ស្ទឹងត្រែងៈ បុរស​ម្នាក់​ត្រូវបាន​តុលាការខេត្ត​ស្ទឹងត្រែង​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​សំណុំរឿង​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស​អន្លង់​ត្រី​មេពូជ​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២២​។

លោក ស្រី សមវិចិត្រ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា បុរស​ជាប់ចោទ​ក្នុង​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់​ក្នុងករណី​ខាងលើនេះ ឈ្មោះ​ ឌិត ស៊ីថូង អាយុ​ ៣៧​ ឆ្នាំមាន​លំនៅ​ភូមិ​ដនឡូង ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃ​ពុធ​សប្ដាហ៍​មុន ខណៈ​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ត្រី​ក្នុង​តំបន់​អភិរក្ស​អន្លង់​ត្រី​មេពូជ ដោយ​ប្រើ​ឧបករណ៍​ឆក់​នៅតាម​ដង​ទន្លេសេកុង ក្នុង​ភូមិសាស្ត្រ ភូមិ​ដនឡូង​ ឃុំ​សេកុង​»​។

បើតាម​លោក សមវិចិត្រ ក្នុងអំឡុងពេល​នៃ​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល ​ដែលមាន​ការចូលរួម​សហការ​ពី​ប្រជាសហគមន៍​នេសាទ និង អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សេកុង​បាន​ចាប់​រឹបអូស​វត្ថុតាង​មួយចំនួន​ដែល​ក្នុងនោះ​រួមមាន ត្រីត្រសក់ (ProbarbusLabeamajor) ចំនួន​ ៤ ​ក្បាលមាន​ទម្ងន់​សរុប​ ១២,៣៥ ​គីឡូក្រាម (​ងាប់​) អាគុយ​កម្លាំង​ ៧០ ​អំពែ ចំនួន​ ២ ​គ្រឿង ដុំ​ឆក់ [​អាំងឌុចទ័រ​] ១ ​គ្រឿង និង កាណូត​ ១ ​គ្រឿង ដែលមាន​ម៉ាស៊ីន​កម្លាំង​ ១៨ ​សេះ​ខ្សែកាប​ចំនួន ​១២ ​ខ្សែ ខ្សែភ្លើង​ប្រវែង​ ៣ ​ម៉ែត្រ ថ្នង​ដងត្រី ១​ គ្រឿង និង​ពិល​ឆ្លុះ​ ១ ​គ្រឿង​។

លោក សមវិចិត្រ បាន​ថ្លែង​ទៀតថា​៖ «​ជនសង្ស័យ​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​នាំយកទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​តាម​មាត្រា​ ៩៨ នៃ​ច្បាប់​ជលផល​»​។

យោងតាម​មាត្រា ​៩៨ នៃ​ច្បាប់​ជលផល ជនសង្ស័យ​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ៣ ​ឆ្នាំទៅ ៥ ​ឆ្នាំ ហើយ​វត្ថុតាង​នៃ​បទល្មើស​ត្រូវ​រឹបអូស​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។

ទន្ទឹមនឹងនេះ លោក សមវិចិត្រ បាន​ថ្លែង​ឱ្យដឹងទៀតថា​បទល្មើស​នេសាទ​ត្រី​ក្នុង​តំបន់​អភិរក្ស អន្លង់​ត្រី​មេពូជ និង អន្លង់​ផ្សោត ដែល​បាន​កើតឡើង​នាពេល​ថ្មីៗ​នេះ​បាន​បង្កឱ្យមាន​ក្តីកង្វល់​ជាខ្លាំង ចំពោះ​ការបាត់បង់​នូវ​ប្រភេទ​ត្រី​កម្រ​មួយចំនួន ដែល​កំពុង​ប្រឈម​ជិត​ផុត​ពូជ​ពី​តំបន់​ទឹកសាប​នៅ​កម្ពុជា ដូចជា​ត្រី​ប៉ាវ៉ា (BanganaHeri) ត្រី​ប៉ាសេអ៊ី ​(MekonginaErythrospila) ត្រី​គល់រាំង (Giant Fish)... និង ត្រី​ត្រសក់ រួមទាំង​សត្វ​ផ្សោត​ទន្លេមេគង្គ​ផងដែរ​។ ជាក់ស្ដែង កាលពីដើម​ខែមករា​កន្លង​ទៅ​ថ្មីៗ​នេះ ទាំង​អ្នកភូមិ​ និង​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ប្រទះឃើញ​សត្វ​ផ្សោត ១ ​ក្បាល​មាន​ជាប់​មង​នៅ​ផ្នែក​កន្ទុយ​របស់​វា ដែល​ផ្សោត​នោះ​គឺ​ផ្សោត​ ១ ​ក្បាល​ចុងក្រោយ​ក្នុង​តំបន់​អន្លង់​ផ្សោត​ឃុំ​ព្រះ​រំកិល​នៃ​ស្រុក​បុរីអូរស្វាយសែនជ័យ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​មន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​សត្វ​ផ្សោត​ថ្នាក់ជាតិ និង​អ្នកជំនាញការ​សត្វ​ផ្សោត​អន្តរជាតិ ផ្សោត​ ១​ ក្បាល​ដែលមាន​មង​ជាប់​កន្ទុយ​របស់​វា​នោះ​នឹងមិន​អាចមាន​ជីវិត​រស់នៅ​បានយូរ​នោះទេ ហើយ​គ្មាន​មធ្យោបាយ​ក្នុងការ​ជួយសង្គ្រោះ​វា​បានដែរ​»​។

ជាមួយ​គ្នានេះ លោក សមវិចិត្រ ក៏បាន​អំពាវនាវ​សូមឱ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​កិច្ចការពារ​ធនធាន​មច្ឆជាតិ​ទឹកសាប នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​បញ្ឈប់​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់ប្រភេទ និង បញ្ឈប់​ការនេសាទ​ក្នុង​តំបន់​អភិរក្ស​អន្លង់​ត្រី​មេពូជ និង​អន្លង់​ផ្សោត​៕