ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការដុត​ជញ្ជ្រាំង ចម្ការ កាកសំណល់​សំរាម ឬ​ដុត​ព្រៃ​ទន្ទ្រាន​យក​ដី​នៅ​ទីលម្ហ ពីព្រោះ​វា​ជា​ផ្នែក​មួយ​បង្កឱ្យមាន​កំហាប់​ភាពល្អិត​និចល PM 2.5 ជា​សមាសធាតុ​ល្បាយ​នៃ​ភាគល្អិត​សរីរាង្គ​ និង​អសរីរាង្គ​អណ្តែត​ក្នុង​ខ្យល់​ដែល​សមាស​ធាតុគីមី​សំខាន់ៗ​មួយចំនួន ហើយ​សមាស​ធាតុគីមី​ភាគល្អិត​ក្នុង​ខ្យល់​ដែល​តូច​ជាង​ខ្នាត​មួយ​នេះ​អណ្ដែត​នៅក្នុង​ខ្យល់​អាចមាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​ដោយសារ​វា​អាច​ជ្រៀតចូល និង​ស្ថិតនៅ​ជ្រៅ​ក្នុង​សួត ពិសេស​វា​មាន​កម្រិត​ខ្ពស់​នា​រដូវប្រាំង​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២៥ ខែមករា​នេះ​នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​ថា ចាប់តាំងពី​ឆ្នាំ​ ២០១៧ ដល់​បច្ចុប្បន្ន ក្រសួង​បរិស្ថាន​បានរៀបចំ​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​បាន​ចំនួន ៥១ ​ទីតាំង ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ ១៤ ​ទីតាំង និង​នៅតាម​បណ្ដា​ខេត្ត ៣៧ ​ទីតាំង ដែលជា​ផែនការ​ខ្យល់​ស្អាត​កម្ពុជា​។

លោក នេត្រ ភក្ត្រា ថ្លែងថា​៖ «​បើតាម​របាយការណ៍​ដែល​បានមកពី​ការអង្កេត​តាម​ផ្កាយរណប អង្កេត​ក្នុង​រយៈពេល ២៤ ​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២២ ក្ដាប់បាន​នៅ​ទូទាំង​ប្រទេស គឺមាន​ការដុត​ចំនួន ៤២៩​ ទីតាំង​។ ចំណែក​វិធានការ យើង​បានចេញ​នូវ​ការណែនាំ​ទៅដល់​បណ្ដា​ខេត្ដ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ត្រូវ​គ្រប់គ្រង​ឱ្យបាន​នូវ​ទីតាំង​នៃ​ការដុត​នេះ​។ ហើយ​វិធានការ​ដែល​មួយទៀត​ដែល​យើង​បាន​ដាក់ចេញ​ទាក់ទង​នឹង​ការគ្រប់គ្រង​ការដុត​នៅតាម​ទីលម្ហ​»​។

បើតាម​លោក ភក្ត្រា ពាក់ព័ន្ធ​នឹង​ករណី​ភ្លើង​ឆេះ​ព្រៃ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​សេចក្ដី​អំពាវនាវ សេចក្ដី​ណែនាំ ដើម្បីឱ្យ​រួម​សហការ​គ្នា​ក្នុងការ​គ្រប់គ្រង​ភ្លើង​ឆេះព្រៃ ព្រោះថា​នៅក្នុង​រដូវប្រាំង​នេះ គឺ​ងាយ​នឹង​កើតមានឡើង​ករណី​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្ដាលមកពី​កត្ដា​មនុស្ស និង​កត្ដា​ធម្មជាតិ​។

លោក​បានឱ្យដឹងថា កត្ដា​មនុស្ស គឺ​នៅពេល​ប្រជាពលរដ្ឋ​ចូល​ព្រៃ​ដើម្បី​ចាប់​សត្វ នៅ​តំបន់​មួយចំនួន ពួកគាត់​ដុត​ព្រៃ​តែម្ដង ដើម្បី​ចាប់​សត្វ ប៉ុន្ដែ​ក្រោយពេល​ដុត​ព្រៃ​រួចហើយ​មិនអាច​គ្រប់គ្រង​បាន​ក៏​បណ្ដាលឱ្យ​ភ្លើង​ឆេះ​ព្រៃ​។ មាន​ករណី​ខ្លះទៀត ពលរដ្ឋ​ចូលទៅ​ក្នុងព្រៃ​ហើយ​ធ្វើ​ការដាំ​ស្ល ហើយ​ចេញមក​ផ្ទះ​វិញ​ក៏​ភ្លេច​ពន្លត់ភ្លើង​ឱ្យបាន​ត្រឹមត្រូវ​ក៏​ជា​មូលហេតុ​នាំឱ្យ​ភ្លើង​ឆេះ​ព្រៃ​ដែរ​។ ដែល​ចំណុច​នេះ​ក្រសួង​កំពុង​យក​ចិត្ដ​ទុកដាក់​។

លោក ភក្ត្រា បញ្ជាក់ថា កំហាប់​ភាពល្អិត​និចល PM 2.5 នេះ មាន​កម្រិត​ខ្ពស់​នៅ​រដូវប្រាំង បើ​ប្រៀបធៀប​ទៅនឹង​រដូវវស្សា​។ រដូវវស្សា​មូលហេតុ​មិនសូវមាន PM 2.5 ពីព្រោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ដំណក់​ទឹកភ្លៀង​បាន​កាត់​កម្រិត​នៃ​កំហាប់ PM 2.5 ធ្លាក់ចុះ​មកក្រោម​។ ប៉ុន្ដែ​ក្នុង​រដូវប្រាំង​គ្មាន​មាន​ភ្លៀង​មាន​តែ​សន្សើម មិន​​អាចមាន​សមត្ថភាព​គ្រប់គ្រង​ទាញ​កំហាប់ PM 2.5 ធ្លាក់ចុះ​បានទេ​។

