កំពង់ស្ពឺៈ​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កំពុង​សិក្សា​ទីតាំង​ស្ថិតនៅ​ចន្លោះ​រវាង​ឃុំ​តាសាល និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​សាងសង់​អាង​ស្តុក​ទឹក​ថ្មី ដែល​អាច​ផ្ទុក​ទឹកបាន​យ៉ាងហោច​ជាង​ ១០០​ លាន​ម៉ែត្រគុប និង​ផ្តល់​ប្រយោជន៍​ជាច្រើន​សម្រាប់​ស្រោចស្រព​ដី​កសិកម្ម បំពេញ​តម្រូវការ​ផ្នែក​ឧស្សាហកម្ម និង​ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែមករា ថា រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានបង្ហាញ​ទីតាំង​ភូមិសាស្ត្រ​ជូន​ក្រសួង​ធនធានទឹក និង​ម្ចាស់​គម្រោង ដើម្បី​សាងសង់​អាង​ស្តុក​ទឹក​ថ្មី ស្ថិតនៅ​ចន្លោះ​ឃុំ​រស្មីសាមគ្គី និង​ឃុំ​តាសាល ស្រុក​ឱរ៉ាល់​។ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឱ្យ​ពន្លឿន​ក្នុង​ការសិក្សា​ទីតាំង​នេះ​ដើម្បី​ឆាប់​បាន​អនុវត្ត​គម្រោង​សាងសង់ ដើម្បី​បម្រើ​ផលប្រយោជន៍​ទូទៅ​។

លោក​ថ្លែងថា៖ «​ប្រទេស​យើង​មាន​សុខសន្តិភាព​ហើយ អត់​មាន​រវល់​តែ​ទៅ​រត់លូន​ឯណា​ទៀត​ទេ អ៊ីចឹង​ឱ្យ​គាត់​ពន្លឿន​ការងារ​សិក្សា​គម្រោង​ហ្នឹង​។ ការដាក់​នៅ​ទីតាំង​ហ្នឹង គឺ​អាជ្ញាធរ​គាំទ្រ ១០០ ភាគរយ​ប្រជាពលរដ្ឋ​អរ​សប្បាយ​ជាមួយនឹង​គម្រោង​នេះ​។ គាត់​ (​មន្ត្រី​ក្រសួង​) ធ្លាប់​ចុះមក​មើល​ច្រើនដង​ហើយ នៅពេល​គាត់​ពេញចិត្ត​ហើយ ទើប​គាត់​មក​ហៅ​អាជ្ញាធរ​យើង​ទៅ​ចូលរួម​ពិនិត្យ​បន្ថែម​» ។

លោក​អភិបាលខេត្ត​ប្រាប់ថា បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ​មាន​អាង​ស្តុក​ទឹក ទំនប់ និង​ប្រឡាយ​សរុប​នៅ​ទូទាំង​ខេត្ត​មាន​ចំនួន ៣៧៤ ​ទីតាំង​។ ដោយឡែក​អាង​ស្តុក​ទឹក​ថ្មី​នេះ​អាចមាន​សមត្ថភាព​ស្តុក​ទឹកបាន​ចំនួន​ប្រមាណ ១៥០ ​លាន​ម៉ែត្រគុប បើសិនជា​ដំណើរការ​ទៅបាន​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ជា​អតិបរមា​។

លោក វ៉ី សំណាង បញ្ជាក់ថា ប្រយោជន៍​សំខាន់​ទី​ ១ ​គឺ ការពារ​ពី​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង ដែល​កន្លងមក​ខេត្ត​កំពង់ស្ពឺ​ក៏ដូចជា​ខេត្ត​ដែល​ស្ថិត​នៅតាម​សណ្ត​ស្ទឹង ព្រែក​ត្នោត ពិសេស​រាជធានី​ភ្នំពេញ​តែងតែ​រង​នូវ​ការយាយី​នៃ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់ ហើយ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ រងគ្រោះ​ខូចខាត​ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។

ដោយសារតែ​ទី​រងទឹក​ភ្លៀង​ខេត្តកំពង់ស្ពឺ​មាន​រហូតដល់​ ៣ ​ស្រុក គឺ​ស្រុក​ឱរ៉ាល់ សំរោងទង និង​ភ្នំស្រួច ហេតុនេះ​ទឹកធ្លាក់​មក​តែ​ ១​កន្លែង​ធ្វើឱ្យ​ហូរ​មិនទាន់ បើសិន​យើង​គ្មាន​ទំនប់​ស្ទាក់​ទឹក​ទេនោះ ទឹកនឹង​ហូរ​លឿន​ធ្វើឱ្យមាន​បញ្ហា​ជន់​លិច​។

លោក​អភិបាលខេត្ត​ថ្លែងថា៖ «​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​ផ្នែក​ខាងលើ អ៊ីចឹង​យើង​ទប់​នៅ​ខាងលើ​ហ្នឹង ទប់​នៅ​កន្លែង​ផ្ទៃ​រងទឹក​ភ្លៀង​ហ្នឹង យើង​ធ្វើ​ទំនប់​ក្បែរ​ហ្នឹង អ៊ីចឹង​នៅពេល​ភ្លៀង​មក​ជន់​តំបន់​ហ្នឹង យើង​មាន​អាង​ហ្នឹង​ស្តុក​ទុក​ទឹក​នៅ​ទីនោះ ហើយ​យើង​បើក​វា​តាម​តម្រូវការ​របស់​យើង អ៊ីចឹងទៅ យើង​នឹង​អាច​បញ្ចៀស​បាន​នូវ​ការ​ជន់​លិច​លឿន​បាន​» ។

