូបត្ថម្ភដល់ទារកនាពេលកន្លងមកក្នុងខណ្ឌចំការមន។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជា និងសមាគមអាហារូបត្ថម្ភសម្រាប់ទារក និងកុមារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APIYCNA) ជួបជជែកគ្នា ដើម្បីផ្លាស់ប្ដូរយោបល់លើលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹងអនុក្រឹត្យលេខ ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។
កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំក្រុមការងារ ក.ប.ប. ដើម្បីចូលរួមប្រជុំជាមួយសមាគមអាហារូបត្ថម្ភសម្រាប់ទារក និងកុមារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APIYCNA) តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
តាមទំព័រហ្វេសប៊ុករបស់ ក.ប.ប. បានឱ្យដឹងថា កិច្ចប្រជុំនេះគឺក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរយោបល់លើលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹងអនុក្រឹត្យលេខ ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍បន្ថែមថា កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងតាមការស្នើសុំពីសមាគមអាហារូបត្ថម្ភសម្រាប់ទារក និងកុមារតូចអាស៊ីប៉ាស៊ីហ្វិក (APIYCNA) ដែលជាអង្គការមួយមិនស្វែងរកប្រាក់ចំណេញ មានគោលដៅធ្វើឱ្យប្រសើរឡើងសុខុមាលភាពអាហារូបត្ថម្ភនៃទារក និងកុមារ។
លោកបានបន្តថា ដូចអ្វីដែលយើងបានដឹងថា ការលើកកម្ពស់អាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យដែលតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល និងការចូលរួមដោយយកចិត្តទុកដាក់ទៅលើអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យពាក់ព័ន្ធនានា។ ដូច្នេះកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យលេខ ១៣៣ ដើម្បីធានាក្នុងការផ្ដល់អាហារូបត្ថម្ភឱ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូច។
លោកបានបញ្ជាក់ថា៖ «មានលក្ខខណ្ឌតម្រូវជាច្រើនដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យនេះ ជាពិសេសការតម្រូវលើការរឹតត្បិតអំពីការជំរុញការផ្សព្វផ្សាយលក់ផលិតផលចិញ្ចឹមទារក និងកុមារ ដែលចាំបាច់ត្រូវមានជជែកពិភាក្សាបកស្រាយបន្ថែម ដើម្បីឱ្យមានភាពច្បាស់លាស់ និងសមស្របក្នុងការអនុវត្តដោយស្ថាប័នអនុវត្តច្បាប់ និងការទទួលយកដោយក្រុមអ្នកផលិត ឬវិស័យឧស្សាហកម្ម»។
លោក ផាន អូន ក៏បានឱ្យដឹងដែរថា បញ្ហាសំខាន់ៗដែលកើតឡើងពីការអនុវត្តនៃអនុក្រឹត្យ គឺពាក់ព័ន្ធនឹងការចេញលិខិតអនុញ្ញាតដោយក្រសួងសុខាភិបាល លើខ្លឹមសារនៃការប្រើប្រាស់ស្លាកសញ្ញាជាភាសាខ្មែរមានរយៈពេលកំណត់ ការពិនិត្យតាមដានលើការដាក់ស្លាកផលិតផល និងការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីជំរុញការលក់នៅលើទីផ្សារ និងកត្តាគុណភាព និងសុវត្ថិភាពរបស់ផលិតផលដែលអាចប៉ះពាល់ដោយផ្ទាល់ ឬប្រយោលទៅលើសុខភាពទារក និងកុមារ ដោយមន្ត្រី ក.ប.ប. ។