លោក​បន្តថា​៖ «​ការដុត​ជញ្ជ្រាំង ចម្ការ កាកសំណល់​សំរាម ឬ​ដុត​ព្រៃ ទន្ទ្រាន​យក​ដី​ជាដើម​ក៏​ជា​ផ្នែក​មួយ​ដែល​បង្កឱ្យ​មាន​កំហាប់​ភាព​ល្អិត​និចល PM 2.5 ដែរ​។ ដូច្នេះ​ក្នុងឱកាស​នេះ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​កុំ​ដុត​ជញ្ជ្រាំង​នៅក្នុង​ស្រែ គឺ​យើង​សុខចិត្ដ​ភ្ជួរស្រែ​កប់​ជញ្ជ្រាំង​នោះ​ឱ្យ​វា​រលួយ​ឱ្យក្លាយ​ជា​ជី​ផ្ដល់​ផ្ដល់​ប្រយោជន៍​ដល់​ដីស្រែ​»​។

លោក ភក្ត្រា បានឱ្យដឹងថា ក្រសួង​បរិស្ថាន​បានរៀបចំ​ដំឡើង ស្ថានីយ​ត្រួតពិនិត្យ​​គុណភាព​ខ្យល់​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​បច្ចុប្បន្ន​បាន​ចំនួន​សរុប​ ៥១ ​ទីតាំង (​រាជធានី​ភ្នំពេញ​ ១៤​ ទីតាំង និង​នៅតាម​បណ្ដា​ខេត្ត ៣៧ ​ទីតាំង​)​។

ហើយ​នៅ​ឆ្នាំ​ ២០២១ បាន​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​ចំនួន ១០ ​ទីតាំង​បន្ថែម និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ចំនួន ១​ ទីតាំង ដែល​ស្ថិតនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

បើតាម​ក្រសួងបរិស្ថាន ស្ថានភាព​គុណភាព​ខ្យល់​ជាទូទៅ​នៅក្នុង​ទីក្រុង និង​បណ្ដា​ទីប្រជុំជន​ជាច្រើន ស្ថានភាព​គុណភាព​ខ្យល់​មិនមាន​ការប្រែប្រួល​ណា​គួរឱ្យ​កត់សម្គាល់​ចំពោះ​ប៉ារ៉ាម៉ែត្រ​មួយចំនួន លើកលែង​តែ​ភាគល្អិត​និចល PM2.5​។

យោងតាម​ក្រសួងបរិស្ថាន​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ឆ្នាំ កំហាប់ PM2.5 ជា​មធ្យម​មាន​កើនឡើង​ពី ១៣,៥៩ ​មីក្រូ​ក្រាម ក្នុង​​ ១ ​ម៉ែត្រគុប​ក្នុង​ឆ្នាំ​ ២០១៧ និង​ ១៩,២៦ ​មីក្រូ​ក្រាម ក្នុង​ ១​ ម៉ែត្រគុប ក្នុង​ឆ្នាំ​ ២០១៨ ហើយ​វា​បាន​កើន​ឡើងដល់ ២១,១២ ​មីក្រូ​ក្រាម ក្នុង​ ១ ​ម៉ែត្រគុប​ក្នុង​ឆ្នាំ ​២០១៩​។

តាម​ការព្យាករ​ការបញ្ចេញ​ឧស្ម័ន​សរុប​បង្ហាញថា នៅ​ឆ្នាំ​ ២០៣០ PM2.5 នឹង​ឈានដល់ ៩៨,៥ ​ពាន់​តោន Black Carbon ស្មើនឹង ១៤,៦ ​ពាន់​តោន SO2 ស្មើនឹង ៧ ​ពាន់​តោន NOx ស្មើនឹង ៣២៩ ពាន់​តោន និង CO2 ស្មើនឹង ៤០ ១៥០,៨ ​ពាន់​តោន​។

ក្រសួង​បញ្ជាក់ថា ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​ទៅក្នុង​បរិយាកាស​អាច​បណ្តាលឱ្យ​មាន​ផលប៉ះពាល់​ជាច្រើន​រួមមាន ផលប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស អាកាសធាតុ និង​បរិស្ថាន​។ ខណៈ​ជាទូទៅ​ប្រភព​ធំ​បំផុត​នៃ​ការបំពុល​បរិយាកាស និង​ការបំពុល​អាកាសធាតុ​រយៈពេល​ខ្លី​នៅ​កម្ពុជា គឺ​ពី​វិស័យ​គមនាគមន៍ ផលិត​អគ្គិសនី ការបំពុល​ពី​ដំណើរការ​ឧស្សាហកម្ម និង​វិស័យ​លំនៅឋាន​។ ការ​តាមដាន​ទៅលើ​ប្រភព​នៃ​ការបំពុល​បរិយាកាស​សំខាន់ៗ​បង្ហាញថា វិស័យ​លំនៅឋាន គឺជា​ប្រភព​ធំ​បំផុត​នៃ PM2.5 និង​កាបូន​ខ្មៅ​បន្ទាប់ពី​ការផលិត​ធ្យូង និង​វិស័យ​គមនាគមន៍​៕