លោក​ថា កំពង់ស្ពឺ​មានទឹក​ស្រោចស្រព​ផ្នែក​កសិកម្ម​មាន​តិចតួច ប៉ុន្តែ​ជា​តំបន់​ដែល​សម្បូរ​ខាង​ផ្នែក​ឧស្សាហកម្ម ដែល​ត្រូវការ​ទឹក​ប្រើប្រាស់​ច្រើន​ជា​ចាំបាច់​។ ក្រៅពី​ជួយ​ការពារ​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ទៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​តាកែវ អាង​ស្តុក​ទឹក​ថ្មី​នេះ ក៏​នឹង​អាចជួយ​ការពារ​ការបាត់បង់​ព្រៃឈើ​ផងដែរ ព្រោះ​ការធ្វើ​អាង​ស្តុក​ទឹក​នេះ​នឹង​បិទផ្លូវ​ចេញចូល​មិនឱ្យ​ជន​ប្រព្រឹត្ត​បទល្មើស​អាច​ចេញចូល​កាប់​ឈើ​បានឡើយ​។

លោក​ថ្លែងថា៖ «​កន្លែង​ហ្នឹង​បើសិនជា​យើង​ធ្វើ​ហើយ យើង​អាច​ទប់​ទឹកបាន ហើយ​ព្រៃឈើ​សត្វព្រៃ​អី​នៅ​ជុំវិញ​ហ្នឹង​រឹតតែ​ប្រសើរឡើង ព្រោះ​យើង​ធ្វើ​ចំ​ជ្រលង​ដែល​ធ្វើឱ្យ​ជន​ខិលខូច​មួយចំនួន ដែល​ចេះតែ​ចូលទៅ​លួច​កាប់​ឈើ​នៅ​ខាងក្នុងៗ នៅពេល​ដែល​យើង​បិទ​ទំនប់​ហ្នឹង​ភ្លាម គឺ​អ្នក​ដែល​ចូល​កាប់​ឈើ​ខាងក្នុង​ហ្នឹង លែងមាន​ផ្លូវចេញចូល​បាន​ទៀតហើយ​» ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​ថ្លែង​នៅ​ថ្ងៃទី​ ២៦ ខែមករា​ថា មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ម្ចាស់​គម្រោង ទើបបាន​ចុះទៅពិនិត្យ​ដល់​ទីតាំង​កាលពី​ថ្ងៃទី​ ២៥ ខែមករា ដើម្បី​សិក្សា​បឋម ចំពោះ​ទំហំ ប្រវែង និង​ការសាងសង់​ត្រូវ​រៀបចំ​យ៉ាងណា​ខ្លះ​នោះ នៅ​មិនទាន់មាន​ការសម្រេច​នៅឡើយ​។

លោក​ថ្លែងថា៖ «​ម្ចាស់ជំនួយ​គេ​អត់​ទាន់​និយាយថា ម៉េច​ទេ ព្រោះ​គេ​កំពុង​សិក្សា​មើល​ដែរ មើល​សក្តានុពល​វា ថា​តើ​វា​មាន​អាទិភាព​យ៉ាងម៉េច សិក្សា​អំពី​ផលប៉ះបាល់​បរិស្ថាន សិក្សា​ពី​សង្គម​ថែមទៀត​»​។

លោក​ ចាន់ យុត្តថា អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្លែង​នៅ​ថ្ងៃទី​ ២៦ ខែមករា​ថា​ក្រោយពី​បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ឃើញថា ទីតាំង​នោះ​មាន​អំណោយផល​សម្រាប់​សាងសង់​អាង​ស្តុក​ទឹក ដោយសារ​ទីនោះ​មិនមាន​ប៉ះពាល់ និង​មាន​ជួរ​ភ្នំ​ព័ទ្ធជុំវិញ​។ ហេតុនេះ​គ្រាន់តែ​លើក​ទំនប់​បន្ថែម​ក្នុង​រង្វង់​ ៥០០ ​ម៉ែត្រ​តភ្ជាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ ​១ នឹង​បង្កើតបានជា​អាងទឹក​ ១​។

លោក​ប្រាប់ថា ក្រោយពី​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ភាគី​ពាក់ព័ន្ធ​ប្រមូលបាន​ទិន្នន័យ​មួយចំនួន សម្រាប់​ធ្វើការ​ពិភាក្សា​គ្នា​អំពី​ជំហាន​បន្ទាប់​ថា​នឹង​ត្រូវធ្វើ​អ្វី​បន្តទៀត​។ លោក​ថ្លែងថា ចាប់ពី​ថ្ងៃទី​ ២៧ ខែមករា តទៅ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ពិភាក្សា​គ្នា​ជាមួយ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ដើម្បី​លម្អិត​ការងារ​នេះ​បន្ថែមទៀត​។

លោក​ថ្លែងថា៖ «​បើ​យើង​លើក​ក្នុង​កម្រិត​មួយ​ឱ្យ​លិច​លើ​ផ្ទៃដី​ប្រមាណ​ប្រហែលជា​ ៥,៧ ឬ​ ៥,៨ គីឡូម៉ែត្រ​ការ៉េ​ក្រិត​កម្ពស់​បណ្តោយ​លិច​ប្រហែល​ប៉ុណ្ណឹង​យើង​បាន​ទឹក​ប្រហែលជា​ក្នុង​រង្វង់ ១១០ លាន​ម៉ែត្រគុប តែបើ​យើង​លើក​ក្រិត​ឱ្យ​ខ្ពស់​បន្តិចទៀត ឱ្យ​ផ្ទៃដី​ហ្នឹង​លិច​ក្នុង​រង្វង់ ១៣ ​គីឡូម៉ែត្រ​ការ៉េ យើង​បាន​ទឹក​ប្រហែលជា​ ២២០ ទៅ​ ២៣០ ​លាន​ម៉ែត្រគុប​»៕