សៀមរាបៈ ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ២៥ ខែមករា បានរួម​គ្នា​ដាំ​ដើមឈើ​ឡើងវិញ ចំនួន​ ២ ០០០ ដើម​នៅ​តំបន់​អភិរក្ស​បឹងពារាំង ព្រំប្រទល់​តំបន់​ ៣ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹង​ទន្លេសាប ស្ថិតក្នុង​ទឹកដី​ខេត្តសៀមរាប ដើម្បី​ថែរក្សា អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត​។

លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ២៥​ ខែមករា​ថា ការដាំ​កូន​ឈើ​នៅ​ខេត្តសៀមរាប​នេះ​ជាគោលការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​លោក​បានផ្តល់​កូនឈើ​ព្រៃ​លិច​ទឹក ដើម​ឫស្សី និង​ពូជ​គ្រាប់ត្នោត ដើម្បី​យកទៅ​ដាំ​នៅក្នុង​ព្រំ​ដំបន់​ ៣ និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​នៅក្នុង​ខេត្តសៀមរាប​ចំនួន ៤០ ​ហិកតា​។

លោក​ថា ផ្ទៃដី ៤០ ​ហិកតា​នេះ គឺ​ដាំ​ជា​ជំហានៗ​ដែល​ជំហាន​ដំបូង គឺ​ដាំ​ចំនួន​ ៥ ​ហិកតា ដែលមាន​កូនឈើ​ព្រៃ​លិចទឹក​ចម្រុះ​ជាង ២ ០០០ ​ដើម​។ មកដល់​បច្ចុប្បន្ន​ផ្ទៃដី​តំបន់​ ៣ ​នៃ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្តសៀមរាប មាន​ការដកហូត​បាន​ចំនួន​ជាង ២៥០០ ហិកតា​នៅក្នុង​ ៦ ​ក្រុង​ស្រុក​។

លោក​ប្រធាន​មន្ទីរ​ប្រាប់ថា ការដាំ​កូនឈើ​នេះ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​ជុំវិញ​ខេត្ត រដ្ឋបាល​សង្កាត់​ជ្រាវ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សសយក​) ខេត្តសៀមរាប​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត សរុប​ប្រមាណ ២០០ ​នាក់​។ គ្រាប់ត្នោត​ចំនួន ១២ ០០០ ​គ្រាប់​នឹង​គ្រោង​ប្រគល់​ឱ្យទៅ​បណ្តា​រដ្ឋបាល​ក្រុង​ស្រុក ឬ​សង្កាត់​យកទៅ​ដាំ​នៅតាម​ព្រំ​តំបន់​ ៣​។

លោក​បញ្ជាក់ថា​៖ «​ព្រឹក​មិញ​ (២៥​ មករា​) ​យើង​ដាំ​នៅ​ចំណុច​បឹង​ពារាំង ដែលជា​តំបន់​អភិរក្ស​មិន​ថា​ប្រភេទ​ត្រី មិន​ថា ប្រភេទ​សត្វ​ទេ គឺ​យើង​ធ្វើ​ម៉េច​ឱ្យ​ព្រៃលិច​ទឹក​ដុះ​លូតលាស់​ឡើងវិញ ដើម្បី​ការពារ​ផលប្រយោជន៍​​ធនធានធម្មជាតិ ក៏ដូចជា ការរក្សាបាន​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប​នេះ​»​។

បើតាម​លោក​ប្រធាន​មន្ទីរ​ដើមឈើ​ចំនួន ២ ០០០ ​ដើម​នោះ រួមមាន ឫស្សី ​(​ឫស្សីស្រុក និង​ឫស្សី​ពីងពង់​) ២០០​ ដើម រាំង​ទឹក​ ៣០០ ​ដើម​សណ្ដាន់​ ១ ៣០០​ ដើម និង​រំដេញ ២០០​ ដើម​។ កូនឈើ​ទាំងនោះ​ត្រូវ​ដាំ ៥ ​ម៉ែត្រ​គុណ ៥ ​ម៉ែត្រ ប្រវែង​ជួរ ៥ ​ម៉ែត្រ និង​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​មាន​ប្រវែង​ ៥​ ម៉ែត្រ​ពោលគឺ​ក្នុង​ ១ ​ហិកតា​អាច​ដាំ​បាន ៤០០ ​ដើម​។

លោក ស៊ុន គង់ បានឱ្យដឹង​ទៀតថា ជំហាន​បន្ទាប់​មន្ទីរបរិស្ថាន​គ្រោង​ដាំ​កូនឈើ​លើ​ផ្ទៃដី ៣៥ ហិកតា​ទៀត ក្នុង​ភូមិសាស្ត្រ​ ៦ ​ក្រុង​ស្រុក​នៃ​ខេត្តសៀមរាប ប៉ុន្តែ​មិនទាន់​កំណត់​ទីតាំង​ច្បាស់លាស់​នៅឡើយ​ទេ​។ ការដាំ​ដើមឈើ​លើក​ក្រោយនេះ​នឹង​ដាំ​នៅពេល​រដូវភ្លៀង​ជោកជាំ​មកដល់​ដោយឡែក​កូនឈើ​ដែល​បាន​ដាំ​រួចរាល់​នេះ​ក៏មាន​ការថែទាំ​ដោយ​ធ្វើការ​ស្រោច​ទឹក​ក្នុង​ ១​ ខែ ​៣ ​ដង​ផងដែរ​។

យោងតាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ ២៨ ខែវិច្ឆិកា ២០២១ បញ្ជាក់ថា ត្រូវ​ដកហូត​ដី​ដែល​បាន​កាប់​រុករាន​រំលោភ​កាន់កាប់​ខុសច្បាប់ និង​ត្រូវ​ដាំ​ឫស្សី និង​កូនឈើ​ព្រៃលិច​ទឹកជា​ច្រើន​ប្រភេទ​ឡើងវិញ រួមមាន​ឫស្សី ពីងពង់ ឫស្សីស្រុក ឫស្សីព្រៃ ដើម​រាំងទឹក ដើម​រំដេញ ដើម​ល្វា ដើម​តង្កៀបក្តាម និង​សណ្តាន់​លើ​ផ្ទៃដី​ដែល​បាន​ដកហូត​សរុប​ទំហំ ៤៧ ០១៤,៦៩ ហិកតា ក្នុងភូមិសាស្ត្រ​ខេត្ត​ចំនួន​ ៥ ​មាន​ខេត្តកំពង់ឆ្នាំង​ទំហំ ២៧៨៣៨,១៤ ហិកតា​ត្រូវ​ដាំ​ស្តារ​សាកល្បង​ទំហំ​ ៥០​ ហិកតា ខេត្ត​កំពង់ធំ​ទំហំ ៩ ១០៩,៧៩ ហិកតា​ត្រូវ​ដាំ​ស្តារ​សាកល្បង​ទំហំ​ ៤៥ ហិកតា ខេត្តសៀមរាប ទំហំ ២ ២៤៨,៦១ ហិកតា ត្រូវ​ដាំ​សាកល្បង​ទំហំ​ ៤០ ហិកតា ខេត្តបាត់ដំបង​ទំហំ ៤ ៣៤៧,១៥ ហិកតា​ត្រូវ​ដាំ​ស្តារ​សាកល្បង​ទំហំ​ ៤០ ហិកតា និង​ខេត្តបន្ទាយមានជ័យ​ទំហំ ៣ ៤៧១,០០​ ហិកតា ត្រូវ​ដាំ​ស្តារ​សាកល្បង​ទំហំ​ ២៥ ហិកតា​។

លោក លី សំរិទ្ធិ អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​បាន​ថ្លែង​នៅ​ថ្ងៃទី ២៥ ខែមករា​ថា ខេត្តសៀមរាប​បាន​ធ្វើការ​ដាំ​កូនឈើ​ឡើងវិញ​នៅក្នុង​តំបន់​ ៣ ជា​បន្តបន្ទាប់​ដូច​ខេត្ត​ផ្សេងៗ​នៅជាប់​តំបន់​បឹង​ទន្លេសាប​ផងដែរ​។

លោក​ លី សំរិទ្ធិ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បានប្រគល់​ដី​ជូន​រដ្ឋ​វិញ​ជា​បន្តបន្ទាប់​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​បាន​ប្រមាណ ២ ៦០០ ហិកតា​ហើយ​។ ដី​នេះ​នឹងត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​ ព្រោះ​ជាទី​ដី​ដែល​អស់​ព្រៃ​ដោយសារ​កន្លងមក​ពលរដ្ឋ​បាន​ទន្ទ្រាន​យក​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​ផ្ទៃដី​ដែល​យើង​យកបាន​វិញ​ហ្នឹង គឺ​ត្រូវ​ដាំ​កូនឈើ​ឡើងវិញ​ឱ្យបាន​ពេញ ព្រោះ​ផ្ទៃដី​នេះ​ជា​ដី​ដែល​អស់​ព្រៃ ដែល​ពលរដ្ឋ​កាប់​រាន​កន្លងមកហើយ​ធ្វើការ​បង្កបង្កើនផល​អ៊ីចឹងទៅ​។ ឥឡូវ​គាត់​មក​ប្រគល់ឱ្យ​អាជ្ញាធរ​វិញ​ហើយ ចំនួន ២ ៦០០ ហិកតា ហើយ​នៅមាន​បន្តបន្ទាប់​ទៀត វា​មិនទាន់​អស់​ទេ​នៅមាន​តិចៗ​បន្ត​បន្ទាប់មក កើនឡើង ៤-៥ ​ហិកតា ៤-១០ ​ហិកតា​ក្នុង​ ១​ ថ្ងៃ​»៕