បន្ថែមពីនេះ អនុក្រឹត្យនេះក៏ពាក់ព័ន្ធនឹងការជំរុញការលក់ដោយវិធី Cross Promotion ដែលត្រូវបានហាមឃាត់។ Cross Promotion មានន័យថា សកម្មភាពដែលប្រើប្រាស់ផលិតផលមួយដើម្បីផ្សាយពាណិជ្ជកម្មមួយផ្សេងទៀត។
បើតាមអគ្គនាយកដ្ឋាន ក.ប.ប. ជាទូទៅអនុក្រឹត្យលេខ ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ពិតជាមានសារៈសំខាន់ក្នុងការធានាឱ្យបានថា ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលមានដាក់លក់លើទីផ្សារគឺត្រូវមានលក្ខណៈសមស្រប ទាំងផ្នែកស្លាកសញ្ញា ទាំងផ្នែកគុណភាព និងសុវត្ថិភាព។
ដូច្នេះដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព គួរមានការកំណត់ឱ្យបានច្បាស់លាស់លើនីតិវិធី (SOPs) និងបញ្ជីត្រួតពិនិត្យលើប៉ារ៉ាម៉ែត្រសំខាន់ (Check Lists) ហើយសមាគម APIYCNA ស្នើសុំឯកសារទាំងនេះពីកម្ពុជា ដើម្បីសមាគមអាចផ្ដល់យោបល់បន្ថែម ដើម្បីធានាឱ្យមានការអនុវត្តកាន់តែមានលទ្ធផលល្អ។ នេះបើតាមការអះអាងរបស់លោក ផាន អូន។
លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសផ្នែកអាហារូបត្ថម្ភនៃអង្គការ World Vision បាននិយាយថា ការបំបៅកូនដោយទឹកដោះម្តាយផ្តាច់មុខរហូតដល់អាយុយ៉ាងតិច ៦ ខែ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចបាននូវការលូតលាស់ ការអភិវឌ្ឍ និងសុខភាពល្អបំផុតសម្រាប់ទារកទើបនឹងកើត។
លោកស្រីថ្លែងថា ការបំបៅកូនដោយទឹកដោះម្តាយផ្តាច់តែមួយមុខក្នុងពេលបច្ចុប្បន្នរបស់អ្នកម្តាយក្នុងពេលនេះ គឺហាក់មានការធ្លាក់ចុះ ខណៈប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនទាំងនោះទទួលបានជោគជ័យក្នុងការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយដោយបង្ហាញថា វាជានិមិត្តសញ្ញានៃភាពទំនើប និងបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។
លោកស្រីថា៖ «យើងត្រូវការវិធានការបន្ថែមទៀតទាក់ទងនឹងការធានាការអនុវត្តអនុក្រឹត្យ និងការដាក់ទណ្ឌកម្មលើអ្នកបំពាន។ វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងការអនុវត្តអនុក្រឹត្យនេះ នៅក្នុងវិស័យឯកជន និងហាងលក់ផលិតផលទារក ក៏ដូចជានៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈ។ សាធារណជនក៏ត្រូវចូលរួមរាយការណ៍អំពីបទល្មើសទាំងនេះផងដែរ ដើម្បីរដ្ឋាភិបាលអាចចាត់វិធានការបានទាន់ពេលវេលា»។ កម្ពុជាបានអនុម័តអនុក្រឹត្យលេខ ១៣៣ ស្តីពីទីផ្សារផលិតផលសម្រាប់ទារក និងកុមារតូចចាប់តាំងពីឆ្នាំ ២០០៥ ដើម្បីការពារសាធារណជនពីការអះអាងមិនពិត និងការបំភាន់ចំពោះផលិតផលជំនួសទឹកដោះម្តាយ។ មកទល់នឹងពេលនេះ គឺមានក្រុមហ៊ុនជាង ២០ ប៉ុណ្ណោះដែលត្រូវទទួលរងនូវការពិន័យដែលនេះ World Vision ចាត់ទុកថា វាគឺវិធានរឹងមាំ និងបង្ហាញថារដ្ឋាភិបាលមានឆន្ទៈក្នុងការបង្ក្រាបក្រុមហ៊ុនដែលបំពានច្បាប់លក់ផលិតផលជំនួសទឹកដោះម្តាយនៅកម្ពុជា៕