ភ្នំពេញៈ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បដិសេធ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​លោក Charles Santiago ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ចំពោះ​ការធ្វើដំណើរ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​ ៧-៨ ​មករា​ថា ជា​ដំណើរការ​បំផ្លាញ​កុងសង់ស៊ីស​ ៥ ​ចំណុច​របស់​អាស៊ាន​។

សេចក្តី​ថ្លែងការណ៍​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ចុះ​ថ្ងៃទី​ ២៤ ខែមករា​បាន​ឱ្យ​ដឹងថា លោក Charles Santiago ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង​ជា​សមាជិកសភា​មកពី​គណបក្សប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ជារឿយៗ​ត្រូវបាន​គេ​មើលឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មជន​នយោបាយ​ជ្រុលនិយម​មួយ​ក្តាប់​តូច ក្រុម​អ្នកនយោបាយ​ដែល​ចង់​បង្ក​សង្គ្រាម ឬ​ក្រុម​ជន​ក្រៅច្បាប់​មួយចំនួន​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​អះអាងថា​៖ «​ការញុះញង់​ឱ្យមាន​ការរិះគន់ និង​ចេតនា​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់ និង​បេសកកម្ម​ស្វែងរក​សន្តិភាព​របស់​សម្តេចតេជោ ហ៊ុន សែន គឺជា​ការប្រឆាំង​ទាំងស្រុង ចំពោះ​សន្តិភាព និង​ជា​អំពើ​អសីលធម៌​»​។

អ្នកវិភាគ​នយោបាយ​កម្ពុជា​លោក គិន ភា ថ្លែងថា គោលបំណង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​ចង់​មើលឃើញ​មីយ៉ាន់ម៉ា​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ ជាពិសេស​ចង់បាន​ការ​វិលត្រឡប់​មកវិញ​របស់​មីយ៉ាន់ម៉ា​គ្រប់​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​៕